គំនិតឡឺកឺ ៖ ឆ្កែ ! ឆ្កែ !
ភ្នំពេញ៖នៅក្នុងភាសានិយាយរបស់ខ្មែរប្រសិនបើគេដៀលមនុស្សម្នាក់ថា <អ្នកឯងបាត់បង់ចរឹកជាមនុស្សហើយ> នោះគឺមានន័យថាគេដៀលអ្នកនោះថា ជាសត្វឆ្កែរួចជាស្រេចហើយគ្រាន់តែគេប្រើភាសាមិនឲ្យធ្ងន់ពេកប៉ុណ្ណោះ ។
ឆ្កែទោះបីសាច់វាមានកាឡូរីខ្ពស់ ហើយបើគេបង្វិលវាជាមួយទឹកប្រហុក ឬ ការី ឬក៏ម្ជូរគ្រឿងអង្ក្រងឆ្ងាញ់ក៏ពិតមែនក៏វានៅតែជាប្រភេទសត្វដែលគេចាត់ទុកថាថោកទាប ។ អញ្ចឹងហើយទើបគេមិនឲ្យមនុស្សប្រកាន់ចរឹកជាសត្វឆ្កែនោះ ។
វាជាប្រភេទសត្វលោភលន់ដែលមានមហិច្ឆតារខ្ពស់ ។បានត្រីហើយចង់សាច់មាន់ បានសាច់មាន់ហើយចង់សាច់គោ លុះបានសាច់គោហើយនៅទាមទារចង់បានសាច់ដំរីទៀតផង ។
មានរឿងនិទានមួយពីឆ្កែតែឆ្កែនោះមានសំណាងបានស្គាល់ព្រះឥន្ទ្រាធិរាជ។ ស្គាល់នេះគឺស្គាល់ដោយជិដិតមែនទែនរហូតដល់ពឹងពាក់ព្រះឥន្ទ្រាធិរាជបានទៀតផង ។ឆ្កែតែងតែសំគាល់ថាកើតជាមនុស្សពិតជាមានន័យណាស់ព្រំទាហ៊ឺហារទៀតផង ។ឃើញបែបនេះឆ្កែក៏សុំព្រះឥន្ទ្រាធិរាជឲឲ្យជួយខ្លួនបានកើតជាមនុស្ស ។
ដោយសារតែការរាប់អានព្រះឥន្ទ្រាធិរាជក៏ជួយឆ្កែឲ្យបានកើតជាមនុស្សតាមបំណងរបស់វា។ កើតជាមនុស្សបានមួយខណៈឆ្កែនឹកថាជាមនុស្សនៅមិនទាន់អស្ចារ្យនោះទេ វាក៏សុំទៅព្រះឥន្ទ្រឲ្យជួយវាបានក្លាយជាមេឃុំ ។ព្រះឥន្ទ្រក៏មិនទើសទាល់អ្វីដែរក៏សម្រេចចិត្តជួយឆ្កែនោះឲ្យបានជាមេឃុំតាមប្រាថ្នា ។
ដោយក្ដីលោភលន់ឆ្កែនោះនៅមិនទាន់ស្ងប់ចិត្តជាមួយនឹងអំណាចជាមេឃុំឡើយ។ វានៅតែបន្តសុំឲ្យព្រះឥន្ទ្រជួយពីមេឃុំទៅមេខេត្ត ។ស្មានតែបានមេខេត្តហើយឆ្កែនោះស្ងប់ចិត្តវាបន្តឲ្យព្រះឥន្ទ្រាធិរាជជួយឡើង ជារដ្ឋមន្ត្រីគ្រប់គ្រងខេត្ត ទីបំផុតឆ្កែបានឡើងតំណែងជាអ្នកដឹកនាំប្រទេស ។
កាន់កាប់តំណែងកំពូលបែបនេះហើយអាឆ្កែលោភលន់នេះមិនស្ងប់ចិត្តនោះទេ វាបានទៅជួបព្រះឥន្ទ្រទាំទឹកមុខក្រៀមក្រំថាធ្វើជាអ្នកដឹកនាំប្រទេសហត់ណាស់គ្នាចង់សុំឲ្យព្រះឥន្ទ្រឯងជួយឲ្យធ្វើជាទេវតា ដើម្បីបាននៅជិតព្រះឥន្ទ្រគ្រាន់នឹងជួយការងារខ្លះគ្រាន់ទុកជាការថ្លែងអំណរគុណ ។
ព្រះឥន្ទ្រគិតថាអាសត្វឆ្កែនេះចេះដឹងគុណដឹងទោសដែរតើ ហើយព្រះឥន្ទ្រក៏ជួយឲ្យបានក្លាយជាទេវតាមែន។បានមកនៅជិតព្រះឥន្ទ្រឆ្កែនេះតែងតែសង្កេតមើលពីការងារព្រះឥន្ទ្រ លួចសរសើរថាជាព្រះឥន្ទ្រអស្ចារ្យណាស់ហ្ន គ្រប់គ្រងស្ថានសួគ៌គ្រប់ជាន់ទាំងអស់ហើយ មានអំណាចពេញទាំងចក្រវាឡ និង ជម្ពូរទ្វីបតែម្ដង ។
អាឆ្កែលោភលន់មួយក្បាលនេះក៏ឡើងទៅទូលព្រះឥន្ទ្រសុំឲ្យព្រះឥន្ទ្រជួយវាឲ្យក្លាយជាព្រះឥន្ទ្រដែរ ។សំដីឆ្កែបែបនេះបានធ្វើឲ្យព្រះឥន្ទ្រហើបគូទពីបល្ល័ង្គហើយក៏និយាយដោយទឹកមុខស្មើថាមិនថ្វីទេម្នាលឆ្កែ ។ថាតែប៉ុណ្ណេះព្រះឥន្ទ្រក៏ធាក់ឆ្កែមួយជើងទម្លាក់មកស្ថានកណ្ដាលវិញហើយបន្តជីវិតជាឆ្កែឡើងវិញដូចដើមទៅ ។
សម្រាប់មនុស្សដែលមានចរឹកដូចអាសត្វឆ្កែមួយក្បាលនេះសុំកុំយកខ្លួនបៀត ព្រោះនេះជាចរឹកដែលអាណាងាប់ ក៏ ងាប់ទៅឲ្យតែអញរស់និងមានអំណាច ។ក្ដីលោភលន់ហួសព្រំដែនបានត្រឹមតែប៉ុណ្ណឹងឯង ។ឆ្កែគឺត្រូវបន្តចុះមកស៊ីអាចម៍នៅស្ថានកណ្ដាលហើយស្រួលមិនស្រួលត្រូវគេចាប់យកទៅបង្វិលជ្រលក់ទឹកប្រហុកក្លែមទឹកត្នោតជូរហើយ ៕