ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​តម្កល់​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ទុកជាបានការ​ពេញ​ទាំងមូល 

62

 

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អ្នកនាំពាក្យ គ​.​ជ​.​ប នៅ​ថ្ងៃទី​២៥​ខែធ្នូ ឆ្នាំ​២០២០ បានចេញ សេចក្តីប្រកាស​ព័ត៌មាន​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​តម្កល់​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ទុកជាបានការ​ពេញ​ទាំងមូល​។​

​នៅថ្ងៃនេះ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល លិខិត​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ដោយ​ជូនដំណឹង​ថា បណ្តឹង​ចំនួន ៩៥ របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ប្តឹងតវ៉ា​នឹង​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ដោយ​សុំ​លុបឈ្មោះ​ប្រជាពលរដ្ឋ​ចេញពី​បញ្ជី​បោះឆ្នោត​ដំបូង ត្រូវបាន​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​តម្កល់​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ទុកជាបានការ​ពេញ​ទាំងមូល​។

​ឯកឧត្តម សោម សូ​រី​ដា អគ្គលេខាធិការរង គ​. ជ .​ប តំណាង គ .​ជ . ប ១​រូប ដែល​បាន​ចូលរួម​ឆ្លើយបំភ្លឺ ក្នុង​សវនាការ​នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​មានប្រសាសន៍ថា​ការចេញ​សេចក្តីសម្រេច របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​បាន​តម្កល់​សេចក្តីសម្រេច​របស់ គ .​ជ .​ប ទុកជាបានការ​ពេញ​ទាំងមូល​នេះ មានន័យថា​រាល់​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ទាក់ទង​នឹង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​បញ្ជី​បោះឆ្នោត​ដំបូង គឺជា សេចក្តីសម្រេច​ត្រឹមត្រូវ​តាម​ទម្រង់ និង​គតិ​ច្បាប់​។​

​ទន្ទឹមនឹងនេះ ក្រុមការងារ គ​.​ជ​.​ប ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ីង ធី​ឬ​ទ្ធិ សមាជិក គ​.​ជ​.​ប បាន​ចូលរួម បំភ្លឺ​នៅ​គ្រប់​ដំណាក់កាល​នៃ​ការកោះហៅ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​នេះ នាំឱ្យ គ​.​ជ​.​ប មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រៀបចំ​ផ្តល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ និង​ផ្សព្វផ្សាយ​ជា​ផ្លូវការ​។​

​បញ្ជី​បោះឆ្នោត​ផ្លូវការ​នឹងត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១០​ព្រឹក ហើយគ .​ជ​. ប នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ជា​សាក្សី នៃ​ការផ្សព្វផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​នេះ​។​

​សូមបញ្ជាក់ថា បើតាម​សេចក្តីប្រកាស​ព័ត៌មាន អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន ជ្រាបថា នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បិទ​បញ្ចប់​នូវ​សំណុំរឿង ចំនួន ៩៥​បណ្តឹង របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្តឹងតវ៉ា​នឹង​សេចក្តីសម្រេច របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​សុំ​លុបឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន ២៧៣៣​នាក់ ចេញពី​បញ្ជី​បោះឆ្នោត​ដំបូង​។ បណ្ដឹង​ទាំង ៩៥​នេះ បានសម្រេច​នៅក្នុង សវនាការ​ជា​សាធារណៈ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០(២៨​បណ្តឹង​) ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ ២០២០ (២៣​បណ្តឹង​) និង​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០(៤៤​បណ្ដឹង​)​។​

​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​តម្កល់​សេចក្តី​ម្រេច​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចំនួន ២៨​បណ្តឹង និង​សម្រេច​ច្រានចោល​បណ្តឹង ចំនួន ៦៧​បណ្តឹង (​ដោយ​មូលហេតុ ដើមបណ្តឹង​បោះបង់​បង​ដោយ​អវត្តមាន​នៅពេល​សវនាកា​រ​)​។​

​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្ត​ទៅលើ​អំណាច​ទាំងអស់​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះផ្សាយ ក្នុង​រាជកិច្ច​៕​

អត្ថបទដែលជាប់ទាក់ទង