ប្រធានក្រុមការងារគណៈបក្ស ចុះជួយ ខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំឆ្នាំរបស់គណៈកម្មាធិការបក្សខេត្ត
ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណៈបក្សចុះជួយខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំរបស់គណៈកម្មាធិការបក្សខេត្ត ។
នៅក្នុងរបាយការណ៍បូកសរុបរបស់គណៈបក្សខេត្ត បានឱ្យដឹងថាក្នុងឆ្នាំកន្លងមក ថ្វីត្បិតតែខេត្តឧត្តរមានជ័យទទួលរងផលប៉ះពាល់ពី covid-19 និងគ្រោះធម្មជាតិ
ដោយខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ក៏ខេត្តឧត្តរមានជ័យ ខិតខំជំនះរាល់ការលំបាក សម្រេចបាននូវសមិទ្ធិផលធំៗដូចជា៖
១. រក្សាបានសុខសន្តិភាពទាំងនៅក្នុងភូមិសាស្ត្រ និងតំបន់ព្រំដែន ។
២. ការបង្កបង្កើនផល ធ្វើស្រែបាន ៩៥,៧៨៦ហត ស្មើ១០០ភាគរយនៃផែនការឆ្នាំ ដំណាំឧស្សាហកម្មនិងដំណាំរួមផ្សំ ៦២,៨៤៦ហតស្មើ១០០%លើផែនការឆ្នាំ។
៣. អនុវត្តតាមកម្មវិធីរនស់រាជរដ្ឋាភិបាល ខេត្តបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះបាន ១១,១៣៤គ្រួសារ សរុបថវិកា ១១,០៦៨,៦៩២,០០០៛
ឧបត្ថម្ភគោលនយោបាយគាំពារសង្គមចំពោះស្ត្រីមានផ្ទៃពោះ ១,០៧៣នាក់ និងកុមារអាយុក្រោម២ឆ្នាំ ៤២៦នាក់ សរុបថវិកា ៦៧១,៣២០,០០០៛។
គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ១,៧៩៤ គ្រួសារ បានទទួលអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី តាមរយៈ ឯកឧត្តម គន់ គីម ប្រធានក្រុមការងារ ។
ដោយឡែក ឯកឧត្តម គន់ គីម បានឧបត្ថម្ភ អង្ករ ២០០តោន ក្រម៉ា ២ម៉ឺន និងសម្ភារៈពេទ្យ សរុបជាថវិកាទាំងអស់ជាង ៥០០លាន។
៤. ក្រុមការងារ និងគណៈបក្សបានចុះធ្វើសកម្មភាពនៅមូលដ្ឋានចុះតាមខ្នងផ្ទះជួយដោះស្រាយរាល់ការលំបាកជូនពលរដ្ឋបាន ១,៨៩៣លើកចំណាយថវិកា ១,៩៧២,៤១០,២០0៛ និង ៥៣,១៧០$។
៥. ពលករឆ្លងដែន ៥០,០៩៦នាក់ត្រូវបានត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក្ក ៨,៣៧៣នាក់ អ្នកក្រៅពីនេះបានបញ្ជូនទៅធ្វើចត្តាឡីស័ក្កនៅតាមបណ្តាខេត្ត។
មានប្រសាសន៍ណែនាំដល់អង្គប្រជុំ
ក្នុងនោះឯកឧត្តម គន់ គីម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន ក្នុងឆ្នាំកន្លងមក និងលើកសសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ថ្នាក់ដឹកនាំគណៈបក្ស និងសមាជិកបក្ស
ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារបក្ស។ ជាមួយលទ្ធផលដែលសម្រេចបានយើងក៏នៅមានបញ្ហាប្រឈមខ្លះដែលត្រូវរួមគ្នាដោះស្រាយ ដូចជាបញ្ហា covid-19 ទំនាស់ដីធ្លីដែលនៅមិនទាន់បានដោះស្រាយ។
សម្រាប់ការងារអនុវត្តបន្ត លោក បានជំរុញឱ្យក្រុមការងារ និងគណៈបក្សគ្រប់ថ្នាក់ត្រូវអនុវត្តតាមទិសដៅឆ្នាំ២០២១ របស់គណៈបក្សខេត្ត ដោយយកចិត្តទុកដាក់លើការងារសំខាន់ៗដូចខាងក្រោម៖
១. បន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជម្រុញការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទប់ស្កាត់ បង្ក្រាបការជួញដូរ ប្រើបា្រស់គ្រឿងញៀន និងបទល្មើសនានា។
២. ជម្រុញការពង្រឹង និងអនុវត្តច្បាប់ ចាត់វិធានការបង្ក្រាបរាល់សកម្មភាពណាដែលប់ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។
៣. បន្តផ្សព្វផ្សាយ ជម្រុញការអនុវត្តវិធានការ ការពារជំងឺCovid-19 របស់ក្រសួងសុខាភិបាល គ្រប់គ្រងត្រួតពិនិត្យពលករឆ្លងដែន និងដាក់អោយធ្វើចត្តាឡីស័ក្កអោយបានត្រឹមត្រូវ។
៤. គណៈបក្សគ្រប់ថ្នាក់ និងក្រុមការងារ ត្រូវចាត់តាំងធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ដើម្បីពង្រឹងការងារគ្រប់គ្រងសមាជិកបក្ស
៥. ក្រុមការងារ និង គណៈបក្សគ្រប់ថ្នាក់ត្រូវបន្តចុះទៅមូលដ្ឋាន និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់ពួកគាត់បានទាន់ពេលវេលា។
ជាមួយគ្នានោះ លោក ប្រធានក្រុមការងារ បានជូនពរដល់ក្រុមការងារ ថ្នាក់ដឹកនាំគណៈបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណៈបក្សក្នុងឱកាសចូលឆ្នាំសកលខាងមុខនេះ៕