អភិបាលខណ្ឌច្បារអំពៅ ដាក់ផែនការអោយចៅសង្កាត់ត្រូវយកចិត្តទុកដាក់លើការងារភូមិ សង្កាត់មានសុវត្ថិភាព
ភ្នំពេញ ៖ ដើម្បីពង្រឹងការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌអោយបានល្អប្រសើរឡើងថែមទៀត រួមមានការងារផ្តល់សេវាសាធារណៈ ការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិដ្ឋាន អនាម័យ ពិសេសលើការងារភូមិ សង្កាត់មានសុវត្ថិភាពក្នុងមូលដ្ឋាន ជាថ្មីម្តងទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានស្នើអោយមេប៉ុស្តិ៍ សមត្ថកិច្ចនៅតាមសង្កាត់នីមួយៗ ត្រូវរួមគ្នាអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» អោយមានប្រសិទ្ធភាព បញ្ហារៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងសម្រួលចរាចរតាមដងផ្លូវជាតិលេខ១ ផ្លូវ៣៦៩ ជាពិសេសក្រុមការងារបដិសណ្ឋារកិច្ចតាមសង្កាត់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋត្រូវធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព ។
ការស្នើអោយមន្ត្រីក្រោមឱវាទចូលរួមអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» និងរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ក៏ដូចជាចូលរួមសម្រួលចរាចរនេះ និងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនេះ ត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំរបស់គណៈបញ្ជាការឯកភាពខណ្ឌ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។
ថ្លែងនៅក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌបានណែនាំអោយអាជ្ញាធរភូមិ សង្កាត់ ត្រូវសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្នុងការបំពេញភារៈកិច្ចផ្តល់សេវាសាធារណៈអោយបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាហើយមានប្រសិទ្ធភាព ។ មួយផ្នែកទៀត ត្រូវរៀបចំយន្តការក្រុមបដិសណ្ឋារកិច្ច នៅតាមសង្កាត់អោយបានគត់មុតច្បាស់លាស់ ជាពិសេសត្រូវពិនិត្យមើលបញ្ហាអសកម្មនៅក្នុងមូលដ្ឋាន ទាំងការងារសណ្តាប់ធ្នាប់ បទល្មើសផ្សេងៗ ពិសេសល្បែងស៉ីសងនៅក្នុងមូលដ្ឋានត្រូវចាត់វិធានការចុះបង្ក្រាបអោយអស់ ។ លើសពីនេះទៀតត្រូវពង្រឹងនិងត្រួតពិនិត្យការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋអោយបានចំគោលដៅនៃតម្រូវការទាំងការប្រើប្រាស់មូលនិធិសង្កាត់ បើសង្កាត់គ្មានលទ្ធភាពត្រូវស្នើ ដើម្បីប្រើប្រាស់មូលនិធិខណ្ឌ បើខណ្ឌអត់លទ្ធភាព គឺត្រូវបញ្ចូលក្នុងគម្រោងដើម្បីប្រើប្រាស់សុំថវិកាមូលនិធិរបស់ក្រុងតែត្រូវមានរបាយការអោយបានច្បាស់លាស់ ។ បន្ថែមលើនេះទៀតត្រូវអនុវត្តជាប្រចាំទៅលើមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀន មុខសញ្ញាចោរកម្ម មួយផ្នែកទៀតត្រូវរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩តំបន់ច្រាំងបាក់ តំបន់ផ្សារច្បារអំពៅ និងតំបន់ផ្សារចាមព្រែកប្រា ក៏ដូចជាផ្សារក្រមួន ។ ទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក់ត្រូវដាក់វេនគ្នាប្រចាំការដើម្បីចាំទទួលយក នូវសំណូមពរ និង សំណើររបស់ប្រជាពលរដ្ឋមកធ្វើការពិភាក្សាដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើបាន ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានស្នើអោយប្រជាពលរដ្ឋចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ លុបបំបាត់មិនអោយមានការចែកចាយប្រើប្រាស់ និងផលិតថ្នាំញៀន គោរពច្បាប់ចរាចរទាំងអស់គ្នា ។ បើមានការសង្ស័យពីមុខសញ្ញាមិនប្រក្រតីត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីស្រាវជ្រាវស៉ើបអង្កេតទៅលើមុខសញ្ញាទាំងនោះ រាល់ការផ្តល់ពត៍មានពីមុខសញ្ញាផ្សេងៗ សមត្ថកិច្ចនិងរក្សាការសម្ងាត់ជូនបងប្អូន ។ ការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាពទៅបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែករបស់អាជ្ញាធរ និងសមត្ថកិច្ចនោះទេ គឺជាការងាររួម ៕