អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ បើកកិច្ចពិភាក្សាពីការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នៅទីស្តីការ អង្គភាពប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងឯកឧត្តម កើត រិទ្ធ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងថា ស្ថាប័នទាំងពីរពិភាក្សាលើមូលបទរួមមួយ ដែលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចមកស្ថាប័នយើងទាំងពីរក្នុងការសិក្សាដាក់ចេញ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺពាក់ព័ន្ធនឹងបញ្ហាការគ្រប់គ្រង ការចាត់ចែង និងការរឹបអូស ផលនៃបទល្មើស ដោយយើងនឹងខិតខំស្វែងរកដំណោះស្រាយ ឲ្យកាន់តែប្រសើរឡើងថែមទៀត ការគ្រប់គ្រង ការចាត់ចែង និងការរឹបអូស ផលនៃបទល្មើស។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រតិភូបង្កើតក្រុមការងាររួមមួយ ក្នុងការសិក្សា អនុវត្តក្នុងការការគ្រប់គ្រង ការចាត់ចែង និងការរឹបអូស ផលនៃបទល្មើសបានដែរឬទេ? ហើយបើសិនជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រតិភូ ឯកភាព យើងនឹងសរសេរក្នុងប្រកាសមួយ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា តើវត្ថុដែលយើងចាប់យកពីបទល្មើស យើងមកចាត់ចែងដូចម្តេច។ ផលរឹបអូសនៃបទល្មើស អត់មានច្បាប់ណាធំជាងច្បាប់ព្រហ្មទណ្ឌនោះទេ ត្រូវរឹបអូសចូលជាទ្រព្យសម្បត្តិរដ្ឋ ក្រោយពីចេញសេចក្តីរបស់តុលាការ។ សំណួរបច្ចេកទេសធំជាង ក្រោយពីរឹបអូសចូលជាទ្រព្យសម្បត្តិរបស់រដ្ឋ តើរឹបអូសចូលទៅណា គឺរដ្ឋដូចគ្នា ដោយគ្មានការញែកអាជ្ញាធរកាន់កាប់ ឬអាជ្ញាធរគ្រប់គ្រងនោះទេ គឺរដ្ឋដូចគ្នា ។ ជារួម ការអនុវត្តជាក់ស្តែងមានការស្មុគស្មាញបន្តិច ដោយសារការសម្រេចរឹបអូសរបស់តុលាការ។ វត្ថុរឹបអូសត្រូវចូលជាទ្រព្យសម្បត្តិរបស់រដ្ឋ រដ្ឋបានអនុញ្ញាតតាមរយៈក្រសួងសេដ្ឋកិច្ច និងមានគោលការណ៍សម្រេចដឹកនាំពីប្រមុខរាជរដ្ឋាភិបាល បានចាត់ចែងទ្រព្យសម្បត្តិទៅមន្ត្រីដែលមានការពាក់ព័ន្ធ ឬបម្រើវិស័យដែលពាក់ព័ន្ធនឹងបញ្ហាហ្នឹង ៕