ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនស្ដ្រីម្នាក់ទៅតុលាការ ករណីឆបោកប្រាក់ ជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ ទៅឲ្យតំណាងចែកចាយ

96

ភ្នំពេញ ៖ ស្ដ្រីម្នាក់ក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ទៅឲ្យតំណាងចែកចាយ ចំនួន១២នាក់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ។

មន្ដ្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ស្ដ្រីខាងលើឈ្មោះ ណើ ចាន់ត្រា អាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដឹងរបស់ជនរងគ្រោះចំនួន១២នាក់។ ទឹកប្រាក់សរុបក្នុងអំពើឆបោកនេះ ត្រូវបានជនរងគ្រោះអះអាងថា ចំនួន៧៦១,៤៦៤ដុល្លារ។

ជនរងគ្រោះទាំង១២នាក់ បានរៀបរាប់ក្នុងពាក្យបណ្ដឹង ដាក់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌថា អំឡុងឆ្នាំ២០២០ នៅចំណុចបុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន (ស្វាមីឈ្មោះ ណើ ចាន់ត្រា) បានទាក់ទងពួកខ្លួន ដោយអះអាងថា មានផលិតផលគ្រឿងសំអាងម៉ាក CTM សម្រាប់ចែកចាយមកឲ្យពួកខ្លួនលក់បន្ដ ដែលអាចរកផលចំណេញបានខ្ពស់។

ក្រោយមកឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន បានបញ្ជាក់ប្រាក់ជនរងគ្រោះទាំង១២នាក់ថា បើចង់ទទួលសិទ្ធិលក់បន្ដ ត្រូវទិញផលិផលនេះជាកញ្ចប់ ក្នុងតម្លៃផ្សេងៗគ្នា។ ដោយជឿជាក់ដើមបណ្ដឹងទាំង១២នាក់ បានប្រគល់ប្រាក់ចំនួនផ្សេងៗគ្នារៀងខ្លួន ឲ្យទៅឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន សរុបជាប្រាក់ចំនួន ៧៦១,៤៦៤ដុល្លារ។

ក្រោយទទួលប្រាក់ពីដើមបណ្ដឹងទាំង១២នាក់រួចហើយ ឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េង បាន មិនមានផលិតផលផ្គត់ផ្គង់គ្រឿងសំអាងម៉ាក CTM ឲ្យមកដើមបណ្ដឹងទាំង១២នាក់គ្រប់គ្រាន់នោះទេ។ បន្ទាប់មកឈ្មោះ ណើ ចាន់ត្រា និងឈ្មោះ ម៉េត បាន បានគេចវេសមិនទទួលខុសត្រូវនូវកាតព្វកិច្ច ដែលត្រូវបំពេញមកដើមបណ្ដឹងទាំង១២នាក់។

គួរជម្រាបថា ក្រោយចាប់ខ្លួន និងសួរនាំ ឈ្មោះ ម៉េត បាន មិនពាក់ព័ន្ធក្នុងករណីនេះនោះទេ ពោលមានតែឈ្មោះ ណើ ចាន់ត្រា តែម្នាក់ឯងប៉ុណ្ណោះ។

សូមបញ្ជាក់ថា ស្ត្រីម្នាក់ជា អតីតតំណាងចែកចាយផ្តាច់មុខ CTM ដែល បានយកឈ្មោះរបស់លោកស្រី ទ្រី ដាណា ទៅឆបោកលុយតំណាងរបស់ខ្លួនអស់ជិតមួយលានដុល្លារ ពេលនេះលោកស្រី ទ្រី ដាណា បានបញ្ឈប់ ហើយចេញមុខប្តឹងរកយុត្តិធម៌ជូនបងប្អូនដែលរងគ្រោះទាំងអស់។

កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ខ្លួនស្ដ្រីម្នាក់ឈ្មោះ ណើ ចាន់ត្រា ជាតំណាងចែកចាយលក់ផលិតផលគ្រឿងសំអាងប្រេនថ្មី CTM ពីបទឆបោក តាមពាក្យបណ្ដឹងកូនក្រុមចែកចាយចំនួន១២នាក់ ដោយប្រមូលលុយបានជិត១លានដុល្លារ ហើយមិនប្រគល់ផលិតផលឲ្យកូនក្រុម និងមិនទូទាត់លុយឲ្យម្ចាស់ប្រេន។

ហេតុការណ៍ឃាត់ខ្លួនខាងលើនេះនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នៅក្នុងផ្សារបុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញយោង តាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងបទ ឆបោក ដោយតម្រូវឲ្យចូលខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែមិនបានចូលខ្លួនទេ ហើយដីការនេះបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាក់ស្ដែង បើនៅតែរឹងរូសមិនចូលខ្លួន។

សូមជម្រាបថា ជនសង្ស័យឈ្មោះណើ ចាន់ត្រា អតីតម្ចាស់ប្រេន(brand) ផលិតផលចែកចាយផ្តាច់មុខ CTM បានយកឈ្មោះរបស់លោកស្រី ទ្រី ដាណា ទៅឆបោកលុយតំណាងរបស់ខ្លួនក្រោយពីបានទទួលលុយកូនក្រុមជាតំណាងចែកចាយចំនួន១២នាក់ នូវថវិកាប្រមាណជិត១លានដុល្លារហើយប៉ុន្ដែមិនបានប្រគល់ប្រាក់ឲ្យម្ចាស់ប្រេនដើម និងមិនប្រគល់ផលិផលឲ្យកូនក្រុមតំណាងចែកចាយទាល់តែសោះ រហូតកូនក្រុមបានដាក់ពាក្យបណ្ដឹងចាត់ការតាមច្បាប់តែម្ដង។ ពេលនេះលោកស្រី ទ្រី ដាណា បានបញ្ឈប់ ឈ្មោះណើ ចាន់ត្រាពីតំណាងចែកចាយហើយថែមទាំងចេញមុខប្តឹងរកយុត្តិធម៌ជូនបងប្អូនកូនក្រុមដែលរងគ្រោះទាំងអស់ថែមទៀត លុះរហូតដល់ព្រឹកថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាត់វិធានការណ៍តាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង