បុរសម្នាក់ខឹងគូរដណ្តឹងផ្តាច់ពាក្យ យកកូនកាំបិត ចាក់រងរបួសត្រង់ក្រោមឆ្អឹងជំនីរខាងស្តាំ
ខេត្តកណ្ដាល ៖ បុរសម្នាក់ប៉ុនប៉ងឃាតកម្ម យកកូនកាំបិតចុងស្រួច ចាក់នារីដែលជាគូរដណ្តឹង រងរបួសជ្រៅត្រង់ក្រោមឆ្អឹងជំនីរខាងស្តាំហើយរត់គេចខ្លួន ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាលស្រាវជ្រាវ ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។
លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីបានកើតហេតុ កាលពីថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១១.៣០នាទី នៅចំណុច តាមផ្លូវភូមិស្ទឹងជ្រៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ។
ជនសង្ស័យឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ លក់ស្រាក្រឡុក (ឃាត់ខ្លួនបាននៅថ្ងៃទី២៩.១២.២០២០)។
វត្ថុតាងចាប់យក ៖ កូនកាំបិតចុងស្រួច ប្រវែង២២,៥សង្ទីម៉ែត្រ មានប្រឡាក់ឈាម០១ ។ បណ្តាលឲ្យជនរងគ្រោះមាន របួសស្នាមត្រង់ក្រោមឆ្អឹងជំនីខាងស្តាំ មានស្នាមដាច់ចូលជ្រៅ ហូរឈាម ជាទម្ងន់ ។
លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា មុនពេលវេលាកើតហេតុខាងលើ ជនសង្ស័យនិងជនរងគ្រោះ ជាអតីតគូរដណ្តឹងនិងគ្នា តែដោយសារជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿង ញៀន ហើយធ្លាប់វាយធ្វើបាបជនរងគ្រោះ ជាញឹកញាប់ ហើយជនរងគ្រោះ ក៏ធ្លាប់បានដាក់ពាក្យប្តឹង រក្សាទុកនៅប៉ុស្តិ៍ដើមមៀនទៀតផង បានផ្តាច់ពាក្យទៅវិញ តែជន សង្ស័យនៅតែមកទាក់ទង រំខានជនរងគ្រោះរហូត។ លុះមកដល់វេលាកើតហេតុខាងលើ ឪពុកជនរងគ្រោះបានឌុបជនរងគ្រោះ ទៅហៅជនសង្ស័យ ចេញពីផ្ទះ ហើយណាត់ជួបគ្នានៅប៉ុស្តិ៍ដើមមៀន ដើម្បីនិយាយគ្នាឲ្យបានដាច់ស្រាច់ តែនៅពេលដើរតាមផ្លូវ មិនទាន់និយាយគ្នាផង ក៏ស្រាប់តែជនសង្ស័យដកកូនកាំបិតចុងស្រួចដែលលាក់ទុកក្នុងចង្កេះ យកមកចាក់ជនរងគ្រោះចំក្រោម ឆ្អឹងជំនីខាងស្តាំបណ្តាលឲ្យលិចជ្រៅ ហូរឈាមយ៉ាងច្រើន សន្លប់លែងដឹងខ្លួន ចំនែក ជនសង្ស័យបានបោះកាំបិតចោលហើយ រត់គេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ ដោយបានការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចេញ ដីកាបញ្ជាឲ្យចូលខ្លួនលេខ០២៨ដកបចខ ចុះថ្ងៃទី២៤.១២.២០២០ និងដោយបានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល បានចង្អុលដឹកនាំឲ្យ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងកំរិតធ្ងន់ សហការជាមួយកម្លាំង យុត្តិធម៌ ក្រុងតាខ្មៅ និង ប៉ុស្តិ៍នគរបាលទន្លេបាសាក់១ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យ បាននៅថ្ងៃទី២៩.១២.២០២០ នៅចំណុចមជ្ឈមណ្ឌលកំសាន្តទីក្រុងកោះពេជ្រ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពរួច ហើយរត់ទៅលាក់ខ្លួនប្រកបរបរ ធ្វើជាមេចុងភៅក្នុងហាងមួយកន្លែង។
តាមការសាកសួរជនសង្ស័យបានឆ្លើយថា ៖ មូលហេតុដែលយក កូនកាំបិតចាក់ប៉ុនប៉ងសម្លាប់អតីតគូរដណ្តឹង ដោយសារភ្លើង ប្រចណ្ឌ និងខឹងគូរដណ្តឹង សុំផ្តាច់ពាក្យ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕