ការផ្តល់សេវាល្អ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាភារកិច្ចរបស់មន្រ្តីសាធារណៈដែលត្រូវបំរើប្រជាពលរដ្ឋ
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានចាត់ទុកការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន គឺជាតួនាទីភារកិច្ច របស់មន្រ្តីសាធារណៈដែលត្រូវបំពេញនិងបំរើដោយឥតលក្ខខណ្ឌ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមន្រ្តីបំរើរាស្រ្តដោយស្មោះត្រង់ និងឆ្លើយតបនឹងតម្រូវការចាំបាច់។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងដូច្នេះនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌចំការមន នាព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០ ហើយបានជម្រុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ រាប់តាំងពីមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុកប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនោះដែរ ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរបន្តជួយដោះស្រាយបញ្ហាផ្លូវសំបុក្រមាន់នៅតាមសង្កាត់មួយចំនួន បញ្ហាប្រព័ន្ធលូ ការកាត់បណ្តាញអគ្គិសនីដែលមិនរៀបរយតាមដងផ្លូវ កាត់លះមែកឈើ ស្តាប្រឡាយបឹងត្របែកឱ្យចរន្តទឹកហូរទៅស្ថានីយ៍ហូមទឹកបានលឿន និងស្នើសុំបង្គោលភ្លើងជាដើម។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានដឹងលឺ និងរកយន្តការដោះស្រាយជូន។ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ។
សូមបញ្ជាក់ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌៗ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកវេទិកានេះ បានចំនួន១៣ខណ្ឌមកហើយ រួមទាំងខណ្ឌចំការមននេះ នៅសល់តែ១ខណ្ឌទៀតនឹងបញ្ចប់ ដូច្នេះ រាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ នឹងត្រូវបានដោះស្រាយជូនជាបន្តបន្ទាប់ សម្រាប់ឆ្នាំ២០២០នេះ៕