សម្ភារសង្គ្រោះគ្រោះទឹកជំនន់ចំនួន ១៥តោន ត្រូវបានកងទ័ពជើងទឹកឥណ្ឌា ប្រគល់ជូនគណៈកម្មាធិការគ្រោះមហន្តរាយកម្ពុជា
ព្រះសីហនុ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយលោក ហង្ស សាមឿន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាតំណាងលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីអាជ្ញាធរខេត្តព្រះសីហនុ និងមេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹករាម បានរៀបចំពិធីទទួលជំនួយនេះ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
ការប្រគល់ជូនសម្ភារសង្គ្រោះគ្រោះទឹកជំនន់ដល់កម្ពុជានេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចសុច្ឆន្ទរបស់កងទ័ពជើងទឹកឥណ្ឌាទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ក្រោមបេសកកម្ម SAGAR-3 នាវាកងទ័ពជើងទឹកឥណ្ឌា“ INS KILTAN”សាធារណរដ្ឋឥណ្ឌា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច នាវាជើងទឹកឥណ្ឌា នាពេលនេះ ដឹកនាំបញ្ជាដោយលោក មេបញ្ជាការ BK Ponnappa ដឹកសម្ភារសង្គ្រោះគ្រោះទឹកជំនន់ចំនួន ១៥ តោនស្មើប្រមាណ ៧០០កេសធំ ដែលក្នុងនោះ មានសម្ភារគ្រោះទឹកជំនន់ចំនួន ៣.០០០ឃីត សម្រាប់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ ហើយនាវាបានចូលចតតាំងពីថ្ងៃទី២៩ ខែធ្នូឆ្នាំ ២០២០ ដល់ថ្ងៃទី ០១ ខែមករាឆ្នាំ ២០២១។
លោក B. Subba Rao លេខាទី២ តំណាងឲ្យឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជាបានរំលឹកនូវការគាំទ្ររបស់ឥណ្ឌា ចំពោះប្រទេសកម្ពុជាមិនត្រឹមតែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងកំលុងពេលដ៏លំបាកក្នុងអតីតកាលផង។
លោកក៏បានបញ្ជាក់ផងថា ការបរិច្ចាគសម្ភារជំនួយទឹកជំនន់ គឺជាការបង្ហាញពីចំណងមិត្តភាពដ៏ស្ថិតស្ថេររវាងប្រទេសទាំងពីរ។ សម្ភារជំនួយពីរដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានសហការ ជាមួយសហគមន៍ឥណ្ឌានិងធុរកិច្ចនៅកម្ពុជា បានបរិច្ចាគសម្ភារស្បៀង និងថ្នាំពេទ្យដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅ ខេត្តកំពង់ឆ្នាំងនិងខេត្តបាត់ដំបងកាលពីខែវិច្ឆិកាឆ្នាំ ២០២០កន្លងមក។
ជាមួយគ្នានេះលោក ហង្ស សាមឿន តំណាងលោកទេសរដ្ឋមន្រ្តី គន់ គីម ក៏ដូចជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលឥណ្ឌា ចំពោះកាយវិការប្រកបដោយទឹកចិត្តមនុស្សធម៌ ជួយដល់ប្រជា ជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា៕