ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះករុណា ប្រោសព្រះរាជទានព្រះរាជសារ អបអរសាទរជូន សម្តេចហ៊ុន សែន ចំពោះការទទួលបានតំណក់ប្រេងលើកដំបូង

111

 

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ អបអរសាទរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការទទួលបានតំណក់ប្រេងជាលើកដំបូង ។

ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងរាប់អានដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះករុណា មានព្រះរាជបន្ទូលថា ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទសមិទ្ធផល បើកទំព័រប្រវត្តិសាស្ត្រ ថ្មី ដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានតំណក់ប្រេងលើកដំបូង ស្របពេលថ្ងៃខួបអនុស្សាវរីយ៍លើកទី២២ នៃការអនុវត្តដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ពេញបរិបូរណ៍ និងឯកភាពជាតិដ៏ពេញលេញ ។

ការទទួលបានតំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយ នាំឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើន និងជឿនលឿនជាបន្តទៀត ។

ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ បានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដឹកនាំ ប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ ៕

អត្ថបទដែលជាប់ទាក់ទង