ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ចាប់សត្វ​ស្វា​កាចៗ​ ​ចេញពី​តំបន់​ឧទ្យាន​អង្គរ យកទៅ​ព្រលែង​ឲ្យ​រស់នៅ​បែប​ធម្មជាតិ នៅ​តំបន់​ក្រៅ​ឧទ្យាន​អង្គរ​

82

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​ចាប់​សត្វ​ស្វា​កាច​មួយចំនួន ចេញពី​តំបន់​ឧទ្យាន​អង្គរ យកទៅ​ព្រលែង​ឲ្យ​រស់នៅ​បែប​ធម្មជាតិ​នៅ​តំបន់​ក្រៅ​ឧទ្យាន​អង្គរ​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ អាជ្ញាធរ​ជាតិ​អប្សរា សូមបញ្ជាក់​ជូន​សាធារណជន​ទាំងអស់ មេត្តា​ជ្រាបថា បច្ចុប្បន្ន​ចំនួន​សត្វ​ស្វា នៅ​តំបន់​ឧទ្យាន​អង្គរ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ប៉ុន្តែ មួយរយៈ​ចុងក្រោយ​នេះ មាន​បុគ្គល​មួយចំនួន​តូច ចាប់ផ្តើម​ផ្តល់​ចំណី​រហូត​សត្វ​ស្វា​ផ្លាស់ប្តូរ​ទម្លាប់ និង បាន​ថត​ជា​វីដេអូ​សកម្មភាព​សត្វ​ស្វា​ទាំងនោះ មក​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ដើម្បី​ស្វែងរក​ប្រាក់ចំណេញ​ផ្ទាល់ខ្លួន​។ សកម្មភាព​ផ្តល់​ចំណី និង​ថត​វីដេអូ​នេះ ក្រៅពី​បង្ក​នូវ​ភាពអនាធិបតេយ្យ ក៏​បណ្តាលឱ្យ​សត្វ​ស្វា​មួយចំនួន​ផ្លាស់ប្តូរ​នូវ​ធម្មជាតិ​របស់ខ្លួន ក្លាយទៅជា​សត្វ​កាច ចេះ​ដណ្ដើម​ចំណី និង​បង្ក​របួសស្នាម​ដល់ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ប៉ះពាល់​ដល់​បដា​ព័ត៌មាន និង​បានធ្វើឱ្យ​ប៉ះ​នូវ​ថ្ម​ប្រាសាទ​ជាយថាហេតុ (​រូបភាព​ភ្ជាប់​ជូន​)​។

​សកម្មភាព​កេងប្រវ័ញ្ច​លើ​សត្វ​ស្វា​នេះ ក៏​ធ្លាប់​ត្រូវបាន​ក្រុម​អង្គការ​ការពារ​សិទ្ធិ​សត្វ ប្តឹង​មក​រាជរដ្ឋាភិបាល​កម្ពុ​ជា ឱ្យចេញ​វិធានការ​ទប់ស្កាត់​ផងដែរ​។ ដើម្បី​ដោះស្រាយ​ករណី​ចំពោះមុខ អាជ្ញាធរ​ជាតិ​អប្សរា បាន​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ សមស្រប​ជាមួយ​ដៃគូ​សហការ​ពាក់ព័ន្ធ ដូចជា រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្រេច​ឯកភាព​កំណត់​អត្តសញ្ញាណ សត្វ​ស្វា​កាច​មួយចំនួន​ទាំងនោះ ដើម្បី​ចាប់​ចេញពី​តំបន់​ឧទ្យាន​អង្គរ យកទៅ​ព្រលែង​ឱ្យ​រស់នៅ​តាមបែប​ធម្ម​ជាតិ នៅ​តំបន់​ក្រៅ​ឧទ្យាន​អង្គរ ក្រោម​ការចាត់ចែង​ផ្ទាល់​ដោយ​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលជា​ស្ថាប័ន​ជំនាញ​ផ្នែក​សត្វព្រៃ​។

​ក្រុមការងារ​បានសម្រេច​ប្រើប្រាស់​កាំភ្លើង បាញ់​ដាក់​ថ្នាំ​សណ្តំ ដើម្បី​ចាប់​សត្វ​ស្វា​កាច​ទាំងនោះ ដែល​បច្ចេកទេស​នេះ មិនមាន​ហានិភ័យ​បណ្តាលឱ្យ សត្វ​ស្វា​ងាប់​ដូចដែល​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន បានលើកឡើង​នោះឡើយ សូម​ពិនិត្យមើល​បណ្តាញ​ភ្ជាប់​មកជា​មួយ (https://m.facebook.com/story.php?story_fbid=13121414491475 62&id=28946158145559)​។ ក្នុងពេល​បច្ចុប្បន្ន សត្វ​ស្វា​ទាំងនោះ កំពុង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ឧទ្យាន សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​តា​ម៉ៅ មុន​យកទៅ​ព្រលែង​ក្នុងព្រៃ​ធម្មជាតិ ដូច​មាន​បណ្តាញ ភ្ជាប់​មកជា​មួយ (hnps://www.facebook.com/412441342188097/posts/3404565252975676/? d=n) ។​

​ឆ្លៀតឱកាស​នេះ អាជ្ញាធរ​ជាតិ​អប្សរា សូមបញ្ជាក់​ជូន​បន្ថែម​ថា នៅក្នុង​ប្រតិបត្តិ​ការចាប់​សត្វ ស្វា​កាច​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ គឺ​បាន​ចាប់​តែ​សត្វ​ស្វា​កាច​ចំនួន​១៦​ក្បាល​ប៉ុណ្ណោះ រីឯ​សត្វ ស្វា​ស្លូត​ដទៃទៀត ដែល​រស់នៅ​ជុំវិញ​ប្រាសាទ​បាយ​ន្ត គឺ​ពុំមាន​ការចាប់​យកចេញ​នោះទេ ។ ក្នុងនោះ​ក៏​ពុំ បណ្តាលឱ្យមាន​សត្វ​ស្វា​ពីរ​ក្បាល​ងាប់ ដូច​ការលើកឡើង​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​ឡើយ អាជ្ញាធរ​ជាតិ​អប្សរា សូមបញ្ជាក់​ជូន​ថា​រាល់​សត្វ​ស្វា ដែល​បាន​ចាប់​នោះ សុទ្ធតែ​ត្រូវបាន​អ្នកជំនាញ និង​មន្ត្រី បុគ្គលិក អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំ​ទីតាំង​ផ្ទាល់ បាន​បញ្ជាក់ថា ជា​សត្វ​ស្វា​កាច​ពិតប្រាកដ​មែន ។ ដោយឡែក អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ធ្វើ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ឱ្យបាន​ជ្រាប​ផងដែរ អំពី ការចាប់​សត្វ​ស្វា​កាច​មួយចំនួន​ចេញពី​តំបន់​អង្គរ​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក្នុងន័យនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាប និង​សូមមេត្តា​កុំ​បន្ត​ចែកចាយ​ព័ត៌មាន​មិន​ពិត ដែលនាំឱ្យ​ប៉ះពាល់​ដល់ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​អាជ្ញាធរ មាន​សមត្ថកិច្ច ក្នុងការ​រៀបចំ​គ្រប់គ្រង​តំបន់​អង្គរ ឱ្យមាន​ភាពល្អប្រសើរ និង​មាន​សុ​វត្តិភាព​ដល់​អ្នកទស្សនា​គ្រប់ៗ​រូប​។ ការបញ្ឈប់​ចែកចាយ​ព័ត៌មាន​មិន​ពិត ក៏​ជា​សកម្មភាព​មួយ ចូលរួម​ដោយផ្ទាល់​ក្នុងការ​លុបបំបាត់ សកម្មភាព​កេងចំណេញ​លើ​រូបភាព​សត្វ​ស្វា ក្នុង​តំបន់​ឧទ្យាន​អង្គរ ផងដែរ​។ អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ដល់​ម្ចាស់​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​ឱ្យ​បញ្ឈប់ នូវ​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន វាយប្រហារ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ផលចំណេញ​ផ្ទាល់ខ្លួន​តទៅទៀត និង​ងាក​មក​ចូលរួម​ការពារ នូវ​អ្វី​ដែលជា​តម្លៃ​នៃ​អត្តសញ្ញាណ​ជាតិ​វិញ​៕​

អត្ថបទដែលជាប់ទាក់ទង