រាជរដ្ឋាភិបាល ផ្តល់ដីបឹងតាមោកទំហំ២០ហិកតា ដើម្បីសាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ២០ហិកតា ស្ថិតនៅទល់មុខទីតាំងដីអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ ដើម្បីរៀបចំទីតាំងសាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែតសម្រាប់បម្រើសេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការណៈរដ្ឋមន្ត្រី បានម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកម្មវត្ថុ ៖ ករណីសំណើសុំផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ ) ទំហំ២០(ម្ភៃ)ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីរៀបចំទីតាំងសាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត សម្រាប់បម្រើសេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ដោយយោងចំណារ ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមផ្តល់ថ្ងៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ២០(ម្ភៃហិកតា ស្ថិតនៅទល់មុខ ទីតាំងដីអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចមាន គំនូសប្លង់បង្ហាញទីតាំង និងតារាងនិយាមកាភ្ជាប់មកជាមួយ ជូនក្រសួងសុខាភិបាល ដើម្បីរៀបចំសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត៕