ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ និង​អ្នកស្ម័គ្រចិត្ត​សាខា​កាកបាទក្រហម​ស្រុក​ព្រៃនប់ ចំនួន ៣៥៧​គ្រួសារ​

135

 

​ព្រះសីហនុ​៖ ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែមករា ឆ្នាំ​២០២០១ ឯកឧត្តម ជាម ហ៊ីម អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ និង​អ្នកស្ម័គ្រចិត្ត​សាខា​កាកបាទក្រហម​ស្រុក​ព្រៃនប់ សរុប​ចំនួន ៣៥៧​គ្រួសារ​។ ពិធី​ចែក​អំណោយ​បានរៀបចំ​នៅក្នុង​បរិវេណ​វត្ត​ទឹកល្អក់ ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា លោក​អភិបាលស្រុក និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

​លោក ស កក្កដា អភិបាលស្រុក​ព្រៃនប់ បាន​រាយការណ៍​ពី​សកម្មភាព​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​៣​ឃុំ ក្នុងនោះ​មាន ឃុំ​ជើងគោ ១​ខ្នង​ផ្ទះ ឃុំ​ទឹកល្អក់ ៧០​ខ្នង​ផ្ទះ និង​ឃុំ​ទឹកថ្លា ១៥២​ខ្នង​ផ្ទះ​។ ដោយសារតែ​តំបន់​នេះ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ តែងតែ​ទទួលរង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជា​រៀងរាល់ឆ្នាំ គ្រាន់តែ​រងគ្រោះ​តិច ឬ​ច្រើន​តាម​ស្ថានភាព​អាកាសធាតុ​។

​ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ បាន​ចូលរួម​រំលែក​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ចុងខែ​ធ្នូ និង​ដើមខែ​មករា ២០២១​នេះ ព្រមទាំង​បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្ត​ព្រះសីហនុ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដោយ​មិនមាន​ប្រកាន់​វណ្ណ​: ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ ធ្វើយ៉ាងណា​ជួយ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។
​ឯកឧត្តម គួច ចំរើន បន្តទៀតថា មាន​ប្រទេស​ប្រមាណ​ជា ២៩​ប្រទេស បានចាប់ផ្តើម​ចាក​វ៉ាក់សាំង​កា​ពារ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​រៀងៗ​ខ្លួន ហើយ​ថ្មី​នេះ​ជំងឺ​កូ​វីដ​ប្រភេទ​ថ្មី​បានកើត​នៅ​ប្រទេស​អង់គ្លេស​។ កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង បានធ្វើ​គ្រប់គ្រង​ព្រឹត្តិការណ៍​៣​វិច្ឆិកា និង​២៨​វិច្ឆិកា​បាន​យ៉ាង​ល្អ តែ​ថ្មីៗ​នេះ​ក៏​មានការ​ផ្ទុះឡើង​នូវ​ការឆ្លង​នៅក្នុង​សហគមន៍​នៅក្នុង​ខេត្ត​សមុទ្រ សា​ខន ប្រទេស​ថៃ ដែលជា​ការព្រួយបារម្ភ​សម្រាប់​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ទីនោះ ទន្ទឹមនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ដោយ​រៀបចំ​ដឹកជញ្ជូន និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ​ផងដែរ​។

​ឯកឧត្តម គួច ចំរើន ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល អាល់ កុល​ឱ្យបាន​ញឹកញាប់ បើ​ចេញទៅ​ទីសាធារណៈ​ត្រូវ​ពាក់​ម៉ាស់ ឬ​កន្សែង ដើម្បី​ធានាថា សហគមន៍​យើង​មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន បាន​សំណូមពរ​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​សូមជួយ​វេច​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ក៏បាន​ថ្លែងអំណរគុណ​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​កន្លងមក បាន​ចូលរួម​វេច​ខ្ចប់​សំរាម​បានល្អ ងាយស្រួល​ដល់​ក្រុមការងារ​សំអាត​តាម​ឆ្នេរ​ប្រមូលបាន​លឿន និង​បាន​ណែនាំ​ឱ្យ​រៀបចំ​ពាក្យស្លោក​លើ​ខ្នង​អាវ 《”​អ្នក​បោះ​ខ្ញុំ​រើស អ្នក​សប្បាយ​ខ្ញុំ​វេទនា​”》​នេះ​ជា​សារ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូលរួម​សំអាត និង​វេច​ខ្ចប់​សំរាម​ឱ្យបាន​ល្អ ដើម្បី​លើកកម្ពស់​អនាម័យ​បរិស្ថាន និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​។

​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ខ្យល់​កន្ត្រាក់ ២២៣​គ្រួសារ មកពី​៣​ឃុំ និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ស្រុក​ព្រៃនប់ ចំនួន ១៣៣​នាក់ សរុប ៣៥៧​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខកំប៉ុង ១​យួរ ទឹកត្រី ០១​យួរ តង់​មួយ កន្ទេល​០១ ទឹក​សិទ្ធ ០១​កេស ឃិត​មួយកញ្ចប់ (​ក្រមា​១ មុង​១ ភួយ​១ សារុង​១) និង​ថវិកា ៥០,០០០​រៀល ដោយឡែក​ក្រុម​អ្នកស្ម័គ្រចិត្ត​កាកបាទ ក្រហម ១៣៣​មិនបាន​ទទួល​តង់​ទេ ៕​

អត្ថបទដែលជាប់ទាក់ទង