ម្ចាស់មន្ទីរសំរាកព្យាបាល និង សម្ភព សុខ ម៉េង យកកាំភ្លើងវាយក្បាលសន្តិសុខម្នាក់ ហូរឈាមកក្លាក់
កណ្តាល ៖ ម្ចាស់មន្ទីរសំរាកព្យាបាល និង សម្ភព សុខ ម៉េង បានយកកាំភ្លើងវាយក្បាលសន្តិសុខម្នាក់ បណ្តាលឲ្យបែកក្បាលឈាមហូរ ដួលដេកដី រងរបួសធ្ងន់ នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅគ្លីនិកស្ថិតបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ករណីនេះ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាឲ្យកម្លាំងជំនាញចុះទៅមើលហើយ ដើម្បីសាកសួររកមូលហេតុពិត។
បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ«Sien San» ដែលជាសន្តិសុខរួមការងារជាមួយជនរងគ្រោះបានបង្ហោះរូបភាពជនរងគ្រោះរងរបួសបែកក្បាល និងជនដៃដល់ឈរកាន់កាំភ្លើងខ្លី១ដើមជិតនោះ ព្រមទាំងអមជាមួយសារខ្លីនៅវេលាម៉ោងជា១រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះថា «សូមឯកឧត្តមប្រធាន មេត្តាជួយមានវិធានការ ចំពោះករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយម្ចាស់មន្ទីរពេទ្យបានដកកាំភ្លើងវាយក្បាលសន្តិសុខយើងខ្ញុំផង»។ ក្រោយពីមានការបង្ហោះនូវអំពើហិង្សាខាងលើនេះហើយមានអ្នកចូលទៅខមិន ស៊ែរ និងឡាចជាច្រើន ហើយសុទ្ធតែបានថ្កោលទោសទៅលើជនដៃដល់ និងអ្នកខ្លះបានស្នើរសុំឲ្យចាត់ការទៅលើជននោះតាមច្បាប់តែម្ដង។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានបង្ហើបឲ្យដឹងថា ពិតជាមានករណីម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង ដកកាំភ្លើងខ្លីវាយក្បាលសិន្តិសុខបណ្ដាលឲ្យរងរបួសបែកហូមឈាមមែន ដោយផ្ដើមចេញពីរឿងតូចមួយគឺជនដៃដល់ផ្ទុះកំហឹង ខណៈបាត់ស្បែកជើងភ្ញៀវ ហើយជនរងគ្រោះដែលជាសន្តិសុខយាមនៅទីនោះអត់ដឹងតែប៉ុណ្ណោះ។
ក្រោយពេលកើតមានអំពើហិង្សានេះ កម្លាំងនគរបាលប៉ុស្តិ៍ពើកបានចុះទៅកាន់ទីនោះធ្វើការឃាត់ខ្លួនជនដៃដល់នាំយកទៅកាន់អធិការដ្ឋានស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿង ប៉ុន្តែពុំដឹងថាជននោះត្រូវមានទោសឬអត់នោះទេព្រោះមានលុយហើយសង្ស័យមានខ្នងក្រាសទៀផងទើបហ៊ានធ្វើបែបនេះ៕