រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រអាជីវកម្មចិញ្ចឹមឃ្មុំលក្ខណៈធម្មជាតិ ដែលអាចជួយការពារធនធានធម្មជាតិ និង ងាយរកទីផ្សារ
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រអាជីវកម្មចិញ្ចឹមឃ្មុំលក្ខណៈធម្មជាតិរបស់កសិដ្ឋានចិញ្ចឹមឃ្មុំវិសុទ្ធភូមិ នៅខេត្តកំពង់ចាម ដែលបានផលិតទឹកឃ្មុំ មានគុណភាពល្អ សម្រាប់លក់នៅលើទីផ្សារ ។
លោក រដ្ឋមន្ត្រី បានថ្លែងដូច្នេះនៅក្នុងឱកាស ទទួលជួបម្ចាស់កសិដ្ឋានវិសុទ្ធភូមិចិញ្ចឹមឃ្មុំ ដែលមាន លោកឡុង ទីហៃនិងអ្នក ស្រីរដ្ឋាថាវរ៉ាវ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅក្រសួងព័ត៏មាន ។
លោក ខៀវ កាញារីទ្ធ បានគាំទ្រ ចំពោះអាជីវកម្មចិញ្ចឹម ឃ្មុំ បែបលក្ខណៈធម្មជាតិនេះ ហើយសូមជូនពរឱ្យកសិដ្ឋានវិសុទ្ធភូមិ ចិញ្ចឹមឃ្មុំបានកាន់តែច្រើន ហើយទទួលបានទិន្នផលទឹកឃ្មុំកាន់តែខ្ពស់ មានគុណ ភាពល្អ សម្រាប់លក់នៅលើទីផ្សារ បានច្រើនបន្ថែមទៀត។
លោកបានបញ្ជាក់ថា ការចិញ្ចឹមឃ្មុំនេះបានជួយថែរក្សាការពារធនធានធម្ម ជាតិ ហើយបំពេញបានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ឡុង ទីហៃ បានឱ្យដឹងថា ទឹកឃ្មុំនេះ គឺកសិដ្ឋានរបស់ លោក ចិញ្ចឹមឃ្មុំបែបធម្មជាតិ នៅលើកោះត្រែង ទល់មុខ ភ្នំហាន់ជ័យ ខេត្តកំពង់ចាម ដែលនៅជំហានដំបូងនេះ បានទទួលផលពីការចិញ្ចឹមឃ្មុំចំនួន ៤០ធុង ស្មើ ៣ពាន់លីត្រ សម្រាប់លក់នៅទីផ្សារក្នុងប្រទេស ។ ជាជំហានបន្ទាប់ទៅមុខទៀត កសិដ្ឋាន ចិញ្ចឹមឃ្មុំនេះ អាចផលិតបាន ចំនួនដល់១០តោន ក្នុង១ឆ្នាំៗ ដោយធានាគុណភាពល្អ ហើយគ្រោងនាំចេញយកទៅលក់ នៅទីផ្សារក្រៅប្រទេសថែមទៀត ព្រោះមាន ការគាំទ្រច្រើនពីអ្នកប្រើប្រាស់ ៕ សំរិត