បុរសម្នាក់ដាច់ជើងម្ចាស់ ដោយសាររថយន្តបែនដឹកដី បើកបុកម៉ូតូ ពីក្រោយ ហើយកិនជើងអ្នកបើកម៉ូតូ
ភ្នំពេញ៖ បុរសម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តបែនដឹកដី បើកលឿន មកបុកពីខាងក្រោយពេញទំហឹង បណ្តាលឲ្យដាច់ជើងម្ចាស់ ឯអ្នកបើករថយន្តត្រូវសមត្ថកិច្ចចាប់ខ្លួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ៤ និង ០០ នាទីល្ងាចថ្ងៃចន្ទទី ៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីខាងសមត្ថកិច្ចចរាចរណ៍ នៅគោលដៅស្ពានដែក បានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់ស៊េរីចាស់មួយគ្រឿង អត់ផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដីមួយគ្រឿងទៀត ពាក់ផ្លាកលេខ SSP -27 99 ធ្វើដំណើរស្របទិសគ្នាពីខាងក្រោយ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន មកបុកចំពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូចូលក្រោមរថយន្តអូសទៅមុខជាច្រើនម៉ែត ធ្វើឲ្យម្ចាស់ម៉ូតូរងរបួសដាច់ជើងមួយចំហៀង៕