សមត្ថកិច្ចឃាត់ខ្លួន លោកផ្កាយមួយម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង និងកសាងសំណុំរឿងដើម្បីផ្តន្ទាទោស
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបជូនបណ្តាញសារព័ត៌មាន សាធារណជន និងម្ចាស់គណនីហ្វេសបុកឈ្មោះ Sien San ដែលបានផ្សព្វផ្សាយមានខ្លឹមសារថា «សូមឯកឧត្តម ប្រធាន មេត្តាជួយមានវិធានការចំពោះករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយម្ចាស់មន្ទីរពេទ្យបានដកកាំភ្លើងវាយក្បាលសន្តិសុខយើងខ្ញុំផង» ។
ក្រោយពីទទួលបានដំណឹងភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ជាលទ្ធផលបានឱ្យដឹងថា៖
ជាករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លី) ដែលកើតហេតុ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី ចំណុចភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង (គ្លីនិចឯកជន) និងជាយោធា នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ផលប៉ះពាល់លើជនរងគ្រោះ គឺរបួសបែកក្បាលផ្នែកខាងឆ្វេង លើត្រចៀក ១កន្លែង ដេរ៣ថ្នេរ ហើយវត្ថុតាងចាប់យក អាវុធខ្លីមួយដើមម៉ាកCF98 លេខ006009 មានបង់ចំនួនមួយ និង គ្រាប់ចំនួនមួយ។
នគរបាលខេត្ត បានបញ្ជាក់ពីសភាពនៃរឿងហេតុ នៅមុនពេលកើតហេតុថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៨និង០០នាទី ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច សុខ ម៉េង (កន្លែងកើតហេតុ)។ នៅពេលយាមម៉ោងប្រហែលប្រាំទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់ មកសួរជនរងគ្រោះថា ពូសន្តិសុខយាមនៅហ្នឹងរាល់ថ្ងៃទៅណាហើយ ជនរងគ្រោះឆ្លើយថា គាត់សម្រាកមួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះ បានខ្ចីលុយពីជនរងគ្រោះចំនួន ៣,០០០៛ (បីពាន់រៀល) ជនរងគ្រោះក៏ឱ្យលុយខ្ចីចំនួនបីពាន់រៀល ហើយមនុស្សប្រុសនោះ ក៏ដើរចេញទៅវិញ ដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។ លុះដល់ម៉ោង៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។
រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជើងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិចរបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថាបងប្អូនអ្នកជំងឺយកពាក់សិនទើបមិនរក។ រហូតដល់ម៉ោងប្រាំបីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ និងហុចលុយឱ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យកស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។ បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឱ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខ ឱ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញវិញទៅ។ រហូតដល់ម៉ោង១២រសៀល ទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិច ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោ មកវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេងបណ្តាលឱ្យដួល ហើយជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ ។ ចំណែកជនរងគ្រោះ ត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួស និងដេរចំនួនបីថ្នេរ។ បន្ទាប់មកជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ឱ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដើម្បីសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឱ្យមកយាម បែរជាត្រូវគ្នាជាមួយចោរទៅវិញ។
សូមបញ្ជាក់ជូនថា៖ តាមការឆែកកាមេរ៉ាសុវត្ថិភាព ឃើញថាមានមនុស្សប្រុសម្នាក់ បានមកហុចលុយឱ្យជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធី។ អាស្រ័យហេតុនេះសូមអ្នកសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ។
ចំណែកលោកមុត ចន្ថា បានសរសេរសារលើហ្វេសប៊ុកនៅរសៀលថ្ងៃទី៤ ខែមករា នេះថា ចាំមើលយុត្តិធម៌មានទេសម្រាប់ជនរងគ្រោះ? លោកផ្កាយ១ ដែលគេស្គាល់ឈ្មោះ «ហេង គាហុង» បម្រើការងារនៅស្ថាប័នអយ្យការយោធា និងជាម្ចាស់«មន្ទីរសំរាកព្យាបាល និង សម្ភព សុខ ម៉េង» ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រើប្រាស់អាវុធវាយក្បាលសន្តិសុខ បែកឈាមពេញខ្លួន នៅរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
យើងសង្ឃឹមថា អំពើល្មើសច្បាប់នេះ នឹងមិនត្រូវបានគេបញ្ចប់ទៅវិញ ដោយការសម្របសម្រួលសងលុយ ឬហៅដំណោះស្រាយរដ្ឋបាលនោះឡើយ។ ចូរកុំឱ្យគេរិះគន់ថា ច្បាប់អនុវត្តបានតែជនក្រីក្រ និងគ្មានអំណាច (គ្មានបុណ្យស័ក្តិ និងលុយ)៕