ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រទូស្តិ៍កេរ្តិ៍ខ្មាសក្នុងបន្ទប់ទឹក
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រទូស្តិ៍កេរ្តិ៍ខ្មាស កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០នឹង០០នាទី ត្រង់ចំណុចការដ្ឋានសំណង់បុរីសុខសាន្ត ផ្លូវបេតុង ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ូន រិន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ម. ស.ន អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកអធិការប្រាប់ពីអង្គហេតុថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១វេលាម៉ោង១៨នឹង៣០នាទី ជនរងគ្រោះ និងមិត្តភក្តិ២នាក់ទៀត បានជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខតាកែវ 1J-3844 ចេញពីបន្ទប់ជួលលេខ៦ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកផឹកស៊ីនៅការដ្ឋានសំណង់បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលមកដល់ក៏បានផឹកស៊ីស្រាបៀរ Ganzberg មានគ្នាចំនួន៧នាក់ អស់ស្រាបៀរ Ganzberg ចំនួន២កេស និងទឹកត្នោតជូចំនួន៤លីត្រ។ រហូតដល់វេលាម៉ោង២០នឹង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានចុះពីលើផ្ទះល្វែងកំពុងសាងសង់ មកក្រោមដើម្បីបត់ជើងតូច រួចជនសង្ស័យក៏បាន ដើរចុះមកតាមក្រោយ ពេលជនរងគ្រោះចូលក្នុងបន្ទប់ទឹកបត់ជើងរួច ជនសង្ស័យក៏ស្រែកសួរពីខាងក្រៅថា ខ្ញុំសុំចូលបន្ទប់ទឹកជាមួយផងបានអត់? រួចជនរងគ្រោះក៏បានឆ្លើយបដិសេធថា ខ្លួនយើងឆ្កួតមែន? បន្ទាប់មកជនរងគ្រោះក៏បានបើកទ្វារបន្ទប់ទឹកដើរចេញមកក្រៅ ជនសង្ស័យបានរុញទ្វារខ្ទប់ទៅវិញ ជនរងគ្រោះក៏បានស្ទុះចេញមកខាងក្រៅ ជនសង្ស័យក៏បានចាប់ខ្ទប់មាត់អូសទៅកន្លែងស្ងាត់ ធ្វើសកម្មភាព ថើប បឺតមាត់ និងច្របាច់ដោះ រួចជនរងគ្រោះក៏បានស្ទុះឡើងទៅលើ ឱ្យមិត្តភក្តិជួយ ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់។ ហើយជនរងគ្រោះក៏បានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ លុះដល់វេលាម៉ោង១១នឹង០០នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុចការដ្ឋានសំណង់បុរីភ្នំពេញសុខសាន្ត ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវីធីច្បាប់តែម្តង។ ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថារូបគេ (ជនសង្ស័យ) ពិតជាបានផឹកស៊ី មានការនិយាយផ្តោះផ្តងជាប់ពាក្យសំដីជាមួយជនរងគ្រោះ រួចក៏បានធ្វើសកម្មភាពចាប់អោប ថើប ជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីវិធី ៕