កម្លាំងចម្រុះចុះឆែកឆេរផ្ទះ របស់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល
ភ្នំពេញៈនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ នគរបាលខណ្ឌពោធិ៍សែនជ័យ នគរបាលខណ្ឌកំបូល និងនគរបាលប៉ុស្តិ៍រដ្ឋបាលកំបូល ក្រោមការសម្របសម្រួលពីលោកគុជគឹមឡុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យនិងស្រាវជ្រាវផ្ទះមួយកន្លែងលេខB9 ផ្លូវបេតុងបុរីទឹម សាខន ស្ថិតនៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញដែលជាកម្មសិទ្ធរបស់ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្រោយពេលធ្វើការពិនិត្យជាក់ស្តែងគឺផ្ទះរបស់ជនសង្ស័យនេះបានចាក់សោរទុកចោលគ្មានមនុស្សនៅឡើយ ហើយក៏ឆែកមិនឃើញអ្វីដែរ ទើបពេលនោះគណៈកម្មការចម្រុះក្រោមការដឹកនាំបាន សម្រេចឃ្លុមបេចាក់សោរផ្ទះទុករួចប្រគល់ទៅឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃ្លាំមើលបន្តទៀត ។
គួរំលឹកថាថា កាលពីម៉ោង១២និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខផ្ទះសំណាក់យីហោ«សាំងហ័រទៀន» ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបាញ់ប្រហារនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បណ្តាលឱ្យបាត់បង់ជីវិត ដែលបង្កឡើងដោយជនដៃដល់មានគ្នា២នាក់ផ្ដើមចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍។
ក្រុមឃាតករបើករថយន្តម៉ាកLexus RX-300 ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខសៀមរាប 2A-4546 បុកពីក្រោយរថយន្តម៉ាក FORD Raptor F-150 ពាក់ស្លាកលេខភ្នំពេញ 2BD-3738 របស់ជនរងគ្រោះបណ្ដាលឲ្យរងការខូចខាត ហើយប្រុងគេចខ្លួនតែត្រូវជនរងគ្រោះដកកាំភ្លើងភ្ជង់ឲ្យឈប់ ។ក្រោយមកពេលដែលជនរងគ្រោះភ្លេចខ្លួនក៏ត្រូវជនដៃដល់ដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ រួចគេចខ្លួនបាត់តែម្ដង។
ជនរងគ្រោះឈ្មោះរ៉េត ស៊ីណែត ហៅញ៉ក់ អាយុ៣៩ឆ្នាំ ជាមន្ត្រីនគរបាលមានឋានន្តរស័ក្ដិវរសេនីយ៍ទោ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៦៩ ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានជនដៃដល់ខាងលើបានបាញ់ត្រូវខ្នង៣គ្រាប់និងថ្ងាស១គ្រាប់ ហើយបានបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។បន្ទាប់មកនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនដៃដល់។
លុះដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ទើបសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ដែលជាអ្នកបើករថយន្ត នៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី៤ ខែមករា ជនដៃដល់បានបើករថយន្តចេញពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគីរី ហើយបន្តចូលទៅកាន់ខេត្តមណ្ឌលគីរីហើយពេលទៅដល់ស្រុកកោះ ញែក ជនសង្ស័យ បានបើករថយន្តបំបុក បារ៉ាស់សមត្ថកិច្ច រត់គេចចូលព្រៃបាត់ ។ប៉ុន្តែពេលនោះកម្លាំងមនគរបាលបានឃាត់ខ្លួនស្ត្រី២នាក់និងក្មេងម្នាក់ដែលត្រូវជាប្រពន្ធកូននិងប្អូនសាច់ថ្លៃ របស់ ជនសង្ស័យរួចកម្លាំងនគរបាលកំពុងបន្តតាមចាប់ខ្លួនជនដៃដល់នោះទៀត៕