ផ្អាកអាជីវកម្មរោងចក្រផលឹតទឹកកកមួយកន្លែង នៅសង្កាត់ច្រាំចំរេះទី២ ជាបណ្ដោះអាសន្ន ទប់ស្កាត់ការជះក្លិន នាំឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ នៅជុំវិញតំបន់ខាងលើ
ភ្នំពេញ៖ដោយមានការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នាយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ ដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយ រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ចុះពិនិត្យទីតាំងសិប្បកម្មផលិតទឹកកកមួយកន្លែង ដែលបានធ្លាយឧស្ម័ន(ហ្គាស) ស្ថិតនៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។
ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យការលេចធ្លាយបំពង់ឧស្ម័ន ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ដែលបង្ករឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវដែលបានចុះដល់ទីតាំងជាក់ស្តែងនិងបានពិនិត្យរកឃើញថា ៖សិប្បកម្មខាងលើនេះ បានធ្លាយបំពង់ឧស្ម័ន(ហ្គាស)បណ្ដាលឱ្យជះក្លិន មកលើប្រជាពលរដ្ឋ ដែលរស់នៅជិតខាងនោះយ៉ាងខ្លាំង។
ក្នុងឱកាសនោះក្រុមការងារបានសម្រេចធ្វើកំណត់ហេតុណែនាំឱ្យម្ចាស់អាជីវកម្មរោងចក្រផលឹតទឹកកខាងលើផ្អាកជាបណ្ដោះអាសន្ន និងណែនាំឱ្យជួសជុលជាបន្ទាន់ ដើម្បីទប់ស្កាត់ការជះក្លិននេះ បង្ករឱ្យប៉ះពាល់ដល់បរិស្ថានរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ នៅជុំវិញតំបន់ខាងលើនេះ៕