ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរ​រៀបចំ​ដែនដី ខេត្ត​ព្រះសីហនុ បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​សម្រាប់​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង

51

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ៦ ខែមករា ឆ្នាំ ២០២១ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ រៀបចំ​ពិធី​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​សម្រាប់​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​លោក លៀម សូ​ដា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​រដ្ឋបាល តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ  លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ព្រៃនប់ លោក​អភិបាលស្រុក​ព្រៃនប់ តំណាង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ  អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ចូលរួម នៅក្នុង​បរិវេណ​សាលាឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ។​

​ក្នុង​ពិធី​នោះដែរ លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី បាន​មានប្រសាសន៍ថា ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ដល់​ប្រជាពលរដ្ឋ ដោយបាន​ធ្វើការ​វាស់វែង​ក្បាលដី​សរុប​បាន​ចំនួន ១៧,៤៩៦ ក្បាលដី បំពេញ​ទំរង់​បែបបទ​នៃ​ការប្រមូល ទិន្នន័យ​ក្បាលដី​ចំនួន ១៥,២៥៥ និង​បញ្ចូល​ទិន្នន័យ​ទៅក្នុង​កុំព្យូទ័រ​បាន​ចំនួន ១៤,៤៥៨ ទំរង់​បែបបទ បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ២,៩០១​ប័ណ្ណ ក្នុងនោះ​នៅ​ស្រុក​ស្ទឹងហាវ ក្រុមទី​១ ចុះ​វាស់វែង​ក្បាលដី​បាន​ចំនួន​៥,២៩២ បំពេញ ទំរង់​បែបបទ​នៃ​ការប្រមូល​ទិន្នន័យ​ក្បាលដី​ចំនួន ៣,៩៤៦ បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ​ភូមិ​១ ឃុំ​ទំនប់រលក​បាន​ចំនួន ១៨៤ ប័ណ្ណ  ចំណែក​ក្រុមទី ២ ធ្វើការ​ចុះបញ្ជី​ដីធ្លី​នៅក្នុង ស្រុក​ព្រៃនប់ ឃុំ​ជើងគោ និង​ឃុំ​ឧកញ៉ា​ហេង ចុះ​វាស់វែង​ក្បាលដី​សរុប​បាន​ចំនួន ៦,៥៨៥ បំពេញ​ទំរង់​បែបបទ​នៃ​ការប្រមូល​ទិន្នន័យ​ក្បាលដី​បាន​ចំនួន ៦,២១៥ បាន​បិទ​ផ្សាយ ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ចប់​ក្នុង ឃុំ​ជើងគោ និង​បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ​សរុប​បាន​ចំនួន ៧៧២ ប័ណ្ណ និង​ក្រុមទី ៣​ធ្វើការ​ចុះបញ្ជី​ដី​នៅក្នុង​ស្រុក​កំពង់​សិលា​ឃុំ​កំពង់​សិលា ចុះ​វាស់វែង​ក្បាលដី​សរុប​បាន​ចំនួន ៥,៥២៧ បាន​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ ភូមិ​ថ្មី និង​ភូមិ​វាល បាន​ចំនួន ១,៩៤៥ ។​

​លោក លៀម សូ​ដា អភិបាលរង​ខេត្ត មានប្រសាសន៍ថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​អនុ​វត្ថ​ទៅតាម​នីតិវិធី និង​បច្ចេកទេស​វិទ្យា​ទំនើប មាន​តម្លាភាព និង​ការទទួលខុសត្រូវ ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​កំពុង​អនុវត្ត ហើយ​នឹងមាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី ។ នេះ​ជា​ប្រការ​សមស្រប​បំផុត ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ទំនាស់ ដីធ្លី​នៅក្នុង​សង្គមជាតិ​យើង ។​

​លោក​បាន​បន្តទៀតថា ដើម្បី​សម្រេចបាន​ដល់​ការចេញ​វិ​ញ្ញាប​ន​ប័ត្រ​សំគាល់​អចលវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​) នីមួយៗ គឺមាន​ការងារ​ច្រើនណាស់ ដែល​ទាមទារ​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ជំនាញ និង​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី ឫ​អ្នកកាន់កាប់​ដី​ទាំ​អ​អស់​រួមទាំង​មន្ទីរ និង​ស្ថា​ប័​ន្ធ ហើយ​ពិសេស​គឺ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវមាន​កិច្ចសហការ​ល្អជា​មួ​យម​ន្ត្រី​ជំនាញ​ដោយ​ជួយ​ធ្វើការ​បញ្ជាក់​ឯកសារ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​ម្ចាស់​ដី អត្តសញ្ញាណ​ក្បាលដី និង​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​​ដល់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ ឫ​អ្នកកាន់កាប់​ដី មក​ចូលរួម​ក្នុងការ​ពិនិត្យ ផ្ទៀងផ្ទាត់​ក្បាលដី​របស់ខ្លួន ឲ្យ​បាន​គ្រប់គ្នា​ក្នុងកំឡុងពេល​បិទ​ផ្សាយ​នេះ ដើម្បី​ធានា​នូវ​ភាព​សុក្រឹត​ត្រឹមត្រូវ​ក្នុង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួកគាត់ ៕​

 

អត្ថបទដែលជាប់ទាក់ទង