សហគមន៍ផ្តល់ជំនួយ បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាពមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់ កាលទី៤ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន៖ UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) និងប្រទេសនូវែលសេឡង់ ដើម្បីពិនិត្យលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសកម្មភាពការងារឆ្នាំ២០២១។
ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ ចំពោះការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចាប់តាំងពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០២០ នេះ បានរំដោះផ្ទៃដី និងផ្តល់ដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋបានប្រមាណ ២៥២ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋ ទទួលផលប្រមាណជាង ១ លាននាក់។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងដំណាក់កាលទី៤ នេះ រួមមានUNDP ប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ និងប្រទេសនូវែលសេឡង់។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចាត់ទុក UNDP គឺជាដៃគូដ៏រឹងមាំ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកការគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេសសម្រាប់វិស័យមីននៅកម្ពុជា។
លោក Nick Beresford តំណាង UNDP ប្រចាំកម្ពុជា បានអបអរសាទរចំពោះអាជ្ញាធរមីន ដែលបានសហការ យ៉ាងជិតស្និទ្ធជាមួយ UNDP ក្នុងការអនុវត្តដោយជោគជ័យនូវតម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ក្នុងរយៈពេល ជាង១៥ឆ្នាំកន្លងមក ហើយ រួមគ្នាបន្តដំណើរជួយសង្គ្រោះជីវិត និងរំដោះដីសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនោះ លោក Nick Beresford ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
តំណាងប្រទេសអូស្ត្រាលី លោក David Bloch លេខាទី១ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសម្តែងនូវការ គាំទ្រដំណើការនៃការអនុវត្តគម្រោង និងភាពជឿជាក់លើសមត្ថភាពរបស់អាជ្ញាធរមីន និងការសម្របសម្រួលពី UNDP ក្នុង ការអនុវត្តគម្រោងដំណាក់កាល ទី៤ រហូតដល់ឆ្នាំ២០២៥ ដោយជោគជ័យតាមផែនការដែលបានគ្រោងទុក។ អូស្ត្រាលីនឹងជួយគម្រោងសម្រាប់ដំណាក់កាល ទី៤ បន្តទៀត ទោះបីជាពិភពលោកកំពុងបង្វែរថវិកាមួយចំនួនប្រយុទ្ធប្រឆាំងទប់ស្កាត់ Covid-19 ក៏ដោយ។
លោក Elliott Kirton លេខាទី១ ស្ថានទូតប្រទេសនូវែលសេឡង់ ប្រចាំនៅប្រទេសថៃ ដែលបានចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធ Online បានសម្តែងនូវការពេញចិត្ត ចំពោះការចូលរួមថវិកា សម្រាប់បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាល ទី៤។ តំណាងស្ថានទូត សង្ឃឹមថា នឹងមានឱកាសចុះពិនិត្យ និងសិក្សាស្វែងយល់អំពីតម្រូវការចាំបាច់បន្ថែមទៀត ក្នុងប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា នាថ្ងៃណាមួយ។
លោក Rho Hyunjun mun ប្រចាំប្រទេសនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ KOCA នៅកម្ពុជា បាន បញ្ចាក់ អំពីការចូលរួមជាមួយគម្រោងបោសសម្អាតមីនដំណាក់កាលទី៤ ជាថវិកាប្រមាណ ១០លានដុល្លារ។ តំណាង KOICA បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរមីន ដែលបានបញ្ជូនមន្ត្រីជំនាញចូលរួមវគ្គបណ្តុះបណ្តាលរៀបចំ ដោយ KOICA ដើម្បីផ្លាស់ប្តូរចំនេះដឹង និងបទពិសោធន៍ជាមួយបណ្តាប្រទេសរងផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងឆ្នាំ២០១៩ កន្លងមក។
អង្គប្រជុំបានឯកភាពគ្នារលើចំណុចធំៗ មួយចំនួនរួមមាន៖ អាជ្ញាធរមីន និងUNDP រៀបចំសកម្មភាពឆ្លើយតបនឹងការពង្រឹងសមត្ថភាពជាតិ ដើម្បីបន្តគ្រប់គ្រងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បន្ទាប់ពីឆ្នាំ២០២៥។ អាជ្ញាធរមីន និងUNDP រៀបចំឆ្លើយតប និងអនុវត្តលើការផ្តល់អនុសាសន៍ របស់ទីប្រឹក្សាវាយតម្លៃលើការអនុវត្ត សកម្មភាពបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន។ អនុញ្ញាតឲ្យអាជ្ញាធរមីន បន្តសកម្មភាពពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តគម្រោង ចាប់ពីឆ្នាំ២០២១ នេះតទៅ ។ អនុញ្ញាតឲ្យអាជ្ញាធរមីន អនុវត្តតាមផែនការអប់រំយល់ដឹងអំពីមីន និងកិច្ចសង្គ្រោះជនពិការដោយសារមីន ដោយប្រើប្រាស់ថវិកាជំនួយសម្រាប់ឆ្នាំ ២០២១-២០២៥ ។ អនុញ្ញាតឲ្យអាជ្ញាធរមីន ជ្រើសរើសមន្ត្រីអនុវត្តគម្រោងចំនួន ៣រូប បម្រើការជួយការងារថ្នាក់ក្រោមជាតិ នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន។
សូមបញ្ជាក់ថា គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាល ទី៤ មានរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០- ២០២៥ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២០លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតជាសំខាន់ទៅលើលទ្ធផលធំៗ ចំនួនបី ទី១-ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំ យល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ៕