លទ្ធផលនៃការអភិវឌ្ឍកម្មវិធីសិក្សា តាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ Android និង iOS
ភ្នំពេញ៖ កិច្ចប្រជុំស្ដីពីលទ្ធផលនៃការអភិវឌ្ឍកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ Android និង iOS ដែលជាកិច្ចសហការគ្នារវាងក្រសួងអប់រំ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងក្រុមការងារនៃនាយកដ្ឋានជំនាញដែលធ្វើការសម្របសម្រួលលើអភិវឌ្ឍកម្មវិធីនេះនៅថ្ងៃទី៦ មករា ២០២១ ទីស្ដីការក្រសួង។
កម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកតាមទូរសព្ទនេះ ផ្ដល់ដល់គ្រូបង្រៀន និងសិស្សានុសិស្សនូវ
១-វីដេអូសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២
២-សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល ចំណេះដឹងទូទៅ រឿងនិទាន និងសៀវភៅភាសាបវរទេសជាដើម
៣-កម្មវិធីតេស្តសមត្ថភាពសិស្ស (Quiz)
៤-ទំព័រព័ត៌មានអប់រំ។
ដោយឡែកមុខងារផ្សេងៗរបស់កម្មវិធីមាន៖
១-រាល់វីដេអូសិក្សា និងសៀវភៅ អាចទាញយក (Download) ទុកក្នុងទូរស័ព្ទសម្រាប់ប្រើប្រាស់ពេលទូរស័ព្ទមិនភ្ជាប់អ៊ីនធឺណិត (Offline)
២-ឯកសារមេរៀននៅភ្ជាប់ជាមួយវីដេអូនីមួយៗ សម្រាប់ជាជំនួយដល់សិស្ស និងអាចទាញយកមកប្រើប្រាស់បាន
៣-វេទិកាសំណួរចម្លើយនៅក្រោមវីដេអូសិក្សានីមួយៗ
៤-អាចប្រើប្រាស់បាន០៥គណនីលើទូរស័ព្ទតែមួយ
៥-តារាងកាលវិភាគសិក្សាផ្ទាល់ខ្លួន និងរំឭកពេលដល់ម៉ោងសិក្សា
៦-ក្រាបតាមដានចំនួនដងនៃការប្រើប្រាស់កម្មវិធី ភាគរយសិក្សាតាមមុខវិជ្ជា និងតាមមេរៀន និងតាមលទ្ធផលតេស្ត។
កិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញអំពីកម្មវិធីដោយក្រុមការងារអភិវឌ្ឍកម្មវិធីជូនថ្នាក់ដឹកនាំ និងបានបើកការពិភាក្សាលើដំណើរការបញ្ចូលមាតិកាអប់រំនានារបស់ក្រសួងទៅក្នុងកម្មវិធី កំណត់ឈ្មោះផ្លូវការរបស់កម្មវិធី ការរក្សាទុកទិន្នន័យរបស់កម្មវិធី ការចុះឈ្មោះកម្មវិធីទៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និង iOS ដើម្បីដាក់ឱ្យប្រើប្រាស់ និងត្រួតពិនិត្យលើលក្ខន្តិកៈនៃការប្រើប្រាស់កម្មវិធី ដោយមានការសម្របសម្រួលដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងប្រមូលធាតុចូលពីនាយកដ្ឋានជំនាញមានដូចជា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ កិច្ចការប្រឡង បឋមសិក្សា អប់រំកុមារតូច អប់រំក្រៅប្រព័ន្ធ អប់រំពិសេស ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ អភិវឌ្ឍកម្មវិធីសិក្សា និងគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្ដម ហ៊ុន ម៉ានី និងក្រុមការងារអភិវឌ្ឍកម្មវិធីទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើតកម្មវិធីនេះឡើង ស្របពេលដែលវិស័យអប់រំកំពុងមានតម្រូវការខ្លាំងលើការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដោយសាររងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ និងស្របតាមចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល៕