ដើមឈើធំៗជាច្រើនដើមនៅ លើសួនកាណាឌីយ៉ា មានអាយុកាលជាង៣០០ឆ្នាំហើយ ដោយសារពុកផុយគល់ដើមឈើ៣ដើម អាជ្ញាធររាជធានី នឹងកាប់យកចេញ នៅសប្តាហ៍ក្រោយ
ភ្នំពេញ៖ ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ានៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញមានអាយុកាលជាង៣០០ឆ្នាំហើយ ហើយក្នុងចំនួននេះ ដើមឈើចំនួន៣ដើមអាជ្ញាធររាជធានី ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូទៅនឹងមានហានិភ័យដល់ប្រជាពលរដ្ឋជាអ្នកដំណើរ ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកនៅព្រឹកថ្ងៃ០៨ មករានេះថាដើមឈឺធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះមានចំនួនប្រមាណ៥០ដើមនិងមានអាយុកាលប្រមាណជាជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍ក្រោយ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញនិងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើដែលនៅសល់ក្រៅពីបីដើមនេះ អង្គភាពរបស់លោកនឹងកាត់គ្រី(លះមែកចេញ)ផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យកាន់តែមានសោភ័ណភាពស្រស់បំព្រងផងដែរ ។
លោកសំ សាមុត ក៏បានបន្ថែមទៀតថា សម្រាប់ដើមឈឺនៅរមណីយដ្ឋានវត្តភ្នំវិញគឺមានចំនួនដើមឈើសរុបប្រមាណជា៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនគឺមានអាយុកាលប្រមាណជាង៥០០ឆ្នាំហើយ ក្រោមការមើលថែទាំជាប្រចាំពីអាជ្ញាធររាជធានីភ្នំពេញ។
គួរបញ្ជាក់ថា រាជធានីភ្នំពេញ ត្រូវបានកកើតជាលើកដំបូងនៅក្នុងសតវត្សរ៍ទី១៥ ក្នុង អំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) នៅពេលដែលព្រះ អង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មីមួយទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេស្គាល់ ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ព្រះអង្គ បានគង់នៅទីនោះបានតែមួយឆ្នាំគត់ដោយសារតែមាន ទឹកជំនន់រាល់រដួវវស្សា ព្រះអង្គបានផ្លាស់ប្តូររាជធានីហើយបានមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ ១៤៣៤ ដែលសព្វថ្ងៃជារាជធានីភ្នំពេញនេះឯង៕