ប្រធានាធិបតីឥណ្ឌូនស៊ី សម្តែងមរណទុក្ខ ចំពោះគ្រួសារសាច់ញាតិជនរងគ្រោះដោយធ្លាកយន្តហោះ
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃអាទិត្យនេះ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសាច់ញ្ញាតិជនរងគ្រោះ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសារព័ត៌មានពីចម្ងាយ លោក Widodo បានគូសបញ្ជាក់ដូច្នេះថា៖ «តំណាងឱ្យរដ្ឋាភិបាល និងប្រជាជនឥណ្ឌូណេស៊ីទាំងអស់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំ ចំពោះសោកនាដកម្មមួយនេះ»។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានជំរុញផងដែរ ឱ្យក្រុមអ្នកជួយសង្រ្គោះ និងយោធា បញ្ចប់ការតាមរកយន្ដហោះបាត់ខ្លួន និងជួយសង្រ្គោះជនរងគ្រោះ ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយមិនតែប៉ុណ្ណោះលោកក៏បានអំពានាវផងដែរ ឱ្យប្រជាជនជួយបួងសួងទាំងអស់គ្នា ដើម្បីរកឃើញ ជនរងគ្រោះក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូនេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)តែ៥ករូវបាត់ពីប្រព័ន្ធរាដាក្រោយហោះ៤នាទី។