ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងព្រះសីហនុ បានចូលរួមសម្អាតឆ្នេររយៈពេល៥ថ្ងៃ ប្រមូលសំរាមដឹកចេញបាន ៥០២តោន

124

ព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្តព្រះសីហនុ លោកអភិបាល ក្រុងព្រះសីហនុ និងមន្ទីរ អង្គភាពជំនាញ បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់បងប្អូនប្រជាការពារ បុគ្គលិកសំអាតអនាម័យឆ្នេរ ឆ្នាំឆ្នេរ បុគ្គលិកក្រុមហ៊ុនសម្អាតសំណល់សំណង់ និងបុគ្គលិកក្រុមហ៊ុនពិស្ណុការ សរុបចំនួន១៣៥នាក់ ដែលបានចូលរួមក្នុងការងារសម្អាតឆ្នេរនាពេលកន្លងមក។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានរាយការណ៍ថាការងារកាយសម្អាតគល់ឈើ និងកាត់ដើមឈើងាប់ ព្រមទាំងកាយសម្អាតថ្មនៅ បណ្ដោយឆ្នេរអូរត្រេះ១ អូរត្រេះ២ និងឆ្នេរអូរឈើទាល២ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២១ សរុបការប្រមូលគល់ឈើ ដើមឈើងាប់ និងសម្អាតដុំថ្មនៅតាមឆ្នេរអូរត្រេះ១ អូត្រេះ២ និងឆ្នេរអូរឈើទាល២ បានចំនួន ៤២ជើង (ឡាន) ស្មើនឹង ៥០២តោន ដោយប្រើកម្លាំងសរុបជាង១០០នាក់។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងព្រះសីហនុ អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច បងប្អូនប្រជាការពារ បុគ្គលិកសម្អាតឆ្នេរ ក្រុមហ៊ុន និងឆ្មាំឆ្នេរ ដែលបានចូលរួមសម្អាតឆ្នេររយៈពេល៥ថ្ងៃ ប្រមូលសំរាមដឹកចេញបាន ៥០២តោន ក្នុងស្មារតី ទទួលខុសត្រូវជាអ្នកមើលថែទាំ សំអាតឆ្នេរឱ្យមានភាពស្រស់ស្អាត។ លោក បានមានប្រសាសន៍បន្ថែមថា កាលពីមុននៅតំបន់នេះ មានការលំបាកដោយសារមានសំរាម និងផលប៉ះពាល់ជាច្រើន ដោយសារមិនមានលំហសាធារណៈ ហើយយើងបានរួមគ្នាប្រឹងប្រែង ដើម្បីរៀបចំកែលម្អបន្តិចម្ដងៗ រហូតក្លាយ ជាលំហសាធារណៈមានឆ្នេរ មានកន្លែងដើរកម្សាន្ត ទោះបីថ្ងៃនេះ យើងបានដឹកសំរាមចេញ មានគល់ឈើ ដើមឈើងាប់ និងដុំថ្មជាង ៥០០តោនក៏ដោយ ក៏សំរាមនៅមិនទាន់អស់នៅឡើយទេ ម្យ៉ាងទៀតភាពស្អាត ដែលយើងមើលឃើញថ្ងៃនេះ គឺទទួលយកបាន ក៏ប៉ុន្តែនៅពេលខាងមុខ យើងនឹងបន្តកែលម្អរឱ្យមានភាព ស្រស់ស្អាតបន្ថែមទៀត ដើម្បីធានាថា អ្នកទេសចរទាំងឡាយ មកកម្សាន្តនៅទីនេះ មិនរំខានដោយសារដុំថ្ម កំទេចឈើ ឬសំរាម ហើយនៅមានកិច្ចការជាច្រើនទៀត ដែលយើងត្រូវរួមគ្នាធ្វើបន្ត។ លោក បានបន្តថា សំរាមកើតចេញមកដោយសារមនុស្ស ឬអ្នកទេសចរខ្លះ ដែលយកមកប្រើប្រាស់ ហើយមិនបានយកត្រឡប់ទៅវិញ ដោយបន្សល់ទុកនូវសំរាម ។ រដ្ឋបាលខេត្តមានផែនការ ជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យឆ្នេររបស់យើងកាន់ តែមានភាពស្រស់ស្អាត នឹងអាចទាក់ទាញភ្ញៀវទេសចរ មកកំសាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា “តារារះនាទិសនារតី” ដោយផ្អែកលើសក្តានុពលឆ្នេរសមុទ្រ ដូច្នេះយើងទាំងអស់គ្នា មានភារកិច្ចនៅទីនេះ ប្ដេជ្ញាចិត្តចូលរួមថែរក្សាឆ្នេរសមុទ្រឱ្យបានស្អាត។

លោក អភិបាលខេត្ត បានបន្តទៀតថា រដ្ឋបាលខេត្តបាន ណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្ដុះកូនស្ងាវ ដើម្បីយកមកដាំនៅ តាមបណ្តោយឆ្នេរសមុទ្ររបស់យើង នាពេលខាងមុខ ព្រោះដើមស្ងាវវាសាកសម ដុះនៅតាមឆ្នេរសមុទ្រ ដោយផ្តល់នូវសោភ័ណភាព ភាពមនោរម្យ និងផាសុខភាព
ដោយទាក់ទាញ បានភ្ញៀវទេសចរជាតិ អន្តរជាតិ។

ក្នុងឱកាសនោះ លោក គួច ចំរើន បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនប្រជាការពារ បុគ្គលិកសំអាតអនាម័យឆ្នេរ ឆ្នាំឆ្នេរ បុគ្គលិកក្រុមហ៊ុនសម្អាតសំណល់សំណង់ និងបុគ្គលិកក្រុមហ៊ុនពិស្ណុការ សរុបចំនួន ១៣៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ២០០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង