បុគ្គលិកមកពីតាមបណ្ដាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍នៅក្នុងខេត្តព្រះសីហនុនិងខេត្តកំពតបានចូល រួមវគ្គបណ្ដុះបណ្ដាល អ្នកវាយតម្លៃបង្គោលផ្នែកបំរើម្ហូបអាហារភេសជ្ជៈនិងផ្នែកការិយាល័យជួរមុខ
ខេត្តព្រះសីហនុ៖ ដើម្បីបង្កើន សមត្ថភាពដល់ បុគ្គលិកនៅតាមបណ្ដាលមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងខេត្តព្រះសីហនុនិងខេត្តកំពតនៅព្រឹកថ្ងៃទី ១១ ខែមករាឆ្នាំ ២០២១ នេះ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីអ្នកវាយតម្លៃបង្គោលផ្នែកបំរើម្ហូបអាហារភេសជ្ជៈនិងផ្នែកការិយាល័យជួរមុខរយៈពេល ៦ ថ្ងៃដើម្បីបង្កើនសុវត្ថិភាពទៅដល់បុគ្គលិកតាមបណ្ដាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២១ នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងថា វគ្គបណ្ដុះបណ្ដាល អ្នកវាយតម្លៃបង្គោលផ្នែកបំរើម្ហូបអាហារភេសជ្ជៈនិងផ្នែកការិយាល័យជួរមុខ សម្រាប់បុគ្គលិកនៅតាមបណ្ដាលអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់នៅក្រុងព្រះសីហនុ និងខេត្តកំពត នាពេលនេះគឺមានសារៈសំខាន់ព្រោះខេត្ត ទាំងពីរកំពុងមានការអភិវឌ្ឍន៍រីកចំរើនក្នុងនោះវិស័យទេសចរណ៍គឺជាវិស័យអាទិភាពមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាលបានចាត់ទុក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។
លោកប្រធានមន្ទីរក៏បានបន្ថែមថាសូមឱ្យសិក្ខាកាមទាំងអស់ ដែលមកពីបណ្ដាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលនេះឲ្យបានចប់ចុងចប់ដើមព្រោះវគ្គនេះមានសារៈសំខាន់ដល់សិក្ខាកាមទាំងអស់គឺជាគ្រូបង្គោលផ្នែកការិយាល័យជួរមុខ ក្រោយពីបញ្ចប់វគ្គ បងប្អូនទាំងអស់នេះហើយ គឺជា អ្នកវាយតម្លៃបង្គោលផ្នែកបម្រើម្ហូបអាហារនិងភេសជ្ជៈនិងផ្នែកការិយាល័យជួរមុខ បង្រៀនទៅដល់បុគ្គលិកនៅតាមអាហារដ្ឋានភោជនីយដ្ឋាន សេវាកម្មទេសចរណ៍ផ្សេងៗរបស់ខ្លួនបន្តទៀត។
លោកប្រធានមន្ទីរ ទេសចរណ៍ខេត្តក៏បានបន្ថែមថាដោយសារតែជំងឺកូវីដ19 ធ្វើឲ្យ ចំនួនភ្ញៀវទេសចរណ៍ ធ្លាក់ចុះ ដូចនេះជាឱកាសសម្រាប់បងប្អូនបុគ្គលិកបម្រើការងារនៅតាមអាហារដ្ឋានភោជនីយដ្ឋានសណ្ឋាគារបាន សិក្សារៀនសូត្រវគ្គជំនាញខ្លីៗ ដើម្បីបង្កើនសមត្ថភាពនៅពេលដែលជំងឺកូវីដ19 ស្ងប់ស្ងាត់ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមានការកើនឡើងវិញ គឺប្អូនៗមានចំណេះជំនាញបម្រើការទៅតាមស្តង់ដាជាតិនិងអាស៊ានផងដែរ ។
ហើយស្ថាប័នរដ្ឋគឺត្រូវមានការចូលរួមពីវិស័យឯកជនទើបធ្វើឲ្យ វិស័យទេសចរណ៍នៅក្នុងក្រុង ខេត្តនីមួយៗ មានការអភិវឌ្ឍន៍រីកចម្រើនតាមរយៈបុគ្គលិកដែលមានទេពកោសល្យ រួសរាយ រាក់ទាក់ សេវាកម្មល្អរហ័សទាន់ចិត្ត និងមានអនាម័យ ទាំងអស់នេះគឺជាទំនុកចិត្តរបស់ភ្ញៀវទេសចរណ៍ ចង់មកលេងកំសាន្ត៕