ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​ខេត្តកំពត​៖ ប្រាប់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ ឲ្យ​ជំរុញ​ការងារ​បង្កបង្កើនផល​ជា​លក្ខណៈ​គ្រួសារ​ឱ្យបាន​ច្រើន​

51

 

​កំពត​៖ បើទោះបី​កម្ពុជា​យើង ការប្រមូល​ផល​ស្រូវ​ឆ្នាំនេះ​មាន​លក្ខណៈ​ល្អប្រសើរ​ហើយ​អាច​សល់​នាំ​ចេញលក់​ក្រៅប្រទេស​មានតម្លៃ​សមរម្យ​បែបនេះ​ក្តី អភិបាល​ខេត្តកំពត នៅតែ​ប្រាប់​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​ការខិតខំ​យកចិត្តទុកដាក់​ការងារ​បង្កបង្កើនផល​ដាំ​ដុះ​និង​ចិញ្ចឹមសត្វ​តាម​គ្រួសារ​និ​មួយៗ​ឲ្យ​បាន​កាន់តែ សម្បូរបែប​ថែមទៀត​ដើម្បី​បង្កើន​ជីវភាព​គ្រួ​សារបាន​កាន់តែ​ធូរធារ​។​

ការជំរុញ​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ដូចនេះ គឺ​ក្នុងឱកាស​នៃ​ពិធី ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ១០០​គ្រួសារ នៅក្នុង​ស្រុក​កំពង់ត្រាច និង​ស្រុក​ដងទង់​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ ២០២១ នៅ​សាលា​វិ​ទ្យ​ជា​ល័យ​បិតា​ជាតិ ស្រុក​កំពង់ត្រាច​ខេត្តកំពត​។​

លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្តកំពត បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​កម្ពុជា​យើង​ភាគច្រើន ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម គឺ​ការដាំដុះ​និង​ចិញ្ចឹមសត្វ​ទ្រង់ទ្រាយ​ធំ​ឬ​តូច តាម​លក្ខណៈ​គ្រួសារ ស្របទៅនឹង​អ្វី​ដែលជា​គោលនយោបាយ​ជំរុញ​លើកទឹកចិត្ត​ក្នុង​វិស័យ​កសិកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​ក៏ដូចជា​ផែនការកម្ម​វិធី​របស់​ក្រសួងកសិកម្ម ដើម្បី​ធ្វើយ៉ាងណា​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ឡើង​ថែមទៀត​។ ជាក់ស្ដែង​ស្ថិត ក្នុងស្ថានភាព អន្តរកាល​នៃ​វិបត្តិ​ជំងឺ​កូ​វីត​១៩ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ទូទាំង​សកលលោក​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ តែ​កម្ពុជា​យើង តាមរយៈ​ការជំរុញ​លើកទឹកចិត្ត​ការដាំដុះ​ដំណាំ​និង​ចិញ្ចឹមសត្វ​នេះ គឺ​កម្ពុជា​យើង​នៅ​មិនទាន់មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ខ្វះ​ស្បៀងអាហារ​ឡើយ​។

ចំពោះ​អំណោយ​ដែល​បាន​ផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅពេលនេះ គឺ​គ្រាន់តែ​ជាការ​រួមចំណែក​រំលែក​ការលំបាក​ខ្វះខាត​របស់​បងប្អូន​បាន​មួយរយៈ​ខ្លី​ប៉ុណ្ណោះ បញ្ហាសំខាន់​សូម​បងប្អូន​ត្រូវ​បន្ត​យកចិត្តទុកដាក់​ដាំ​ដុះ​ចិញ្ចឹមសត្វ​រួមផ្សំ ដើម្បី​ធានា​និង​បង្កើន​ជីវភាព​គ្រួសារ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​
ជាមួយ​ឱកាស​នោះដែរ លោក​ភិ​បាល​ខេត្ត​ក៏បាន នាំមក​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ និង​បាន​អំពាវនាវ លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​គ្រប់រូប បន្ត​អនុវត្ត​វិធាន​អនាម័យ​រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត​ឲ្យ​បានជា​ប្រចាំ ពិសេស​ទៀត​នោះ​គឺ​ការអនុវត្ត​វិធាន​សុវត្ថិភាព​សង្គម ដើម្បី​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ កុំឱ្យ​ឆ្លង​ចូលដល់​ក្នុង​សហគមន៍​ខេត្តកំពត ហើយ​បើ​មិនមាន​ការចាំបាច់​សូមកុំ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដែលមាន មនុស្សម្នា​ច្រើន​ព្រោះ​ជំងឺ​នេះ​នៅ​មិនទាន់​ផុតរលត់​ពី​សកលលោក​នៅឡើយ​ទេ​។​

សូមបញ្ជាក់ថា​៖ អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំង​ចំនួន​១០០ គ្រួសារ​ដែល​ក្នុងនោះ​មកពី​ស្រុក​កំពង់ត្រាច ៥០​គ្រួសារ និង​ស្រុក​ដងទង់​៥០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ស្ករស​១​គីឡូក្រាម និង​ថវិកា​មួយចំនួន​ផងដែរ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង