ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បញ្ជា​ឲ្យ​នគរបាល​រាជធានី​ភ្នំពេញ ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ដែលមាន​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង ក្រោយ​មន្ដ្រី​ខ្លះ​អនុវត្ត​លើស​ការណែនាំ​

63

(​ភ្នំពេញ​)៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ បាន​បញ្ជា​កម្លាំង​នគរបាល​ទាំង​១៤​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ផ្អាក​សកម្មភាព​ចាប់​ម៉ូតូ​ធំ​ដែលមាន​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន​សិន​។​

​ក្នុង​សារ​សំឡេង​ផ្ញើ​ទៅកាន់​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បញ្ជាក់ថា ការផ្អាក​បណ្ដោះអាសន្ន​នេះ គឺ​រង់ចាំ​ទទួលបញ្ជា​ថ្មី​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចៀសវាង​នូវ​ការ​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​ម៉ូតូ​ខ្លះ​មិនបាន​កែច្នៃ​នោះទេ ពោល​មាន​សំណុំដើម​មកពី​រោងចក្រ​តែម្ដង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​មើលឃើញថា ក្រោយ​មាន​បទបញ្ជា​ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឲ្យ​ចាប់​ម៉ូតូ​កែច្នៃ​បំពង់​ស៉ី​ម៉ាំង​លឺ​ខ្លាំង​បង្ក​ការរំខាន មាន​មន្ដ្រី​មួយចំនួន​បាន​អនុវត្ត​លើសពី​ការណែនាំ ហើយ​មាន​រូបភាព​ខ្លះ ចូលចាប់​ដល់​ក្នុងផ្ទះ​តែម្ដង ដែលជា​ការខុស​ពីបទ​បញ្ជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានដាក់​បទបញ្ជា​យ៉ាង​ដូច្នេះ​ថា «​តាម​ខណ្ឌ​ទាំងអស់​ផ្អាក​ធ្វើ​ការឃាត់​ម៉ូតូ​ធំ ម៉ូតូ​ដែលមាន​ស៉ី​ម៉ាំង​អត់​មាន​សំបុក​ដែលមាន​សំឡេង​លឺ​ខ្លាំង​សិន ផ្អាក​សិន​ដើម្បី​រង់ចាំ​បទបញ្ជា​ថ្មី […] ព្រោះ​ម៉ូតូ​ធំ​ខ្លះ​គេ​មាន​សំបុក​ស៉ី​ម៉ាំង​បើក​ទៅ​អត់​លឺ​រំខាន​ទេ ដូច្នេះ​ប្រភេទ​នេះ​អត់​មាន​ខុស​ទេ​»​។​

​គួរ​ជម្រាប​ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​នេះ បានដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ម៉ូតូ​ធំ ដែល​បង្ក​សំលេង​រំខាន​ដល់​ប្រជាពលរដ្ឋ​។​

​ការដាក់​បទបញ្ជា​រប​ស់ស​ម្ដេច​ក្រឡាហោម ស ខេង ធ្វើឡើង​បន្ទាប់ពី​សម្ដេច​សង្កេតឃើញ​ថា មាន​ករណី​ក្មេង​ទំនើង​មួយចំនួន​ជិះ​ម៉ូតូ​ធំ កែច្នៃ​បំពុង​ស៉ី​ម៉ាំង ខុស​លក្ខណៈ​បច្ចេកទេស​នៃ​ទ្រង់ទ្រាយ​ដើម ហើយ​មាន​សំលេង​លឺ​ខ្លាំង​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ ពិសេស​សម្ដេច​ផ្ទាល់​ក៏​ធ្លាប់​ជួប​ការរំខាន ដោយ​សំលេង​បំពុង​ស៉ី​ម៉ាំង​នេះ​ផងដែរ​។​

​បទបញ្ជា​ជាថ្មី​របស់​សម្ដេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​អន្ដរក្រសួង ដើម្បី​កែសម្រួល​លក្ខណៈសម្បត្តិ នៃ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​។ កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ទីស្ដីការ​ក្រសួងមហាផ្ទៃ ដែលមាន​ការចូលរួម​ពី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង​ដែលមាន​ការពាក់ព័ន្ធ និង​ប្រធាន​ស្ថាប័ន​ជាច្រើន​ផ្សេងទៀត​ផងដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​កត់សម្គាល់ថា កន្លងទៅ​អ្នកជិះ​ម៉ូតូ​ធំៗ​នេះ គឺ​ជិះ​លឿនៗ ហើយ​ខ្លះ​បាន​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ពេលខ្លះ​រំខាន​ដល់​ដំណេក​របស់​ថ្នាក់ដឹកនាំ​ថែម​ទៀតផង ដូច្នេះ​មន្ដ្រីនគរបាល ត្រូវ​ឃ្លាំមើល​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​កំណត់​អត្តសញ្ញាណ និង​អាសយដ្ឋាន​អ្នកជិះ​ម៉ូតូ​ទាំងអស់នេះ​៕​

អត្ថបទដែលជាប់ទាក់ទង