ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ នៅតែអាចប្រមូលចំណូលសម្រាប់ថវិកាជាតិបាន ២ ៨៨៩លានដុល្លារ កើន៣.៧៣% នៅឆ្នាំ២០២០

140

 

​ភ្នំពេញ ៖ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្ហាញថា សរុប​រយៈពេល ១២​ខែ ឆ្នាំ​២០២០ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន ១១.៧០០,៥២​ប៊ី​លាន​រៀល (​ប្រមាណ​ជា ២.៨៨៩,០២​លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​១០១,៣៦% នៃ​ផែនការ​ប្រចាំឆ្នាំ ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រមូលបាន​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ឃើញថា​កើនឡើង​ចំនួន ៤២៣,២០ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១០៤,៤៩ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៣,៧៣% ទោះ​ក្នុងស្ថានភាព​សេដ្ឋកិច្ច​សាកល ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​មិនទាន់មាន​ភាពប្រាកដប្រជា ជាពិសេស មានការ​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ចំពោះ​លទ្ធផល​ប្រមូល​ពន្ធ​ក្នុង​ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ប្រតិភូ​រាជរដ្ឋាភិបាល​បាន​បង្ហាញថា ចំណូល​ពន្ធ​-​អាករ​គ្រប់ ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន (​តាម​ប្រព័ន្ធ គ្រប់គ្រង​ទិន្នន័យ ចំណូល​អន​ឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ) មាន​ចំនួន ៩៧២,២៧ ប៊ី​លាន​រៀល (​ប្រមាណ​ជា ២៤០,០៧ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៨,៤២% នៃ​ផែនការ​ប្រចាំឆ្នាំ បើ​ធៀប​នឹង​ចំណូល​ពន្ធ -​អាករ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៩ ឃើញថា កើនឡើង​ចំនួន ១៩២,១១ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៤៧,៤៣ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ២៤,៦២%​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​នេះ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ និង​ប្រចាំឆ្នាំ​២០២០ ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ និង​វិធាន​ការសំខាន់ៗ​សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ ២០២១ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រោម​អធិបតីភាព​របស់​អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក គង់ វិបុល បាន​បញ្ជាក់ថា លទ្ធផល​ជាទី​មោទនៈ​នេះ គឺ​មិនអាច​កាត់ផ្តាច់​ចេញពី ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេស​ការគ្រប់គ្រង​ស្ថានការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ឆ្នាំ​២០២០ កន្លងមក និង​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ការដាក់​ផែនការ​យ៉ាង​មុត​ស្រួច​របស់ អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​លទ្ធផល​ការងារ​សំខាន់ៗ​សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​សម្រេចបាន​មាន​ដូចខាងក្រោម​៖
១)​បានធ្វើ​បច្ចុប្បន្នភាព​និង​កែសម្រួល​ប្រកាស​ស្ដីពី​ពន្ធលើប្រាក់ចំណេញ​ដែលមាន​អាយុកាល​ប្រមាណ ១៧​ឆ្នាំ តាមរយៈ​ការដាក់ចេញ​នូវ ប្រកាស​ស្ដីពី​ពន្ធ​លើ​ប្រាក់ចំណូល ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​លើកឡើង​ដោយ​វិស័យ​ឯកជន​។​

២)​បានធ្វើ​ការកែទម្រង់កា​រ​គ្រប់គ្រង ប្រមូល​បំណុល​ពន្ធដារ តាមរយៈ​ការដាក់ចេញ​នូវ​ប្រកាស​ស្ដីពី​ការគ្រប់គ្រង​បំណុល​ពន្ធដារ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ដោះស្រាយ​បញ្ហា​ប្រឈម ផ្ដល់​ភាពច្បាស់លាស់​និង​ត្រឹមត្រូវ​ក្នុងការ​កត់ត្រា​តាមដាន​ឥណទេយ្យ​ពន្ធ និង​អ្នក​ជាប់ពន្ធ​ងាយស្រួល​តាមដាន និង​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​។​

៣)​បាន​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ (E-Filing) ដោយ​ភ្ជាប់​ជាមួយ​មុខងារ​ទូទាត់​ប្រាក់​ពន្ធ​តាមរយៈ​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក និង​ប្រព័ន្ធ​ធនាគារ ដើម្បី​ពង្រឹង​នូវ​ប្រសិទ្ធភាព តម្លាភាព និង​សុក្រឹតភាព​នៃ​ការគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ ព្រមទាំង​ជាការ​ផ្ដល់​ភាពងាយស្រួល ជូន​អ្នក​ជាប់ពន្ធ​ដោយ​កាត់បន្ថយ​ពេលវេលា និង​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុងការ​បំពេញ ការដាក់​លិខិត​ប្រកាស និង​ការទូទាត់​ប្រាក់​ពន្ធ​។​

៤)​បាន​ចូលរួម​រៀបចំ​និង​អនុវត្ត​នូវ​យន្តការ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន (IT Platform) និង​បាន​ពង្រឹង​យន្តការ​ចុះបញ្ជី​ពន្ធដារ តាមរយៈ​ប្រកាស​ស្តីពី​ការចុះបញ្ជី​ពន្ធដារ​និង​ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អ្នក​ជាប់ពន្ធ ។​

៥)​បាន​ចូលរួម​រៀបចំ​និង​អនុវត្ត​ប្រកាស​អន្តរក្រសួង​លេខ ២៦៤ ប្រក​.​សក​.​ដ​ជគ ស្តីពី​បែបបទ​និង​នីតិវិធី​នៃ​ការផ្ទេរកម្មសិទ្ធិ​យានយន្ត រវាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​ផ្តល់នូវ​យន្ត​ការផ្ដល់សេវា​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ​យានជំនិះ ដោយ​ផ្តល់​ជម្រើស​បន្ថែម​ជូន​ប្រជាពលរដ្ឋ​អាចដាក់​ពាក្យ​និង​បង់ប្រាក់​ពន្ធ​តាម​ប្រព័ន្ធ​អន​ទ្បា​ញ​។​

៦)​បានដាក់​ឱ្យប្រើ​ប្រាស់​សាកល្បង​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចែករំលែក​ទិន្នន័យ​-​ព័ត៌មាន រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​

៧)​បាន​ចូលរួម​រៀបចំ និង​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ផ្នែក​ពន្ធដារ ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ នៃ​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

៨)​បាន​ដាក់ឱ្យអនុវត្ត​នូវ​គោលការណ៍​នៃ​កម្មវិធី​កែទម្រង់​ធនធានមនុស្ស ជាពិសេស​គោលការណ៍​កំណត់​ចំណាត់ថ្នាក់ នៃ​កម្រិត​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង និង​ការទទួលខុសត្រូវ​រប​ស់​ប្រធាន​អង្គភាព (Merit and Demerit System)​។​

៩)​បាន​បន្តធ្វើ​ទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មាន ក្នុង​គោលដៅ​ពង្រឹង​ប្រសិទ្ធភាព​និង​ស័ក្ដិសិទ្ធិ​ភាព​ក្នុង​ការផ្ដល់សេវា​ជូន​អ្នក​ជាប់ពន្ធ ដោយ​ក្នុង​ឆ្នាំ​២០២០ បាន​អភិវឌ្ឍ​ប្រព័ន្ធ​ចំនួន ១៨ កម្មវិធី​ចំនួន ៤ និង​បានធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​និង​កម្មវិធី​ចំនួន ២៣ ហើយ​គិត​ចាប់ពី​ឆ្នាំ ២០១៤ – ២០២០ មាន​ប្រព័ន្ធ​និង​កម្មវិធី​ដែល​បាន​អភិវឌ្ឍ​សរុប​ចំនួន ៨៦​។​

១០)​បានរួម​ចំណែក​អនុវត្ត​ដោយ​ជោគជ័យ​និង​ប្រសិទ្ធភាព​សម្រាប់​ផែនការ​ឆ្នាំ ២០២០ ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ និង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។​

១១) ក្នុង​បដិការ​ណ៍​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​មិនទាន់មាន​ភាពប្រាកដប្រជា ជាពិសេស ការ​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ បាន​អនុវត្ត​ការគ្រប់គ្រង​ប្រមូល​ចំណូល​គ្រប់ និង​លើស​ផែនការ​ច្បាប់់​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០២០ និង​បាន​ចូលរួម​រៀបចំ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១​។​

១២)​បន្ត​ជំរុញ​បញ្ចប់​ការរៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ច្បាប់​ស្ដីពី​សារពើពន្ធ ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ ធានា​ភាពច្បាស់លាស់ ប្រសិទ្ធភាព ស័ក្ដិសិទ្ធិ​ភាព នីត្យានុកូលភាព និង​សង្គតិភាព​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​។​

១៣)​ត្រៀម​អនុវត្ត​យន្តការ​គ្រប់គ្រង​ប្រមូល ចំណូល​ពន្ធ​លើ​វិស័យ​ផលិត​ស្រា​បៀរ ដោយ​កែសម្រួល​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ដោយ​ប្រើប្រាស់​ឧបករណ៍​ទំនើប​ស្វ័យប្រវត្តិ​។​

១៤)​បន្ត​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​លើ​វិស័យ​ដែល​នៅមាន​សក្តានុពល ដើម្បី​ធានាបាន​នូវ​តម្លាភាព និង​មាន​ភាព​ប្រកួតប្រជែង ជាអាទិ៍ វិស័យ​ទូរគមនាគមន៍​, វិស័យ​ស្រា​បៀរ​និង​ភេសជ្ជៈ​, វិស័យ​ថ្នាំជក់​និង​បារី​។​

១៥)​បន្តធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធគ្រប់គ្រង​បំណុល​ពន្ធ ដែល​នឹង​កត់ត្រា និង​រក្សា​ប្រវត្តិ​បំណុល​ពន្ធ​ច្បាស់លាស់ មានការ​វិភាគ​នូវ​ហានិភ័យ​បំណុល​ពន្ធ​ត្រឹមត្រូវ និង​ផ្ដល់​លទ្ធភាព​ខ្ពស់​ដល់​រដ្ឋបាល​សារពើពន្ធ ក្នុងការ​គ្រប់គ្រង​ប្រមូល​បំណុល​ពន្ធ​។​

១៦)​ត្រៀម​ដាក់ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​តាម​ទូរ​សព្ទ ដែល​នឹង​ផ្ដល់​ភាពងាយស្រួល​ជូន​អ្នក​ជាប់ពន្ធ ក្នុងការ​ពិនិត្យ​ព័ត៌មាន​អចលនទ្រព្យ​របស់ខ្លួន និង​បង់ពន្ធ​លើ​អចលនទ្រព្យ​តាម​ទូរ​សព្ទ​ដៃ​តែម្ដង ។​

១៧)​ត្រៀម​ដាក់ឱ្យអនុវត្ត​កម្មវិធី​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​តាម​អន​ឡាញ ដែល​នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកជា​ប់ព​ន្ធ អាច​បង់ប្រាក់​ពន្ធ​តាម​អន​ឡាញ ហើយ​រដ្ឋបាល​សារពើពន្ធ​នឹង​បញ្ជូន​លតា​ប​ត្រ បញ្ជាក់​ការបង់ប្រាក់​ពន្ធ ដល់​គេហដ្ឋាន​របស់​អ្នក​ជាប់ពន្ធ​តែម្ដង​។​

១៨)​បន្តធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​កម្មវិធី តាមរយៈ​ការអភិវឌ្ឍ​និង​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​និង​កម្មវិធី​ថ្មីៗ ។​

១៩)​បន្ត​ពង្រឹង​ការផ្សព្វផ្សាយ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ព្រមទាំង​កំណែទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ ដោយ​ធ្វើ​ទ្បើង​តាម​កិច្ចប្រជុំ សិក្ខាសាលា វិបស្សនា ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា គេហទំព័រ ទំព័រ​ទំនាក់ទំនង​សង្គម និង​ការផ្សាយ​ផ្ទាល់​តាម​អន​ទ្បា​ញ​ពី​មជ្ឈមណ្ឌល​ឆ្លើយតប​តាម​ទូរ​សព្ទ (Call center) ជាពិសេស​ការរៀបចំ​ក​ម្ម​វិធី «​ពន្ធដារ​កម្ពុជា​» ដោយមាន​ការជួប​ជជែក​ជាមួយ​អ្នក​ជាប់ពន្ធ​ផ្ទាល់ តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម Facebook (GDT Facebook Live) ដើម្បី​ពន្យល់​និង​ដោះស្រាយ​ការលំបាក និង​ចម្ងល់​របស់​ប្រជាពលរដ្ឋ​។​

​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិផល និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រី​ទាំង​អស់នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុងការ​ចូលរួមចំណែក​បំពេញភារកិច្ច​អស់ ពី​កម្លាំងកាយ​ចិត្ត ជាពិសេស ក្នុងតំណាក់កាល​លំបាក ដែល​ម្ខាង​ត្រូវអនុវត្ត​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ឱ្យ​គ្រប់​តាម​ផែនការ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២០ ហើយ​ម្ខាង​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់ និង​ឆ្លើយតប​នឹង​វ​ប​ត្តិ​ជំងឺ​កូ​វីដ​-១៩ និង​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុងការ​សម្រួល​ផ្នែក​ពន្ធដារ​ជួយ​ដល់​វិស័យ​ទទួលរង​ផលប៉ះពាល់ តាមរយៈ​ការសម្រួល និង​ការអនុគ្រោះ​ពន្ធចំពោះ​វិស័យ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​បដិការ​ណ៍​នៃ​វិបត្តិ ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្រោយ​កូ​វីដ​-១៩ ដែល​ឆ្លើយតប និង​រក្សា​នូវ​លំនឹង​សង្គម​និង​អាជីវកម្ម ក៏ដូចជា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ក្រុម​ជន​ងាយ​រងគ្រោះ​។​

​សម្រាប់​ឆ្នាំ ២០២១​នេះ អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​គាំទ្រ​លើ​វិធាន​ការដែល​បានដាក់​ចេញ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ និង​បានផ្តល់​អនុសាសន៍​សំខាន់ៗ ជា​ទិសដៅ​អនុវត្ត​បន្ត​ដូចខាងក្រោម​៖

១) ត្រូវ​យកចិត្តទុកដាក់ ពិនិត្យ និង​សិក្សា​លើ​លទ្ធភាព​នៃ​ការប្រមូល​ចំណូល​ដែលមាន​សក្តានុពល​ផ្សេងទៀត ដោយ​គិតគូរ​ទាំង​ទិដ្ឋភាព​ចំណូល​សារពើពន្ធ និង​មិនមែន​សារពើពន្ធ ដើម្បី​ធានាបាន​នូវ​អនុលោមភាព​សារពើពន្ធ និង​ការប្រមូល​ចំណូល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ក្នុងនោះ​ប្រភព​ចំណូល​ពី​វិស័យ E-Commerce, វិស័យ​ប្រេងកាត​ដែលជា​សក្តានុពល​ថ្មី​, វិស័យ​ធន​ធន​រ៉ែ ព្រមទាំង​វិស័យ​ដែលមាន​សក្តានុពល​មួយចំនួនទៀត​។​

២)​រៀបចំ​កែសម្រួល​បទ​ប្ប​ញ្ញ​តិ​ក្នុងការ​កំណត់​និយមន័យ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ជំរុញ​សម្រួល​លើកកម្ពស់​សហគ្រាស​ធុន​តូច​និង​មធ្យម​មក​ក្នុង​ប្រព័ន្ធ ក្នុង​គោលដៅ​ជំរុញ​កំណើន​និង​បង្កើតជា​កាលានុវត្តភាព​សេដ្ឋកិច្ច​។​

៣)​ពង្រឹង​ការចុះបញ្ជី​ពន្ធដារ និង​ជំរុញ​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​សម្រាប់​សហគ្រាស​ក្នុង​វិស័យ​កាស៊ីណូ ដើម្បី​ធានា​ឱ្យបាន​នូវ​តម្លាភាព​សារពើពន្ធ និង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បានជា​អតិបរមា ។​

៤)​បន្ត​អនុវត្ត​កំណែទម្រង់​ស្ថាប័ន ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​-​ប្រព័ន្ធ​បច្ចេក​វិ​ទ្យ​ព័ត៌មាន​ដោយ​ធានា​យ៉ាងណា​បង្ក​ភាពងាយស្រួល (User Friendly) សម្រាប់​អ្នក​ជាប់ពន្ធ​និង​មន្ត្រី ព្រមទាំង​ពង្រឹង​អនុលោមភាព​សារពើពន្ធ ដើម្បី​ជំរុញ​ប្រសិទ្ធភាព និង​ភាព​ប្រទាក់ក្រឡា​ក្នុងការ​បំពេញបេសកកម្ម​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ។​

៥)​បន្ត​អនុវត្ត​ប្រកបដោយ​ការយកចិត្តទុកដាក់​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ របស់​រាជរដ្ឋាភិបាល ។​

៦)​បន្ត​ពង្រឹង​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន (IT Platform) ស្របតាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ ៨៤ អនក្រ​.​បក ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ ។​

៧) ពង្រឹង​និង​យកចិត្តទុកដាក់​លើ​ការធ្វើ​សវនកម្ម ស្របតាម​ខ្លឹមសារ​ប្រកា​សលេខ ២៧០ សហវ​.​ប្រក ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ ស្តីពី​សវនកម្ម​ពន្ធដារ ដែលជា​ជញ្ជីង​វាស់​នូវ​អនុលោមភាព​របស់​សហ​គ្រាស និង​ចៀសវាង​ការបង្ក​ការលំបាក​ដល់​អ្នក​ជាប់​ពន្ធ ។​

៨)​បន្ត​លើកកម្ពស់​និង​បញ្ជ្រាប​វប្បធម៌​បង់ពន្ធ ពង្រឹង​ការផ្សព្វផ្សាយ និង​អនុ​វត្តបទ​ប្បញ្ញត្តិ​ថ្មី​ពាក់ព័ន្ធ​នឹង​ពន្ធដារ ជូន​ដល់​មន្ត្រី​អនុវត្ត​ផ្ទាល់ អ្នក​ជាប់ពន្ធ និង​សាធារណជន ដើម្បី​ពន្យល់​និង​ដោះស្រាយ​ការលំបាក​និង​ចម្ងល់​របស់​ប្រជាពលរដ្ឋ​។​

៩)​បន្ត​កិច្ចសហការ និង​ពិគ្រោះ​យោបល់ ជាមួយ​វិស័យ​ពាក់ព័ន្ធ ដើម្បី​ទទួលយក​ធាតុ​ចូលក្នុង​ការសិក្សា​រៀបចំ និង​កែលម្អ បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ចាំបាច់​នានា​។​

​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ បាវចនា​-​គោលការណ៍ រួម​ក្នុងការ​បំពេញការងារ​ក្នុងនោះ (១) កៀរគរ​ប្រមូល​ឱ្យ​អ្នក​ជាប់ពន្ធ​ចូលក្នុង​ប្រព័ន្ធ​រួមមួយ (២) ធ្វើឱ្យ​អ្នក​ជាប់ពន្ធ​ងាយស្រួល​ក្នុងការ​បង់ពន្ធ (៣) រៀបចំ​ប្រព័ន្ធ​ការងារ​ឱ្យ​លំបាក​សម្រាប់​ការ​គេចវេះ​ពន្ធ និង (៤) ធានា​ឱ្យបាន​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព សមធម៌​ក្នុងការ​បង់ពន្ធ និង​យុត្តិធម៌​សង្គម​៕​

អត្ថបទដែលជាប់ទាក់ទង