CMAC មានផែនការបោសសំអាត បញ្ហាគ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យបានលើផ្ទៃដីប្រមាណ១១៣គីឡូម៉ែត្រការ៉េ នៅឆ្នាំ២០២១
បាត់ដំបង៖លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ CMAC មានផែនការបោសសំអាតបញ្ហាគ្រាប់មីន គ្រាប់បែកចង្កោមនិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យបានលើផ្ទៃដីប្រមាណ១១៣គីឡូម៉ែត្រការ៉េ បើប្រៀបធៀបនឹងឆ្នាំ២០២០កន្លងមក មានការកើនឡើងប្រមាណជិត១០% នៃផែនការ ដោយប្រើប្រាស់កម្លាំងចំនួនជាង១៥០០នាក់ ក្នុងការអនុវត្តផែនការនេះ ដោយត្រូវការថវិកាប្រមាណជាង១៤លានដុល្លារ ដែលរហូតមកដល់ពេលនេះ គម្រោងទាំងនោះប្រមាណ៩០%មាននៅក្នុងដៃហើយ ចំណែកគម្រោងស្ថិតនៅក្នុងស្ថានភាពចរចា និងពិភាក្សាគ្នាមិនបានគិតនៅក្នុងកញ្ចប់ថវិកានេះទេ។
លោក ហេង រតនា បានមានប្រសាសន៍ នៅក្នុងជំនួបជាមួយកងកម្លាំងប្រតិបត្តិការជួរមុខ គម្រោងបោសសំអាតមីនរបស់កងឯកភាពកម្ចាត់មីនទី១ ទី២ និងទី៣ ក្នុងពិធីប្រកាសបើកគម្រោងថ្មីមួយ ដែលហៅថាគម្រោងបោសសំអាតមីន ដើម្បីលទ្ធផល (CFR) ក្នុងដើមឆ្នាំ២០២១នេះ និងការជួបជាមួយមន្ត្រី CMAC ដើម្បីផ្តល់ប្រាក់បំណាច់ការងារជូនមន្ត្រីបុគ្គលិក ដែលបានបញ្ចប់ការងារចំនួន៦៥នាក់ ហើយត្រូវបញ្ចូលក្របខ័ណ្ឌក្នុងក្របខ័ណ្ឌកងខេមរភូមិន្ទ នៃក្រសួងការពារជាតិ ដែលបំពេញការងារនៅកងឯកភាពកម្ចាត់មីនទី២ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ព្រមទាំងបាត់បង់លទ្ធភាពពលកម្ម ពិការនិងចូលនិវត្តន៍ផងដែរ។ ការបើកគម្រោងថ្មីបោសសំអាតមីន ដើម្បីលទ្ធផល(CFR) ក្រោមជំនួយរបស់ UNDP ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី ញ៉ូហ្សឺឡែន កូរ៉េ កាណាដា គឺជាគម្រោងមួយក្នុងចំណោមគម្រោង៣៨គម្រោងរបស់អង្គភាព CMAC ដែលត្រូវដំណើរការនៅក្នុងឆ្នាំ២០២១នេះ ។
លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បើសិនជាកម្លាំងCMAC មិនទាន់មានឈរជើងនៅមូលដ្ឋានសហគមន៍ របស់ប្រជាពលរដ្ឋទេនោះ ហើយឃើញមានអ្វីសង្ស័យជាគ្រាប់មីន សូមកុំវាយ កុំប៉ះពាល់ កុំលើកដាក់បន្លាស់ទីតាំងគ្រាប់ទាំងនោះឲ្យសោះ ព្រោះវាអាចផ្ទុះបង្កនូវហានិភ័យខ្ពស់ ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ ត្រូវរាយការណ៍ឲ្យបានឆាប់ ដើម្បីកម្លាំង CMAC ចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ៕