ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ​កីឡា​សីដក់ បង្ហាញ​ពី​ជំនឿ​ចិត្ត ក្នុងការ​ប្រជែង​មេដាយ វ​សម្រាប់ SEA GAMES 2023

172

​ភ្នំពេញ​៖​លោក បណ្ឌិត មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា​បានបង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា​សីដក់​កម្ពុជា​​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រជែង​យក​មេដាយ​នៅ​ឆ្នាំ​២០២៣​ក្នុងខណៈដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២​នោះ ។​

​មេដឹកនាំ​សីដក់​កម្ពុជា​រូបនេះ​បាន​មាន​យោបល់​ថា​ពួកគេ​មាន​ទេពកោសល្យ​និង សមត្ថភាព​ខ្ពស់​ដែល​ទាំងនេះ​គឺ​បានមកពី​ការព្យាយាម​ហ្វឹកហាត់ ដោយ​គោរព​តាម​បទបញ្ជា​បច្ចេកទេស​ដោយ​យកចិត្តទុកដាក់ ។​
​លោក​ប្រធាន​សហព័ន្ធ​បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ប្រកួត​កីឡា​SEA GAMES ២០២៣​ខាងមុខនេះ គឺជា​កត្តា​មួយ​ដែល​ជម្រុញ​ឲ្យ​កីឡា​សីដក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែមាន​ការរីកចម្រើន​ទាំង​បរិមាណ និង​គុណភាព​ហើយ​កាន់តែ​ទទួលបាន​នូវ​លទ្ធផល​ល្អ​ខាងមុខ​នោះ​។​
​ជាមួយគ្នានេះ​សហព័ន្ធ​នឹង​ត្រូវខិតខំ​បណ្តុះបណ្តាល​ថ្នាក់​ថ្នាល បង្កើន​បរិមាណ​កីឡាករ​-​កីឡាការិនី​តាម​ក្លិប សមាគម​កីឡា​សីដក់​ឲ្យ​បាន​ទូលំទូលាយ ជាមួយនឹង​ការពង្រឹង​សមត្ថភាព​អាជ្ញាកណ្តាល ចៅក្រម ឲ្យ​កាន់តែ​ល្អប្រសើរ​ទាំង​បរិមាណ និង​គុណភាព​។​

​ការ​ជម្រុញ​ឲ្យ​មាន​ការរៀបចំ​ការប្រកួត​កាន់តែច្រើន​រួមជាមួយ ការហ្វឹកហាត់​ជាប្រចាំ​នៅតាម​បណ្តា​ក្លិប សមាគម ព្រមទាំង​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​សហព័ន្ធ ក្លិប សមាគម​ទូទាំងប្រទេស និង​ត្រូវ​ប្រឹងប្រែង​ស្វែងរក​ដៃគូ​អភិវឌ្ឍ​បន្ថែមទៀត ដើម្បី​បង្កើន​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​បាន​ច្រើន​ក្នុង​មួយឆ្នាំ​តាម​ដែល​អាច​ធ្វើបាន​។​
​គ្រប់ការ​ប្រកួត​ត្រូវតែ​ប្រកបដោយ​ស្មារតី​មិត្តភាព​សាមគ្គីភាព​ការយោគយល់​គ្នា​ហើយ​គោរព​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​មិន​គិតតែ​ពី​ការយក​ឈ្នះ​ចាញ់ ពោលគឺ​ឈរលើ​ស្មារតី កីឡា​ដើម្បី​សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើន​គុណ​ផល​បច្ចេកទេស​៕​

អត្ថបទដែលជាប់ទាក់ទង