ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈអចិន្ត្រៃយ៍ CAMSOC ត្រៀម​មហាសន្និបាត និង​សិក្ខាសាលា​ថ្នាក់ជាតិ នា​ថ្ងៃទី​១៨ ខែមករា ឆ្នា​ម​២០២១

124

 

CAMSOC-​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ដើម្បី​ត្រៀម​រៀបចំ​ធ្វើ​មហាសន្និបាត និង​សិក្ខាសាលា​ថ្នាក់ជាតិ នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​។​

​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​, ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់​ខ្លឹមសារ​ជារួម​ថា នៅក្នុង​អង្គប្រជុំ​នេះ គណៈកម្មការ​ជំនាញ​បាន​ជួបជុំគ្នា​ពិភាក្សាគ្នា​លើ​ការត្រៀម​រៀបចំ​មហាសន្និបាត និង​សិក្ខាសាលា​ថ្នាក់ជាតិ ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​។ កិច្ច​ប្រជុំបាន​ត្រួត​ពិនិត្យមើល​លើ​ឯកសារ​នៃ​ការត្រៀម​ធ្វើ​មហា​ន្និបាត និង​សិក្ខាសាលា​ថ្នាក់ជាតិ ដែល​សិក្ខាសាលា​នេះ​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​ដោយ​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម​ទប់ ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ CAMSOC ដែល​គ្រោង​ធ្វើ​មហាសន្និបាត និង​សិក្ខាសាលា​ថ្នាក់ជាតិ នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ខាងមុខ​ឆាប់ៗ​នេះ​មិនបាន​ប្រមែ​ល​ប្រមូល​អ្នកចូលរួម​ឲ្យ​ច្រើន​កុះករ​នោះទេ ដោយ​កំណត់​ត្រឹម​២០០​នាក់​ចុះក្រោម​ប៉ុណ្ណោះ ក្នុងនោះ​មហាសន្និបាត គឺជា​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០២១ ព្រមទាំង​ដោះស្រាយ​បញ្ហា​ដែល​គណៈកម្មការ​ជំនាញ​របស់ខ្លួន​នីមួយៗ​ជូ​ប​ប្រទះ រីឯ​សិក្ខាសាលា​ថ្នាក់ជាតិ​នោះដែរ​នឹង​ផ្តោត​សំខាន់​ទៅលើ​យុទ្ធនាការ​ជាតិ ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​។ នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​មានការ​ចូលរួម​ពី​ផ្នែក​បរិស្ថាន នគរបាលជាតិ ក្នុងការ​កាត់បន្ថយ​ឥទ្ធិពល​គ្រឿងញៀន ចរាចរណ៍ សណ្តាប់ធ្នាប់​ជាដើម ដែល​អ្នកជំនាញ​ទាំងនោះ​នឹងធ្វើ​បទ​បង្ហាញ​ពន្យល់​ជូន​ដល់​មតិ​ជាតិ និង​អន្តរជាតិ ស្តីពី​ការត្រៀមខ្លួន​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់​កម្ពុជា​។​

​ឯកឧត្តម​អគ្គលេខាធិការ​បានលើកឡើង​បន្ថែមថា នៅក្នុង​មហាសន្និបាត​ខាងមុខនេះ ពេល​បញ្ចប់ CAMSOC នឹងធ្វើ​របាយការណ៍​ជូន​ទៅដល់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សា​កីឡា​អាស៊ី និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ដើម្បី​បង្ហាញជូន​នូវ​វឌ្ឍនភាព​ការងារ និង​ការត្រៀមខ្លួន​របស់​យើង​។ ដូច្នេះ​របាយការណ៍​វឌ្ឍនភាព​ការងារ នេះ​គឺជា​ការស្វែងរក​ការគាំទ្រ​មួយ នៅក្នុង​ការខិតខំ​ប្រែង​ប្រែង​របស់​កម្ពុជា ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នា​ថ្ងៃទី​១៨ មករា​ខាងមុខនេះ​ដែល​គ្រោង​ក្នុង​រយៈពេល​៥​ម៉ោង​នេះ​នឹង​ជួយ​ជំរុញ​បន្ថែម​ដល់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​កាន់តែ​សកម្ម​ក្នុង​កិច្ចការងារ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន ជាពិសេស​នឹង​ទទួលបាន​នូវ​ការណែនាំ​បន្ថែម​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ដែល​ឆ្នាំ​២០២១ គឺជា​ឆ្នាំ​កំណត់​នូវ​ពេលវេលា​ចាប់ផ្តើម​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​។ គណៈកម្មការ​ជំនាញ​ទាំង​ចាប់ផ្តើម​ធ្វើការ​ងារ​ចាប់ពី​ឆ្នាំ​២០២១​តទៅ ហើយ​ក្នុង​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ត្រៀមលក្ខណៈ​ឲ្យ​បាន​រួចរាល់ តាមរយៈ​ការប្រកួត​មុន​ស៊ី​ហ្គេម (Pre-SEA Gamess) រី​ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ស៊ី​ហ្គេម តែម្តង ដែល​ទាំងអស់នេះ​គឺជា​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង​ដោយមាន​ភាពច្បាស់លាស់ ស្របតាម​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល CAMSOC ត្រូវ​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៦​។ អ្វីដែល​សំខាន់​នៅក្នុង​ដំណាក់កាល​នីមួយៗ គ្រប់​កិច្ចការងារ​ទាំងអស់​ត្រូវ​បាន​ត្រួតពិនិត្យ​តាមដាន វាយតម្លៃ​យ៉ាង​ហ្មត់ចត់​ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន អចិន្ត្រៃយ៍ ដោយ​ឯកឧត្តម​បណ្ឌិត​តែងតែ​ចង្អុលបង្ហាញ​ឲ្យ​អ្វីៗ​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព និង​វឌ្ឍនភាព​ច្បាស់លាស់ ដែលជា​ក្តីសង្ឃឹម​នៃ​ភាពជោគជ័យ​នា​ឆ្នាំ​២០២៣៕​

អត្ថបទដែលជាប់ទាក់ទង