យកទៅលក់ម៉ូតូ បានលុយហើយ បែរជាខ្ចប់លុយ ហើយជិះម៉ូតូដែលលក់ បម្រុងរត់គេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ភ្នំពេញ៖ បុរសម្នាក់ បានយកម៉ូតូទៅលក់ តែពេលបានលុយហើយ បែរជាខ្ចប់លុយថ្លៃលក់ម៉ូតូនិងម៉ូតូដែលលក់បាននោះ បម្រុងជិះម៉ូតូរត់គេចខ្លួន តែត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច យកមកសួរនាំបន្ដ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២ និង១៥នាទី ថ្ងៃទី១២ ខែ មករា ឆ្នាំ ២០២១ ស្ថិតនៅចំណុចផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា បុរសខាងបានយកម៉ូតូមួយគ្រឿងម៉ាកសងឌ្រីម សេរីឆ្នាំ២០១៦ពាក់ផ្លាកលេខ ភ្នំពេញ 1FP ~9571 មកលក់ដោយចរចាតម្លៃលក់ជាម្ចាស់ហាង ក្នុងពេលចរចានោះ បុរសខាងលើនោះ ក៏យល់ព្រមលក់ក្នុងតម្លៃ៨២០ដុល្លារ ខណៈពេលដែលម្ចាស់ទិញលក់ម៉ូតូ យកលុយមករាប់ប្រគល់ឲ្យហើយ បែរជាបុរសយកម៉ូតូលក់នោះ ខ្ចប់លុយថ្លៃលក់ម៉ូតូនិងម៉ូតូដែលលក់នោះ បម្រុងជិះម៉ូតូរត់គេចខ្លួន តែត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច យកមកសួរនាំបន្ដ។ ប្រភពដដែលបានបន្ដទៀតថា បុរសនោះ ទំនងជាមានបញ្ហាមិនប្រក្រតី អាចប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច មិនព្រមឡើងទៅប៉ុស្តិ៍ប៉ូលិសឡើយ ។
សមត្ថកិច្ច ចាប់បុរសរូបនេះ ដាក់លើរ៉ឺម៉កដឹកយកទៅប៉ុស្តិ៍ប៉ូលិស រួចក៏ហៅម្ចាស់ទីតាំងទិញលក់ម៉ូតូដើម្បីដាក់ពាក្យបណ្ដឹង បន្តចាត់ការសាកសួរនាំបុរសខាងលើទៅតាមនីតិវិធីច្បាប់ ៕