ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ​២០២០ សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ ៦០៤​ករណី ត្រូវ​បញ្ជូនទៅ​តុលាការ​

185

 

​ភ្នំពេញ​៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា នៅ​ពេញ​១​ឆ្នាំ​២០២០​កន្លងទៅ សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់ តុលាការ មាន​ចំនួន ៦០៥​ករណី ហើយ​នៅ​ឆ្នាំ​២០២០ មានការ​ផាកពិន័យ​អន្តរការណ៍​លើ​ជន​ប្រព្រឹត្តល្មើស​ចំនួន ៨៥៧​ករណី និង​បទល្មើស​ដែល​ត្រូវធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​មាន​ចំនួន ២៩៤៦​ករណី​។​

​លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅ​ពេញ​មួយឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង ១២០០​នាក់ នៃ​ក្រសួងបរិស្ថាន បាន​ចុះ​ល្បាត​សរុប​ចំនួន ២៧,៥៨៨​លើក ខណៈ​នៅ​ការចុះ​ល្បាត​នៅ​ឆ្នាំ​២០១៩ មាន​ចំនួន ២៤,០៤៨​លើក ពោល​គឺមាន​ការចុះ​ល្បាត​មានការ​កើនឡើង​ចំនួន ៣,៥៤០​លើក​។ ក្នុង​ការចុះ​ល្បាត​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌ បាន​បង្ក្រាប​បទល្មើស​បាន​ចំនួន ៨,៩១៧​ករណី ខណៈ​ឆ្នាំ​២០១៩ បង្ក្រាបបាន​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​ចំនួន ៥,៤៧៥​ករណី គឺមាន​ការកើនឡើង​ចំនួន ៣,៤៤២​ករណី​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា «​នៅ​ឆ្នាំ​២០២០​កន្លងទៅ សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​មាន​ចំនួន ៦០៥​ករណី ហើយ​នៅ​ឆ្នាំ​២០២០ មានការ​ផាកពិន័យ​អន្តរការណ៍​លើ​ជន​ប្រព្រឹត្តល្មើស​ចំនួន ៨៥៧​ករណី និង​បទល្មើស​ដែល​ត្រូវធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​មាន​ចំនួន ២៩៤៦​ករណី​»​។​

​ជាមួយនឹង​សមិទ្ធផល​ដ៏​ល្អ​នេះ លោក នេត្រ ភក្ត្រា បាន​ថ្លែងថា «​ក្រសួងបរិស្ថាន​បង្ហាញ​នូវ​មោទកភាព​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សមា ជិ​ក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​ទាំងអស់​ដែល បាន​ចូលរួម​ការគ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​នៅក្នុង​ឆ្នាំ​២០២០ កន្លងមកនេះ ជាពិសេស​ក្នុងការ​អនុវត្ត​ច្បាប់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដោយបាន​បទល្មើស​ដែល​បង្ក្រាបបាន​នៅ​ឆ្នាំ​២០២០ មាន​កំណើន​ចំនួន ៣៤៤២​ករណី ឬ​កើនឡើង​ប្រមាណ ៣០%»​។ ដោយបាន​បង្ហាញ​ពី​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​នៃ​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​បទល្មើស​ក្នុង តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង ៦៨​កន្លែង ដែល​ស្ថិតនៅក្រោម​ការការពារ និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​។​

​តាម​ការបញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បទល្មើស​ដែល​បង្ក្រាបបាន​ភាគច្រើន​ជា​បទល្មើស​លួច​កាប់​ឈើ ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ការ​បរបាញ់​សត្វ និង​ការដាក់​អន្ទាក់​ចាប់​សត្វ​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា​៖ «​ការបង្ក្រាប និង​ទប់ស្កាត់​បទល្មើស​មានកា​រ​កើនឡើង បានបង្ហាញ​ពី​ការអនុវត្ត​ច្បាប់​កាន់​តែមាន​ប្រសិទ្ធភាព និង​បង្ហាញ​ពី​ការខិតខំ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហគមន៍​តំបន់ការពារធម្មជាតិ និង​អ្នកពាក់ព័ន្ធ​ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​ការចុះ​ល្បាត​ការពារ​ព្រៃឈើ និង​ជីវៈចម្រុះ​»​។​

​លោក នេត្រ ភក្ត្រា បាន​បន្ថែមថា ក្នុង​ប្រតិបត្តិ​ការចុះ​ល្បាត និង​បង្ក្រាប​បទល្មើស នៅ​ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បាន​រឹបអូស​រណា​យន្ត​បាន​ចំនួន ៤,០០៤​គ្រឿង គឺមាន​ការកើនឡើង​ប្រមាណ ៥០០​គ្រឿង ខណៈ​នៅ​ឆ្នាំ​២០១៩ រណា​យន្ត​ដែល​ត្រូវបាន​រឹបអូស​មាន​ចំនួន ៣,៤៩៤​គ្រឿង​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ បាន​គូសបញ្ជាក់ថា ចំណែក​អន្ទាក់​ដែល​ត្រូវបាន ដោះ​បាន​ចេញពី​តំបន់ការពារធម្មជាតិ ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន ៤៣,២៧០​អន្ទាក់ គឺមាន​ការកើនឡើង​ជិត ៤,០០០​អន្ទាក់ ខណៈ​នៅ​ឆ្នាំ​២០១៩​កន្លងទៅ អន្ទាក់​ដែល​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​តំបន់ការពារធម្មជាតិ​ដោះ​បាន​ចំនួន ៣៩,៣៨២ អន្ទាក់​។ នៅ​ឆ្នាំ​២០២០​កន្លងទៅ រថយន្ត​ចំនួន ២១៥​គ្រឿង​ដែល​ប្រព្រឹត្ត​បទល្មើស​ត្រូវបាន​រឹបអូស និង​គោយន្ត​ចំនួន ៦១១​គ្រឿង ព្រមទាំង​ម៉ូតូ​ចំនួន ៥៩០​គ្រឿង ត្រូវបាន​ដកហូត​ផងដែរ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​ដកហូត​កាំភ្លើង​កែច្នៃ​ដែល​ប្រើ​សម្រាប់​បរបាញ់​សត្វ​បាន​ចំនួន ៧៣៧​ដើម និង​ដកហូត​ឈើ​បាន​ចំនួន ២៧១៨​ម៉ែត្រគូប​។​

​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ជាមួយ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នេះ បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​លែងមានទៀតហើយ គឺ​នៅមាន​បទ​ល្មើ​ល​ព្រៃឈើ​ខ្នាតតូច​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​បន្ត​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​បន្ត​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ និង​អនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​បន្តទៀត​ដើម្បី​ថែរក្សា និង​ការពារ​ធនធានធម្មជាតិ​ដែល​កម្ពុជា​នៅមាន​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​»៕​

អត្ថបទដែលជាប់ទាក់ទង