ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនជាតិចិន៣នាក់ ទៅកាន់តុលាការ ករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់ និងរបួស

177


ព្រះសីហនុ៖ ជនជាតិចិន៣នាក់ ដែលបើកបរបង្កគ្រោះថ្នាក់ចរាចរបណ្តាល ឲ្យស្លាប់ និងរងរបួសអ្នកដទៃ ចំនួន៣ករណីផ្សេងគ្នា ត្រូវបាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា៖
ករណីទី១៖ នៅ​ថ្ងៃ​​ទី​១០ ខែ​សីហា​​​​​ ឆ្នាំ​២០១៨​ កម្លាំងការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​បញ្ជូនខ្លួន​អ្នកបើកបរ​រថយន្ត​ ជនជាតិ​ចិន​ ឈ្មោះ WANG HUAN​ ភេទប្រុស អាយុ៣៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E89930490 មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ចាត់​ចែង​តាម​នីតិវិធី​ច្បាប់​ ​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​កាស៊ីណូ​ ហ្គោលឌែន​ ស្ថិតនៅ​ក្នុង​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ បើករថយន្ត​ថយក្រោយ​ បុក​ទ្វារ​កញ្ចក់​ និង​បុកអ្នកថ្មើរជើង​ឈ្មោះ ហ៊ុន សុផល ភេទប្រុស អាយុ៥១ឆ្នាំ បណ្ដាល​ឲ្យ​រងរបួស​ជើងធ្ងន់ធ្ងរ។

ករណីទី២៖ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា​​​​​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១៤៨-១៤៩​ ស្ថិតនៅ​ក្នុង​ភូមិ​គីរីវ័ន​ ឃុំ​ស្ទឹងឆាយ​ ស្រុក​កំពង់សិលា​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរ មួយកើតឡើង​ បង្កដោយ​រថយន្ត​១គ្រឿង​ម៉ាក​ HIGHLANDER​ ពណ៌​ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ ​2P-2033 បើកបរ​ដោយ​ឈ្មោះ​ FANG GUANG FENG អាយុ​៤៣ឆ្នាំ​ ជនជាតិ​ចិន​ កាន់​លិខិត​ឆ្លងដែន​លេខ​ EC3926985 មុខរបរ​លក់​ដូរ​ ស្នាក់នៅ​ខណ្ឌ​សែនសុខ​ មានទិសដៅ​ពី​ភ្នំពេញ​ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​ក៏​បាន​បុក​នឹង​ម៉ូតូ​១គ្រឿង​ម៉ាក​ HONDA​ C125 ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​តាកែវ ​1F-1868 បើកបរ​ដោយ​ឈ្មោះ​ ទិត​ សុជា​ អាយុ​៣១ឆ្នាំ​ មុខរបរ​លក់តាប៉ែ​ មានទីលំនៅ​ភូមិ​ត្រពាំង​ ឃុំ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង​(ទិសដៅ​ផ្ទុយ​គ្នា​)​។

ភ្លាមៗ​នោះ​អ្នក​បើកបរ​ម៉ូតូ ​បាន​ខ្ទាត​មក​លើ​ផ្លូវ​ក៏​មាន​រថយន្ត​១គ្រឿង​ទៀត​ម៉ាក​ TOYOTA VIP ពណ៌​ស​ ពាក់ផ្លាកលេខ​ភ្នំពេញ ​2AB-3073 ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុន​ មេគង្គ​អ៊ិច​ប្រេស​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​កិន​ពី​លើ​អ្នក​បើក​បរ​ម៉ូតូ​បណ្តាលឲ្យស្លាប់តែម្តង​។ ចំណែក​រថយន្ត​ម៉ាក​ HIGHLANDER​ រត់​គេច​ រហូត​ដល់​ ចំណុច​មុខ​រោចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ស្ថិតនៅ​ក្នុង​ភូមិ​បិតត្រាង ឃុំ​បិតត្រាង ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិតត្រាង​ ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត​ និង​អ្នកបើកបរ​បើកបរ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ TOYOTA VIP រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​ ។
អ្នកបើកបរ​រថយន្ត​ឈ្មោះ​ FANG GUANG FENG បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ វត្ថុតាង​ រថយន្ត​TOYOTA VIP ​​ និង​ ម៉ូតូ​១គ្រឿង​​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​ និង​រថយន្ត​ម៉ាក​ HIGHLANDER​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។

ករណីទី៣៖ វេលាម៉ោង១:១០នាទី​យប់ ថ្ងៃសុក្រទី១០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវឯករាជ្យត្រង់ចំណុចស្តុប៣៣៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង បង្កដោយរថយន្ត១​គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 2B-3687 បើកបរដោយឈ្មោះ CHENG GIMAN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E00498881 (គ្មានប័ណ្ណបើកបរ និងមិនសហការជាមួយសមត្ថកិច្ចក្នុងការពិនិត្យជាតិអាកុល) មុខរបរលក់ដូរស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីលិច ឆ្កោះទៅកើត។

លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត១គ្រឿងម៉ាក PORSCHE ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-3336 អ្នកបើកបរដោយឈ្មោះ PERERA WPATABENDEGE S.N ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិស្រីលង្កា សញ្ជាតិស្រីលង្កា កាន់លិខិតឆ្លងដែនលេខ N6652131 មុខរបរអគ្គនាយកក្រុមហ៊ុន ស្នាក់នៅភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានទិសដៅស្របគ្នា។

ករណីគ្រោះថ្នាក់នេះមិនបង្កឲ្យមានមនុស្សរងរបួសទេ បណ្ដាលឲ្យខូចខាតរថយន្តទាំង២គ្រឿងកំរិតធ្ងន់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក។ ដោយសារអ្នកបើកបរបង្កហេតុ ជាជនជាតិចិន ដូចមានឈ្មោះខាងលើ មិនព្រមសារភាព និងបានប្រាប់សមត្ថកិច្ចថា ខ្លួនគេមិនមែនជាអ្នកបើកបរទេ អ្នកបើកបរគឺ ជានារីខ្មែរម្នាក់ ដែលរូបគេស្គាល់នៅហាងផឹកស៊ី (មិនស្គាល់ឈ្មោះ) ជាអ្នកជូនរូបគេទៅរកកន្លែងដេក។ ​

ក្រោយពីបានធ្វើការស្រាវជ្រាវ និងមានសាក្សីបញ្ជាក់ កម្លាំងជំនាញបានសន្និដ្ឋានថា អ្នកបើកបររថយន្តម៉ាក LEXUS RX300 បង្កគ្រោះថ្នាក់ចរាចរណ៍ជាជនជាតិចិនឈ្មោះ CHENG GIMAN ភេទប្រុស ពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង