លោក គួច ចំរើន ៖ ការចុះបញ្ជីដីធ្លី គឺជាសកម្មភាពពិត នៃការផ្ដល់សុវត្ថិភាពដីធ្លី និង ការបង្កើនមូលធន ជូនកម្មសិទ្ធិករ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារទី១២ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរង អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
ក្នុងពិធីនោះដែរ លោកគួច ចំរើន អភិបាលបញ្ជាក់ ថាការចុះបញ្ជីដីធ្លី គឺជាសកម្មភាពពិត នៃការផ្ដល់សុវត្ថិភាពដីធ្លី និង ការបង្កើនមូលធន ជូនកម្មសិទ្ធិករ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន មានប្រសាសន៍ផ្ដាំផ្ញើ ដល់ សាធារណជន ដែល ជាអ្នកកាន់កាប់ដី លំនៅឋាន ស្ថិតនៅក្នុងតំបន់ធ្វើការ វវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធដើម្បីអនុវត្តតាមខ្លឹមសារខាងលើ គណៈកម្មការ រដ្ឋបាល នឹង ធ្វើការ បិទផ្សាយ ជា សាធារណៈ នូវ ឯកសារ នៃ ការ វិនិច្ឆ័យ ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលក្រុមចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែន ដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ។
ក្នុងនោះដែរលោក អភិបាលខេត្ត ក៏បានអំពាវនាវដល់សាធារណជន និងអង្គភាពនានា ដែល ពាក់ព័ន្ធដីធ្លី ក្នុងតំបន់ វិនិច្ឆ័យ ខាងលើឱ្យ ចូល រួមពិនិត្យ លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់នៃភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់ លើទិន្នន័យទាំងនោះ ក្នុង រយៈពេល ១៥ថ្ងៃ ដោយ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ ជាកំហិត នៅក្នុងបរិវេណវត្ត ឧត្តម មុនី វង្ស ហើយដល់ថ្ងៃផុតកំណត់ គណៈកម្មការ រដ្ឋបាល សន្មត់ថាទិន្នន័យ ដែលបានបិទផ្សាយជូន ពិនិត្យ ជា សាធារណៈ នេះមាន ភាពត្រឹមត្រូវហើយ មិន អាច ជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានទៀតទេ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បាន សំណូមពរដល់ ម្ចាស់ក្បាលដីមួយចំនួនដែល នៅជាប់ផ្លូវ រឺត្រូវបើកផ្លូវ ឱ្យចូលរួមសហការជាមួយមន្ត្រីជំនាញសុរិយោដី ដោយធ្វើ សប្បទាន រឺ បរិច្ចាគ ដី ផ្នែក ខ្លះ សម្រាប់ ទុក ធ្វើ ផ្លូវ លូ បណ្ដាញ ផ្លូវ រំដោះ ទឹក ដើម្បី បម្រើ ជា ប្រយោជន៍ រួម ។
លោកបន្ថែមទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺធ្វើឡើងដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនទៅឲ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីទាំងអស់ ដើម្បីយកទៅប្រើប្រាស់ដូចជា យកទៅដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក និងសិទ្ធិជួលអចិន្ត្រៃយ៍ ដើម្បីខ្ចីប្រាក់មកប្រកបមុខរបរផ្សេងៗ ក្នុងការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារ ឬជាឯកសារសំអាងនៅពេលដែលមានជម្លោះដីធ្លីកើតឡើង៕