ប្រជាជនក្រីក្រចំនួន២០គ្រួសារ នៅសង្កាត់បឹងកេងកងទី២ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២១នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង និង លោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកងដោយបានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារប្រជាជនដែលពួកគាត់មានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងនោះដែរ លោក អាន សីហា តំណាង ឯកឧត្តម ម៉ម វាសនា ប្រធានសាខាគណបក្សប្រជាជនកម្ពុជាមន្ទីរទេសចរណ៍ និងជាអនុប្រធានទី១ក្រុមការងារចុះជួយសង្កាត់បឹងកេងកងទី២ ក៏បានឧបត្ថម្ភ នូវសារ៉ុង និងថវិកាក្នុងម្នាក់១០,០០០ម៉ឺន ដោយមានការអញ្ជើញចូលរួមពីលោកមេប៉ុស្ត៍ ចៅសង្កាត់ ព្រមទាំងសមាជិក-សមាជិកាអនុសាខាកាកបាទក្រហម។
លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថាចំពោះអំណោយដែលបានចែកជូនប្រជាជនក្រីក្រនាពេលនេះដោយ
ក្នុង០១គ្រួសារៗទទួលបានអង្ករ២៥គីឡូ
ទឹកត្រី២ដប,ទឹកស៊ីអ៉ីវ២ដបទឹកដោះគោ១កំប៉ុង,ស្ករសរ១កញ្ចប់,សារ៉ុង១,ម៉ាស់១ដុំ,អាល់កុល១ដប,មី១០កញ្ចប់ និងថវិការ២០,០០០ម៉ឺនរៀល។
នាឱកាសនោះដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងក៏បានមានមតិលើកឡើងថាជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រធានកាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់និងបានគិតគូរជានិច្ចទៅដល់បងប្អូនប្រជាជនទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយគឺតែងបានផ្ដល់នូវភាពកក់ក្ដៅដល់បងប្អូនជានិច្ចក្នុងគ្រាដែលពុក ម៉ែ បង ប្អូន ប្រជាជនជួបនូវការលំបាកនានាពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្ដែងដូចជានៅពេលនេះគឺសម្ដេចទាំងទ្វេរដោយមិនបណ្ដែតបណ្ដោយទុកអោយពុកម៉ែ បងប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងអាហារឬអត់អាហារនោះទេហើយសកម្មការងារមនុស្សធម៌នេះគឺធ្វើឡើងដោយមិនប្រកាន់បក្សពួកនិន្នាការនយោបាយ និងសាសនាឡើយ៕