ពលរដ្ឋខ្មែរនិងឥស្លាម រងគ្រោះទឹកជំនន់នៅត្បូងឃ្មុំ ទទួលអំណោយពីកាកបាទក្រហម
ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែសីហា នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងគណៈប្រតិភូអមដំណើរ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន២,៦៧១គ្រួសារ រស់នៅភូមិចំនួន១០ នៃឃុំកំពង់ទ្រាស និងឃុំកោះពីរ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
កម្មវិធីនេះ ប្រារព្ធធ្វើឡើងនៅទួលសុវត្ថិភាព ដែលស្ថិតនៅក្នុងភូមិទី៥ ចម្ការគរ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។
សូមបញ្ជាក់ថា ជាមួយនឹងការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន ២,៦៧១គ្រួសារ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នូវស្បៀង និងសម្ភារប្រើប្រាស់ចំនួន ១,៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ ឃុំព្រែកអាជី មាន៦ភូមិ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
គ្រួសារនីមួយៗទទួលបាន ៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕