ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្ដល់សេវារថយន្តក្រុង និងកាណូតរបស់រដ្ឋឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់កំណត់ថ្ងៃណាអោយដំណើរការនៅឡើយទេ

62

ភ្នំពេញ៖ នៅក្នុងកំឡុងដើមឆ្នាំ២០២០ កន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការផ្ដល់សេវារថយន្តក្រុងនិងកាណូតរបស់រដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ពិសេសជំងឺកូវីដ១៩

តែគិតមកដល់ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីនៅមិនទាន់កំណត់ថ្ងៃណាមួយ ក្នុងការផ្ដល់សេវាដឹកជញ្ជូនរបស់រដ្ឋឡើងវិញនៅឡើយទេ បើទោះបីស្ថានភាពជម្ងឺកូវីដ១៩ មានស្ថានភាពល្អប្រសើរមួយកម្រិតធំហើយនោះ។

   អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ មករានេះថា គិតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនៅមិនទាន់កំណត់ថ្ងៃ ដើម្បីផ្ដល់សេវារថយន្តក្រុង និងសេវាកាណូតដឹកអ្នកដំណើរឡើងវិញនៅឡើយទេ។

   លោកបន្តថា គិតមកដល់ខែមករា ឆ្នាំ២០២១នេះ មានរយៈពេលប្រមាណ១០ខែហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង និងសេវាកាណូត ជាបណ្តោះអាសន្ន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ។

  លោកបន្តទៀតថា ការប្រមូលផ្តុំគ្នាជិះរថយន្តក្រុងនិងកាណូតនៅតែជាបញ្ហាប្រឈមនឹងជម្ងឺកូវីដ១៩ ដូច្នេះយើងនៅតែបន្តការផ្អាកនៃការផ្តល់សេវាទូរស័ព្ទាំង២នេះ ហើយនៅពេលសមគួរណាមួយរដ្ឋបាលរាជធានីភ្នំពេញនិងដាក់អោយដំណើរការជាធម្មតាឡើងវិញ។

  គួររំលឹកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយច្បាប់ ជម្រាបដល់សាធារណជន និងប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង និងសេវាកាណូត របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញទាំងអស់ អំពីការចាត់វិធានការទប់ស្កាត់ ការចម្លង និងការរីករាលដាលនៃមេរោគកូវីដ១៩ របស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ ផ្អាកការផ្តល់សេវារថយន្តក្រុង និងសេវាកាណូត ជាបណ្តោះអាសន្ន រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ១៩ បានធូរស្បើយវិញ។

    ជាក់ស្ដែងមកដល់ខែមករា ឆ្នាំ២០២១នេះ បើទោះបីជាមានការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺកូវីដ១៩ ច្រើនលើកក៏ដោយ អាជ្ញាធរ និងរាជរដ្ឋបាលភិបាលបានដាក់ចេញនូវវិធានការទប់ស្កាត់ និងស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធបានយ៉ាងល្អប្រសើរទាំងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល៕

 

អត្ថបទដែលជាប់ទាក់ទង