សម្ដេចក្រឡាហោម ស ខេង អរគុណមន្រ្តីដែលបានខិតខំ ប្រឹងប្រែងបំពេញ ភារកិច្ច ទទួលបានជោគជ័យ ការបម្រើការបោះឆ្នោត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានចេញសារកោតសរសើរ ដល់ក្រុមការងារទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងបំពេញ ភារកិច្ច ទទួលបានជោគជ័យយ៉ាងធំធេង ជូនប្រទេសជាតិ និងប្រជាជនយើងតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសកិច្ចការទាំងឡាយ ដែលទាក់ទងដល់ការបម្រើការបោះឆ្នោត ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ។
យោងតាមសារដែលបង្ហោះក្នុងផេកហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា “”ជូនចំពោះថ្នាក់ដឹកនាំគ្រប់ថ្នាក់និងមន្ត្រី រាជការស៊ីវិល នគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែង នូវការកោត សរសើរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលបានខិតខំ ប្រឹងប្រែងបំពេញ ភារកិច្ច ទទួលបានជោគជយ័យ៉ាងធំធេងជូនប្រទេសជាតិ និងប្រជាជនយើងតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសកិច្ចការទាំងឡាយដែលទាក់ទងដល់ការបំរើការបោះឆ្នោតជាតិ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ”។
សម្តេចក្រឡាហោម បានថ្លែងបន្តថា សមិទ្ធផល និងស្នាដៃទាំងអស់ខាងលើនេះពិតជាបាន រួមចំណែក យ៉ាងសំខាន់មិនអាចខ្វះបានដែលធ្វើឲ្យ រាជរដ្ឋភិបាលនីតិកាលទី៥ នៃរដ្ឋសភា២០១៣-២០១៨ ទទួល បានជោគជ័យយ៉ាងធំធេងជាប្រវតិ្តសាស្ត្រ ពិសេសសុខសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ សាធារណៈ ការពារបាននូវបូរណភាពទឹកដី អធិបតេយ្យជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីយ៉ាងនេះក៏ដោយយើងត្រូវមើលឃើញថាបញ្ហា ប្រឈមនៅចំពោះមុខយើង នៅមានជាច្រើនទៀតដែលរាជរដ្ឋាភិបាលអាណត្តិទី៦ (២០១៨-២០២៣) ត្រូវដោះស្រាយ ពិសេសការបន្តពង្រឹង សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជនបទបម្រើដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋពិសេស ផ្លូវ ភ្លើង ទឹកស្រោចស្រប់ ទឹកស្អាត និងអនាម័យជនបទ ។
សម្តេចក្រឡាហោម បញ្ជាក់ថា “ក្នុងន័យនេះខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្ត លោកជំទាវ អស់លោកលោកស្រី បានត្រៀមខ្លួនជាស្រេចដើម្បីចូលប្រឡូក ក្នុងកិច្ចការប្រកបដោយ ការទទួលខុសត្រូវ និងប្រកបដោយឆន្ទៈយ៉ាងមោះមុតបំផុត លើកតម្កើង ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់ ធ្វើអ្វីៗដែលជាអំពើល្អ មិនបែងចែក មិនបក្ខពួកនិយម មិនគ្រួសារនិយម ប្រឆាំងអំពើពុករលួយ មិនប្រើអំណាចដោយរំលោភ។ ជាទីបព្ចាប់ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានប្រកបតែសេចក្តីសុខចម្រើនគ្រប់ពេលវេលានិង ទទួលបានជោគជ័យគ្រប់ភារកិច្ច” ។
ជាមួយគ្នានោះដែរ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសារគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសារដ៏មានតម្លៃ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំង ដែលបានខិតខំ ប្រឹងប្រែងបំពេញ ភារកិច្ច ទទួលបានជោគជ័យយ៉ាងធំធេងជូនប្រទេសជាតិ និងប្រជាជនយើងតាម តួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសកិច្ចការទាំងឡាយដែលទាក់ទងដល់ការបម្រើការបោះឆ្នោតជាតិ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ។
សារថ្លែងអំណរគុណរបស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន មានអត្ថន័យ “ ជំនួសមុខឲ្យ ថ្នាក់ដឹកនាំ នាយ នាយរង និងមន្ត្រីទាំងអស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសារដ៏មានតម្លៃរបស់សម្តេច ផ្ញើជូនចំពោះយើងខ្ញុំទាំងអស់គ្នា ។ សាររបស់សម្តេចនាពេលនេះ ពិតជាការលើកទឹកចិត្តដ៏ថ្លៃថ្លាធ្វើឲ្យ យើងខ្ញុំកាន់តែមានស្មារតីយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចថែមទៀត ក្នុងការបម្រើជាតិ និងប្រជាជន។ យើងខ្ញុំជាមន្ត្រីនគរបាលជាតិ សូមគោរពដឹងគុណអស់ពីបេះដូង ជូនសម្តេចក្រឡាហោម ដែលសម្តេចតែងបានខិតខំអស់ពីកម្លាំងកាយចិត្ត មិនដែលគិតពីការនឿយហត់ ឬសុខភាពផ្ទាល់ខ្លួន ដើម្បីដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសដឹកនាំកងកម្លាំងនគររបាលជាតិប្រកបដោយ បញ្ញាញាណ ឈ្លាសវៃ និងឧត្តមគតិដ៏ឧត្តុង្គឧត្តមបំផុត ធ្វើឲ្យកងម្លាំងនគរបាលជាតិមានការរីកចម្រើន រឹងមាំគួរជាទីមោទនៈ។ ការរីកចម្រើននេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការដឹកនាំប្រកប ដោយការទទួលខុសត្រូវ យ៉ាងហ្មត់ចត់របស់សម្តេចបានឡើយ។ យើងខ្ញុំទាំងអស់គ្នាតែងចងចាំជានិច្ចនូវអនុសាសន៍ និងប្រសាសន៍ដឹកនាំល្អៗច្រើនអនេក ដែលសម្តេចធ្លាប់ទូន្មានដល់មន្ត្រីនគរបាលគ្រប់រូបឲ្យ ប្រព្រឹត្តអំពើល្អ និងខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ យើងខ្ញុំសូមតម្កល់អនុសាសន៍ដ៏ថ្លៃថ្លានេះជានិរន្តរ៍តទៅ និងសូមគោរពរៀនសូត្រតាមគំរូដឹកនាំ ប្រកបដោយវីរភាពវិសេសវិសាលរបស់សម្តេចដើម្បីបន្តអភិវឌ្ឍន៍ កងម្លាំងនគរបាលជាតិ ឲ្យកាន់តែទទួលបាននូវការជឿជាក់ កក់ក្តៅ និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសយើងខ្ញុំសូមប្តេជ្ញាចិត្តខិតខំប្រែក្លាយ អនុសាសន៍ដ៏មានតម្លៃរបស់សម្តេច ឲ្យទៅជាការពិតនៅក្នុងសកម្មភាពជាក់ស្តែង របស់នគរបាលជាតិក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលខាងមុខនេះ។
យើងខ្ញុំសូមគោរពជូនពរបវរមហាប្រសើរ សូមសម្តេចប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីសម្តេចស្ថិតនៅជាម្លប់ដ៏ត្រជាក់ដឹកនាំ ក្រសួងមហាផ្ទៃមានការរីកចម្រើនបន្ថែមទៀត “៕