ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ប៉ូលិសចាប់ចោរឆក់​២នាក់ ប្រើល្បិច​ដឹក​ហ្គាស

117

 

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ មាន​ករណី​ចោរឆក់​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​ចោរ​ជិះ​ម៉ូតូ Zoomer ប្រើល្បិច​ជា​ដឹក​ហ្គាស បានធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រីជន​បរទេស​ម្នា​ក់បាន​សម្រេច និង​ឆក់​កាបូប​បុរស​ម្នាក់ទៀត ដែល​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ តែ​មិនបាន​សម្រេច​។​

ជនសង្ស័យ​ជា​ចោរ​ដែល​ប្រើល្បិច​ជា​ដឹកជញ្ជូន​ហ្គាស​២​នាក់ ឆក់​កាបូប​ស្ត្រី​បរទេស​បានសម្រេច​នៅ​ចំណុច​ផ្លូវ ៩៥ ក្នុង​ទឹកដី ខណ្ឌចំការមន កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​។​

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា​៖ ​បន្ទាប់ពី ទទួលបាន​ព័ត៌មាន​អំពី​ករណី​ឆក់​ភ្លាម ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានធ្វើការ​ទំនាក់ទំនង និង​ផ្តល់ព័ត៌មាន​បន្ត​ភ្លាម​ដល់​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចុះ​ដល់ទី​តាំង​ជួប​ជន​រង និង​ស្រាវជ្រាវ​កំណត់​រកមុខ​សញ្ញា​ជន​សង្ស័យ ។​

​រហូតមកដល់​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១៦:០០​នាទី កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បានធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស លួច​មាន​ស្ថាន​ទំងន់ទោស (​ឆក់​កាបូប​) ពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់​ដែល​កំពុង​ដើរ​នៅ​ចំណុច​៩៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១២​និង​៥១​នាទី កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ និង​ឆក់​កាបូប​មិនបាន​សម្រេច​ពី​បុរស​ម្នាក់​កំពុង​ដើរ​នៅ​ចំណុច​ផ្លូវ​១២៣ កែង​៤៣២ សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១៧ និង​០៣​នាទី ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២១ ។​

​ជនសង្ស័យ​ឃាត់ខ្លួន ៖ ១-​ឈ្មោះ ធុង សៅ​នី ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ លក់​ហ្គាស ២-​ឈ្មោះ រិត រតនា ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ កម្មករ​ដឹក​ហ្គាស​។​ជនសង្ស័យ​ទាំងពីរ​នាក់​ស្នាក់នៅ​ផ្ទះជួល​លេខ​៩៥ ផ្លូវ​៦៤១ ភូមិ​ដើម​អំពិល សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។ វត្ថុតាង​ចាប់យក​ម៉ូតូ ០១​គ្រឿង ម៉ាក​ZOOMER ពណ៌​ស ស្លាក​លេខ ភ្នំពេញ​1IF7281 លេខ​តួ​-​ម៉ាស៊ីន 5111116 (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​កំពុង​ឃុំខ្លួន និង​សាកសួរ​បន្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង