រថយន្តបែនដឹកដីបើកទៅទាក់ខ្សែភ្លើង បាក់បង្គោលភ្លើងអស់២ដើម
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តបែនដឹកដីក្នុងល្បឿនលឿនទៅទាក់ខ្សែភ្លើងជាប់រថយន្ត បណ្តាលឲ្យបាក់បង្គោលភ្លើងចំនួន២ដើម ចំណែកតៃកុងរថយន្តបង្កវិញ ត្រូវសមត្ថកិច្ចឃាត់បានឲ្យនៅដោះស្រាយតាមច្បាប់។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៤០នាទីទៀបភ្លឺថ្ងៃសៅរ៍ទី១៣ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយបេតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តប្រភេទដឹកដីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ3-F 0551 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ទាក់ខ្សែភ្លើងជាប់និងរថយន្តខាងលើ បណ្តាលឲ្យបង្គោលភ្លើង២ដើម ត្រូវបានបាក់ទ្រេតជិតដល់ដី។ សំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕