អធិការនគរបាលស្រុកកំរៀងត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយសង្ស័យពាក់ព័ន្ធនឹងករណីដោះលែងមេខ្យល់ ដែលនាំពលករទៅប្រទេសថៃដោយខុសច្បាប់
(បាត់ដំបង)៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង។
ការសម្រេចផ្អាកការងារបណ្តោះអាសន្ននេះ បានធ្វើឡើងក្រោយពីមានការបែកធ្លាយព័ត៌មាន និងរូបភាពបង្ហាញថា លោកអធិការរូបនេះ បានលួចដោះលែងមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ គ្រាដែលមានការរីករាលដាលជំងឺកូវីដ១៩។
ទោះជាយ៉ាងនេះក្តី បើតាមសេចក្តីសម្រេចរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីផ្អាកការងារបណ្តោះអាសន្ននេះ លោក គឹម ពន្លក ត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី៕