ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម (​បន្លែ ដំឡូង​មី ឱ​ឡឹ​ក​លឿង ស្វាយ និង​មាន់​សាច់​) ឲ្យ​រីកចម្រើន ធានាបាន​សន្តិសុខ​ស្បៀង និង​ធានា​ដល់​ការផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ

44

 

​ភ្នំពេញ ៖ ដើម្បី​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម (​បន្លែ ដំឡូង​មី ឱ​ឡឹ​ក​លឿង ស្វាយ និង​មាន់​សាច់​) ឲ្យ​រីកចម្រើន ធានាបាន​សន្តិសុខ​ស្បៀង និង​ធានា​ដល់​ការផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុង​អនុវត្ត​កម្មវិធី​មួយ​ឈ្មោះថា “​ការផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​” ហៅ​កាត់​ថា ASPIRE​។

ASPIRE បាន​ដើរតួនាទី​យ៉ាងសំខាន់​ជា​អ្នក​ជួយ​សម្របសម្រួល រៀបចំ​ចងក្រង​កសិករ អ្នកផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម និង​អ្នកប្រមូល​ទិញ​កសិផល ជា​បណ្តុំ​អាជីវកម្ម​សរុប​មាន​ចំនួន​១ ៩២០ មាន​សមាជិក​ចំនួន ៦១ ៧៣៥​គ្រួសារ នៅ​ទូទាំង ២៤​រាជធានី​-​ខេត្ត​។ មិនតែប៉ុណ្ណោះ ASPIRE ក៏បាន​ជួយ​គាំទ្រ​ទាំង​បច្ចេកទេស និង​សម្ភារ​ដើម្បី​ធ្វើ​ឲ្យ​បណ្តុំ​ទាំងនោះ​ប្រកប​អាជីវកម្ម​របស់ខ្លួន​ពោរពេញ​ទៅដោយ​វិបុលភាព ប្រសិទ្ធភាព​សេដ្ឋកិច្ច ធានាបាន​នូវ​និរន្តរភាព​ផលិតកម្ម​។

​ដោយសារ​ការខិតខំ​ប្រឹង ប្រែង យកចិត្តទុកដាក់ ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ពី​ថ្នាក់ដឹកនាំ មន្ត្រី​កម្មវិធី និង​អ្នកពាក់ព័ន្ធ សំខាន់ៗ ជា​លទ្ធផល នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែកុម្ភ​: ឆ្នាំ​២០២១ ASPIRE បានរៀបចំ​ពិធី​ចុះ ហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន​១៦ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ចំនួន ០២ ស្តីពី “​ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព ដំឡូង​មី ផ្លែស្វាយ ផ្លែ​ឱ​ឡឹ​កសាច់​លឿង និង​មាន់​សាច់​” ដែល​ពិធី​ដ៏​មាន​សារសំខាន់​នេះ ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​ដោយមាន​ការចូល រួម​ពី​សំណាក់​ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ថាប័ន​ពាក់ព័ន្ធ ប្រធាន​/​អនុប្រធាន​មន្ទីរ តំណាង​មូលនិធិ​អន្តរជាតិ​សម្រាប់​ការ អភិវឌ្ឍន៍​វិស័យ​កសិកម្ម (IFAD) ដៃគូ​អភិវឌ្ឍន៍ បណ្តុំ​អាជីវកម្ម លេខាធិការដ្ឋាន ASPIRE and S-RET លោក លោកស្រី​តំណាង​ក្រុមហ៊ុន និង​តំណាង​បណ្តុំ​អាជីវកម្ម​យ៉ាងច្រើន​កុះករ​។

​នាឱកាស​នៃ​ការជួបជុំ​រវាង​ម្ចាស់ជំនួយ អ្នកអនុវត្ត​កម្មវិធី អ្នក​ផលិត បណ្តុំ​អាជីវកម្ម និង​អ្នកបញ្ជា​ទិញ ស្របតាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍​-​សហគមន៍​កសិកម្ម​” ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​គ្រប់ភាគី ឈានដល់​ការសម្រេចបាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​នាពេលនេះ និង​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​របាយការណ៍​សង្ខេប​របស់ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ជា​នាយក​កម្មវិធី អំពី​វឌ្ឍនភាព​របស់​កម្មវិធី ASPIRE និង​ដំណើរការ​នៃ​ការរៀបចំ និង​គោលបំណង​របស់​កម្មវិធី​នា​ព្រឹក​នេះ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​សមិទ្ធផល​យ៉ាង​ធំធេង​ដែល ASPIRE សម្រេចបាន ជាពិសេស​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទ​:​សហការ​អនុវត្ត​កម្មវិធី ចូលរួម​ផលិត​ស្បៀង ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ និង​ប្រើប្រាស់​បន្លែ ដំណាំ មាន់​សាច់ ប្រកបដោយ​សុវត្ថិភាព ចូលរួម​បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល​គ្រួសារ រក្សា​និរន្តរភាព​បរិមាណ​ផ្គត់ផ្គង់ បង្កើន​តម្លៃបន្ថែម បង្កើន​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក និង​កាត់ បន្ថយ​ការនាំ​ចូល​។
​លោក​បាន​បន្តថា ក្រសួង​តាមរយៈ​ថវិកា​កម្មវិធី​រដ្ឋ និង​គម្រោង​ដៃគូ បាននិងកំពុង​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​កសិករ​ខិតខំ​ផលិត​បន្លែ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ការនាំ​ចូល ឆ្លើយតប​ទៅ នឹង​តម្រូវការ​ទីផ្សារ​ដែលមាន​និន្នាការ​កើនឡើង​នៃ​ការបរិភោគ​បន្លែ ដំណាំ ត្រី និង​សាច់​ក្នុងស្រុក​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។ ជាក់ស្តែង តាម​របាយការណ៍​រប​ស់ ASPIRE បង្ហាញថា​បច្ចុប្បន្ន មាន​បណ្តុំ​អាជីវកម្ម​ចម្រុះ​ចំនួន ១ ៩២០​បណ្តុំ និង​មាន​សមាជិក​ចំនួន ៦១ ៧៣៥ គ្រួសារ នៅ​ទូទាំង ២៤​រាជ ធានី​-​ខេត្ត និង​មាន​សហគមន៍​ផលិត​បន្លែ​ចំនួន ២៥៩​សហគមន៍ និង​មាន​កសិករ​ចំនួន ៤៣២​ក្រុម កំពុង​ផលិត​បន្លែ​សុវត្ថិភាព (​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កសិកម្ម​)​។ ជាមួយគ្នានេះ ក៏មាន​កសិករ​ពាណិជ្ជ​ករ​បន្លែ ដំឡូង​មី ស្រូវ ស្វាយ ឱ​ឡឹ​ក មាន់​ស្រែ និង​ត្រី ហើយ​ក្រុមហ៊ុន​ឯកជន​មួយចំនួន ក៏​បាននិងកំពុង​ចូលរួម​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិភាព ដោយ​អនុវត្តតាម​បច្ចេកទេស​កសិកម្ម​ទំនើប ប្រើប្រាស់​ផ្ទះ​សំណាញ់ ប្រព័ន្ធ​ដំណក់ទឹក ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ជា​លក្ខណ​បច្ចេកទេស​។
​ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​ក្នុង​ស្មារតី​ទទួលខុសត្រូវ របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​កម្មវិធី ប្រធាន​/​អនុប្រធាន​មន្ត្រី​នៃ​ខេត្ត​គោលដៅ​ទាំង ២៤ ជាពិសេស​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ កាលពី​ថ្ងៃទី​១៨ ខែកុម្ភ​: និង​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ កន្លងមក​ដោយបាន​ឧបត្ថម្ភ​ថវិកា ជំរុញ លើកទឹកចិត្ត និង​គាំទ្រ​ប្រជាពលរដ្ឋ ជាពិសេស​ក្រសួង​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ផលិតភាព​ផលិតកម្ម​បន្លែ ដំណាំ ត្រី សាច់​ក្នុងស្រុក​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ជួយ​បង្កើន​ប្រាក់ ចំណូល បង្កើត​ការងារ និង​ឆក់យក​កាលានុវត្តភាព​ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម​កសិកម្ម​ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល ក្នុងខណ​:​ដែល​វិស័យ​មួយចំនួន​កំពុង​ជួប​បញ្ហា​ដោយសារ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ហើយ​ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង​ពី​គ្រប់ភាគី សមិទ្ធផល​ដែល​យើង​កំពុង​ប្រារព្ធ​នា​ព្រឹក​នេះ គឺជា​ជោគជ័យ​មួយ​បន្ថែមទៀត​របស់​ក្រសួង ហើយ លោក​ក៏​សូម​បែងចែក​សមិទ្ធផល​នេះ ជូនទៅ​គ្រប់ភាគី​ពាក់ព័ន្ធ​ផងដែរ​។
​ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា និង​ចុះកិច្ចសន្យា​នាពេលនេះ យកទៅ​សហការ​អនុវត្ត​ឲ្យ​បានល្អ​ត្រឹមត្រូវ ស្នោះ​ត្រង់ ឈរលើ​ស្មារតី​សាមគ្គីភាព ស្វែងរក​ប្រយោជន៍​រួម ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​ជា​គន្លឹះ​មួយចំនួន​ពាក់ព័ន្ធ​ការអនុវត្ត​ខ្លឹមសារ MOU និង​កិច្ចសន្យា ការប្រើប្រាស់​បច្ចេកទេស​កសិកម្ម​ទំនើប ទាន់សម័យ ការរៀបចំ​ចងក្រង​បណ្តុំ​ផលិត ការរៀបចំ​កន្លែង​ប្រមូល​ទិញ និង​ស្តុក​កសិផល ការពង្រីក​ទីផ្សារ ការពង្រឹង​យន្ត​ការផ្តល់​សេវាកម្ម​ត្រួតពិនិត្យ និង​បញ្ជាក់​គុណភាព ផ្តល់​ស្លាក​សញ្ញា ឬ QR Code ការអនុវត្ត​កសិកម្ម​ល្អ និង​ការជួយ​គាំទ្រ និង​ផ្សព្វផ្សាយ​ការបរិភោគ​កសិផល​សុវត្ថិភាព​។​ល​។

​សូម​ជម្រាបជូន​ថា ក្នុង​កម្មវិធី​នេះ​មាន​តំណាង​ក្រុមហ៊ុន​ចំនួន ១០ និង​សហគមន៍​កសិកម្ម​ចំនួន ២ នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​កសិករ តំណាង​បណ្តុំ​អាជីវកម្ម​ចំនួន ១៦ និង​ចុះ MoU ចំនួន ២ សម្រាប់​ការទិញ លក់​កសិផល​សរុប​ជិត ៣ ៤០០ តោន ដែលមាន​តម្លៃ​សរុប​ប្រមាណ ១,៤ លាន​ដុល្លារ មាន​ជាអាទិ៍​៖
I- កិច្ចសន្យា​ចំនួន ១៦ (​បន្លែ ១២ មាន់​សាច់ ០២ ស្វាយ ០១ និង​ឱ​ឡឹ​ក ០១) រួមមាន​៖
១. ក្រុមហ៊ុន​អា​គ្រី​អន និង​បណ្តុំ​អាជីវកម្ម​បន្លែ​ទួល​ត្រពាំង​ស្រស់បំព្រង បន្លែ ៧២០​តោន ថ្លៃ ៣៦០ ០០០​ដុល្លារ​។
២. ក្រុមហ៊ុន Green Fresh Market និង​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​ស្វាយ​ប្រទាល បន្លែ ១៨,៧​តោន ថ្លៃ​១៦ ៣០០​ដុល្លារ​។​
៣. ក្រុមហ៊ុន Bio Market និង​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​ស្វាយ​ប្រទាល បន្លែ ៣,៨​តោន ថ្លៃ ៣ ១៥០​ដុល្លារ​។​
៤. ក្រុមហ៊ុន Natural Garden និង​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព​ពោធិ៍​តាប៉ាង បន្លែ ១៩​តោន ថ្លៃ ១៦ ៧០០​ដុល្លារ​។
៥. ក្រុមហ៊ុន Green Garden និង​បណ្តុំ​អាជីវកម្ម​បន្លែ​ចំប៉ា​ព្រៃ​ផ្តៅ បន្លែ ៦៤,៣​តោន ថ្លៃ ៦២ ៥០០​ដុល្លារ​។​
៦. ក្រុមហ៊ុន​ក​សិ​-​សុវត្ថិភាព និង​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព ក្រចាប់​មានជ័យ បន្លែ ១៨,៦ តោន ថ្លៃ ១៨ ៦០០​ដុល្លារ​។​
៧. ក្រុមហ៊ុន​ក​សិ​-​សុវត្ថិភាព និង​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព សាមគ្គី ភូមិ​ថ្មី​វាលវង់ បន្លែ ១២,៦ តោន ថ្លៃ ១២ ៦០០​ដុល្លារ​។​
៨. ក្រុមហ៊ុន​ក​សិ​-​សុវត្ថិភាព និង​បណ្តុំ​អាជីវកម្ម​បន្លែ​បៃតង​ពង្រ​កង​វ៉ា បន្លែ ៦​តោន ថ្លៃ ៣ ០០០​ដុល្លារ​។​
៩. ក្រុមហ៊ុន​បន្លែ​សុវត្ថិភាព​ខ្មែរ និង​បណ្តុំ​អាជីវកម្ម​បន្លែ​បៃតង គោក​ស្រុក បន្លែ ២៩​តោន ថ្លៃ ៧ ២៥០​ដុល្លារ​។​
១០. ក្រុមហ៊ុន​មាស​បៃតង និង​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព ក្រុង​សែន​មនោ​រម្យ បន្លែ ១៦៤ តោន ថ្លៃ ២០៥ ២៥០​ដុល្លារ​។​
១១. សហគមន៍​កសិកម្ម អម​លាំង និង​បណ្តុំ​អាជីវកម្ម​បន្លែ ភូមិ​ដូន​ទិព្វ បន្លែ ៣៦៥ តោន ថ្លៃ ២៧៣ ៨៦០​ដុល្លារ​។​
១២. សហគមន៍​បន្លែ​ចម្រុះ​ជាយក្រុង​កំពង់ស្ពឺ និង​បណ្តុំ​អាជីវកម្ម​បន្លែ ភូមិ​ទំពូង បន្លែ ៥០,២ តោន ថ្លៃ ៣៧ ៦៨០​ដុល្លារ​។​
១៣. ក្រុមហ៊ុន Green Fresh Market ជាមួយ​បណ្តុំ​អាជីវកម្ម​មាន់​ស្រែ​ល្ងៀង​មានជ័យ មាន់​សាច់ ១​តោន ថ្លៃ ៦ ៥០០​ដុល្លារ​។​
១៤. ក្រុមហ៊ុន Green Garden និង​បណ្តុំ​អាជីវកម្ម​មាន់ មរតក​រុងរឿង មាន់​សាច់​ទម្ងន់ ១៨,៩ តោន ថ្លៃ​១៣៥ ០០០​ដុល្លារ​។​
១៥. ក្រុមហ៊ុន​បន្លែ​សុវត្ថិភាព​ខ្មែរ និង​បណ្តុំ​អាជីវកម្ម​បន្លែ​សុវត្ថិភាព អូរ​ស្វាយ ផ្លែ​ឪឡឹក​សាច់​លឿង ១៨០​តោន ថ្លៃ ៨១ ០០០​ដុល្លារ​។​
១៦. ក្រុមហ៊ុន​អង្គរ Green និង​បណ្តុំ​អាជីវកម្ម​ស្វាយកែវ​រមៀត​សាមគ្គី​តំបែរ ស្វាយ ៩៧​តោន ថ្លៃ ៣០ ៣០០​ដុល្លារ​។​
II- MoU
១. ក្រុមហ៊ុន Green Feed និង​បណ្តុំ​អាជីវកម្ម​ដំឡូង​មី​សូ​ភាស ដំឡូង​មី ១ ០៧៥​តោន ថ្លៃ ៩៤ ០០០​ដុល្លារ​។​
២. ក្រុមហ៊ុន Green Feed និង​បណ្តុំ​អាជីវកម្ម​ដំឡូង​មី ល្វា​លើ ដំឡូង​មី ៥៥០​តោន ថ្លៃ ៤៨ ០០០​ដុល្លារ​៕

អត្ថបទដែលជាប់ទាក់ទង