មហាវិថីថ្មីទទឹង៣០ម៉ែត្រ បណ្តោយផ្លូវជិត៦គីឡូម៉ែត្រចាប់ពីផ្លូវ១០០៣ ដល់មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ស្ថាបនាសម្រេចបានប្រមាណ៧០ទៅ៨០ភាគរយហើយ
ភ្នំពេញ៖ ការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជិត៦គីឡូម៉ែត្រ មានសួនច្បារកណ្តាល ចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអុីអនម៉លសែនសុខ )ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ស្ថាបនាសម្រេចបានប្រមាណ៧០ទៅ៨០ភាគរយហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យមើលការដ្ឋាននេះ នារសៀលថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២១នេះ។
លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា មហាវិថីថ្មីដែលបាននិងកំពុងស្ថាបនាឡើងនេះជាផ្លូវដែលមានការចូលរួមពីសប្បុរជន ដែលបាននិងកំពុងអភិវឌ្ឍលំនៅដ្ឋាននៅតាមបណ្ដោយផ្លូវនេះ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ។
លោកបន្តថា មហាវិថីនេះ ត្រូវស្ថាបនាឡើងជា២ជំហាន ដោយជំហានទី១ ចាប់ពីផ្លូវលេខ១០០៣ រហូតដល់មុខក្រេនភ្នំពេញ និងបន្តពីក្រេនភ្នំពេញរហូតទៅដល់ផ្លូវមហាវិថីឈ្នះឈ្នះដែលមានទទឹង៣០ម៉ែត្រមានសួនច្បារនៅកណ្ដាលជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ ។ ការដ្ឋាននេះ បើគិតមកដល់ពេលនេះសម្រេចបានប្រមាណជា៧០ទៅ៨០ភាគរយហើយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដ្ឋាននេះក៏នៅមានបញ្ហាប្រឈមនៃប៉ះពាល់មួយចំនួនផងដែរ នោះគឺប្រជាពលរដ្ឋប្រមាណ២០០គ្រួសាររស់នៅលើទ្រូងផ្លូវនេះតែម្ដង ។
បញ្ហានេះលោក អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌឬស្សីកែវត្រូវ ធ្វើការដោះស្រាយ បញ្ហានេះឱ្យបានលឿនបំផុត គឺដោះស្រាយឲ្យបានក្នុងរយៈពេលពីរសប្តាហ៍ទៀត។ បើដោះស្រាយមិនចេញត្រូវរាយការបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ទាំង២០០គ្រួសារនេះ រដ្ឋបាលរាជធានីភ្នំពេញមានជម្រើសពីរដើម្បីឲ្យពួកគាត់ធ្វើការជ្រើសរើស ដោយរដ្ឋបាលរាជធានីនឹងដីទំហំ៤,២ម៉ែត្រពីគុណ១៥ម៉ែត្រនៅទីតាំងពីរកន្លែងនោះគឺនៅ7NG ក្នុងខេត្តកណ្តាល (ដែលត្រៀមនិងកាត់ចូលមកភ្នំពេញ) និងនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងខណ្ឌព្រែកព្នៅ។
បន្ថែមពីលើនេះទៀត លោកឃួង ស្រេងក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ចុះពិនិត្យការដ្ឋាននេះឱ្យបានជាប្រចាំនឹងជំរុញឲ្យក្រុមហ៊ុនដែលទទួលការស្ថាបនាមហាវិថីនេះ អនុវត្តអោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវប្រើគ្រឿងចក្រធំៗដើម្បីស្ថាបនាគ្រឹះ។
គួរបញ្ជាក់ថា ការដ្ឋាននេះបានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ដែរ។ មហាវិថីថ្មីនេះ រត់ត្រង់ជួរ ភ្ជាប់មកមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូ ។ ជាប្រភេទ ផ្លូវភ្លោះ មានប្រវែង ៥៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេរកម្រាស់ ២០សង់ទីម៉ែត្រ ។ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រសួនកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេរទិស មាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន៨កន្លែង៕