ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​បក​ស័ក្តិ និង​បណ្ដេញ​អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ

59

 

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចេញ​បទបញ្ជា​ឲ្យ​បក​ស័ក្តិ និង​បណ្តាញ​វរសេនីយ៍ ឯក គឹម ពន្លក អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​ភ្លាម ក្រោយ​ក្រុម​ស្រាវជ្រាវ​រកឃើញថា អធិការ​ស្រុក​រូបនេះ​ពិតជា​បាន​ដោះលែង​មេខ្យល់​នាំ​មនុស្ស ឆ្លងដែន ខុសច្បាប់ ពី​ប្រទេស​ថៃ ចូល​ទឹកដី​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ក្រៅពី​បក​ស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខណ្ឌ បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត និង​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​បន្ត​ចាត់ការ​អនុវត្ត​តាមផ្លូវ​ច្បាប់​ទៀត ដើម្បី​ផ្តន្ទាទោស​ជន​ពុករលួយ​រូបនេះ ដាក់ពន្ធនាគារ​ឲ្យ​ខាន​តែ​បាន ដើម្បី​ជាការ​ព្រមាន​ដល់​ជន​ទាំងឡាយ​ផ្សេងទៀត កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​។​

​ព័ត៌មាន​ដែល​បណ្តាញ​ព័ត៌មាន​ទទួលបាន​ឲ្យ​ដឹងថា លោក គឹម ពន្លក បាន​ទទួលស្គាល់ថា ខ្លួន​ពិតជា​បានទទួល​មុខសញ្ញា​មេខ្យល់​នាំ​មនុស្ស ឆ្លងដែន​ខុសច្បាប់​ពី​កម្លាំង​វរៈ​ការពារ​ព្រំដែន​-៨១៩ ករណី​ទីមួយ​គឺ​មុខសញ្ញា​ផ្តល់​ជំរក​ស្នាក់នៅ​ដល់​ពលករ ដើម្បី​ត្រៀម​ឆ្លងដែន​ខុសច្បាប់​ពី​កម្ពុជា​ទៅ​ថៃ និង​ករណី​ទី​ពីរ​គឺ​មុខសញ្ញា​ពាក់ព័ន្ធ​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ពី​ថៃ​ចូល​កម្ពុជា គេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ប្រាកដ​មែន​។​

​សូម​ជំរាប​ថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានចេញ​សេចក្តីសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង​៕​

អត្ថបទដែលជាប់ទាក់ទង