ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូត​កម្ពុជា​ ប្រាប់​ពលករ​ខ្មែរ កុំឲ្យលួច​ឆ្លងដែន​ត្រឡប់មក​ប្រទេស​វិញ ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក

55

 

​ភ្នំពេញ​៖ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅតាម​បណ្តា​ច្រកព្រំដែន ដែលជា​ហេតុ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បងប្អូន​និង​ក្រុមគ្រួសារ​ផ្ទាល់​ផង និង​បង្ក​ហានិភ័យ​នៃ​ការចម្លង​ចូលក្នុង​សហគមន៍ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បានស្នើ​សុំ​ពលករ​ខ្មែរ​ទាំងអស់ ដែល​កំពុង​នៅ​ប្រទេស​ថៃ កុំឱ្យ​លួច​ឆ្លងដែន​មក​កម្ពុជា ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​សោះ ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​បង្ក​ហានិភ័យ​នៃ​ការចម្លង​ចូលក្នុង​សហគមន៍​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​បាន​បញ្ជាក់ថា ការចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្នើសុំ​បែបនេះ ធ្វើឡើង​ដោយយោង​តាម​អនុសាសន៍ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពាក់ព័ន្ធ​នឹង​ការផាកពិន័យ​លើ​ពលករ​ខ្មែរ ដែល​គេចវេះ មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល​។​

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បានស្នើ​សុំ​បងប្អូន​ពលករ​ខ្មែរ​ទាំងអស់​ចូលរួម​អនុវត្ត​៤​ចំណុច រួមមាន​៖

១) មិនត្រូវ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេស​កម្ពុជា ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ចំពោះ​អាយុជីវិត​បងប្អូន​ផ្ទាល់ និង​អាច​នាំ​ជំងឺឆ្លង​ចូលទៅក្នុង​ប្រទេស​កម្ពុជា​ផង​។​

២) ត្រូវអនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធានការ​សុខាភិបាល​ដោយ​មិនត្រូវ​គេចវេះ​ជាដាច់ខាត បើ​មានការ​ចាំបាច់​ចូល​ប្រទេស​កម្ពុជា​។ ករណី​គេចវេះ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក នឹងត្រូវ​ទទួលពិន័យ​ជា​ប្រាក់ ១ លាន​រៀល ឬ​លើសពីនេះ និង​ទទួល​ការផ្តន្ទាទោស​ព្រហ្មទណ្ឌ​ដូច​មានចែង​នៅក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​។​

៣) ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ដល់​ស្ថានទូត (​នៅ​បាងកក​) ស្ថាន​អគ្គ​កុងស៊ុល (​នៅ​ខេត្ត​សា​កែវ​) ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​មេខ្យល់​ដែល​សន្យា​នាំ​បងប្អូន​ពលករ​ឆ្លងដែន​ចេញ​-​ចូល​ខុសច្បាប់​តាម​បណ្តា​ច្រកព្រំដែន​កម្ពុជា​-​ថៃ​។​

៤) ត្រូវគោរព​អនុវត្ត និង​ចូលរួម​សហការ​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ថៃ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បន្តទៀត​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​មេត្តា​រក្សា​ភាពនឹងនរ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ នេះ​បើតាម​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ថៃ ដោយ​បន្ថែមថា ករណី​បងប្អូន​មាន​បញ្ហា សូម​ទំនាក់ទំនង​មកកាន់​ស្ថានទូត​តាមរយៈ​លេខ​ទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (​ផ្នែក​កុងស៊ុល​) និង ០៩៤ ០៩២៥ ៩០៥ (​ផ្នែក​អនុព័ន្ធ​ការងារ​)៕

អត្ថបទដែលជាប់ទាក់ទង