ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ក្រឡាហោម ស ខេង ណែ​នាំឱ្យ​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ថ្នាក់​រាជធានី​-​ខេត្ត ត្រូវ​ចុះ​បណ្តុះបណ្តាល ដល់​មន្ត្រី​ដែល​បំរើសេវា​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​

40

 

​ភ្នំពេញ ៖ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ថ្នាក់ស្រុក​ត្រូវ​ចុះទៅ​បណ្តុះបណ្តាល ណែនាំ និង​ជួយ​ជ្រុម​ជ្រែង​ដល់​មន្ត្រី​ដែល​បំរើសេវា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ក្នុងនោះ​រួមមាន​៖​ទី​១ មេឃុំ /​ចៅសង្កាត់​, ទី​២ ស្មៀនឃុំ​/ ស្មៀន​សង្កាត់​, ទី​៣ មេ​ប៉ុ​ស្ត៍ /​នគរបាល​ឃុំ​, និង​ទី​៤​មេភូមិ ទាំង​នៅ​ទីក្រុង និង​ជនបទ​។ នេះ​បើតាម​ប្រសាសន៍​លើកឡើង​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ក្នុងឱកាស​នោះដែរ សម្តេច​ក្រឡាហោម ស ខេង បាន​លើកទឹកចិត្ត​ឱ្យ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​រាជធានី -​ខេត្ត​បន្ត​ណែនាំ​ដល់​ក្រុមការងារ​ថ្នាក់ស្រុក​ចុះទៅ​ណែនាំ​ដល់​មេឃុំ /​ចៅសង្កាត់​), ស្មៀនឃុំ /​ស្មៀន​សង្កាត់​, មេ​ប៉ុ​ស្ត៍ /​នគរបាល​ឃុំ​, និង​មេភូមិ​ទាំង​នៅ​ក្រុង និង​ជនបទ​ដែលជា​អ្នកធ្វើការងារ​បំរើសេវា​ដោយផ្ទាល់​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ដោយ​ទង្វើ​ទាំងនេះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត​ហើយនឹង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​។

​សម្តេច​ក្រឡាហោម ស ខេង​បាន​បន្ថែមទៀតថា រាល់​ការជួបប្រជុំ​ណែនាំ​ជាមួយ​មន្ត្រី​បំរើសេវា​សាធារណ​របស់​យើង គឺ​ពុំមែន​ក្នុងន័យ​ស្តីបន្ទោស​នោះទេ ប៉ុន្តែ​ដើម្បី​ធ្វើការ​តម្រង់ទិស​លើកទឹកចិត្ត និង​ជួយ​ជ្រុម​ជ្រែង​ឱ្យ​ការងារ​ពួកគាត់​ធ្វើ​កាន់តែ​ល្អប្រសើរ​ឡើង​។ សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា ការផ្តល់​សេវាសាធារណៈ​បានល្អ គឺ​ស្ថិតនៅក្នុង​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ដែល​ក្នុងនោះ មេឃុំ /​ចៅសង្កាត់​, ស្មៀនឃុំ /​ស្មៀន​សង្កាត់​, មេ​ប៉ុ​ស្ត៍ /​នគរបាល​ឃុំ​, និង​មេភូមិ ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​នូវ​សេវា​ចាំបាច់​ដូចជា​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​, សំបុត្រកំណើត​, សៀវភៅ​គ្រួសារ​, សៀវភៅ​ស្នាក់នៅ​, សំបុត្រអាពាហ៍ពិពាហ៍​, និង​ឯកសារ​សំខាន់ៗ​ជាច្រើន​ទៀត ដូច្នេះ​ការងារ​នេះ​យើង​ពុំ​អាច​បន្ទោស​ពី​ចម្ងាយ​នោះទេ ត្រូវតែ​ធ្វើការ​ផ្ទាល់​ជាមួយ​ពួកគាត់​។​

​ទន្ទឹមនឹងនេះ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​លើកទឹកចិត្ត​ឱ្យ​បន្ថែម​ការយកចិត្តទុកដាក់ លើ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដោយ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវអនុវត្ត​ភារកិច្ច​របស់ខ្លួន​ឱ្យបាន​ល្អ និង​ជាពិសេស​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​នេះ​ឱ្យ​កាន់តែ​ទូលាយ​ថែម​ទៀតផង​៕​

អត្ថបទដែលជាប់ទាក់ទង