ករណីប៉ះទង្គិចគ្នា សមត្ថកិច្ចចាប់ខ្លួន ១១នាក់ នៅស្រុកខ្សាច់កណ្ដាល អាជ្ញាធរអះអាងថា៖ ពួកគាត់រឹងរូស សម្រួលច្រើនលើកហើយមិនស្ដាប់
កណ្ដាល ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់ថា ការចាប់ខ្លួនជនសង្ស័យទាំង ១១នាក់ គឺអនុវត្តតាមនីតិវិធី ។ លោកបន្តថា៖ ករណីទំនាស់ដីធ្លីនោះអាចមានអ្នកនៅពីក្រោយខ្នង ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខផងដែរ។ ជាមួយគ្នានោះ អាជ្ញាធរបានហៅពួកគាត់មកដោះស្រាយច្រើនលើកមកហើយ ថែមទាំងបានជូនដំណឹងទៀតផង ប៉ុន្តែពួកគាត់មិនស្ដាប់។ រហូតទិញប្រេងសាំងដាក់ប៊ីដុងចាក់ដុតតបតជាមួយអាជ្ញាធរដែលកំពុងអនុវត្តនីតិវិធី ជាហេតុនាំឱ្យសមត្ថកិច្ចបង្រាបជនសង្ស័យ។
សូមជម្រាបថា៖ ករណីផ្ទុះការតវ៉ាដ៏កក្រើកនេះ បានកើតឡើងនៅចំណុចផ្លូវ 7NG ក្បែរដំរីស្រុត នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១។
ទន្ទឹមនឹងនោះ ពលរដ្ឋបានអះអាងប្រាប់ថា៖ សមត្ថកិច្ចបានចាប់វាយខ្នោះក្រុមអ្នកតវ៉ាដុតកង់ឡាន និងចាក់សាំងដុត ចំនួន ១១នាក់ យកទៅអធិការស្រុកខ្សាច់កណ្ដាល បាត់ហើយ។
រីឯលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាលបានប្រាប់ថា៖ សមត្ថកិច្ចពិតជាបានឃាត់ខ្លួនពលរដ្ឋ ១១នាក់ប្រាកដមែន គឺអនុវត្តតាមបទបញ្ជា ឯកឧត្ដមអភិបាលខេត្តកណ្ដាល៕